ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យការពារជាតិចិន៖«កិច្ចសហការគ្រប់វិស័យរវាងកម្ពុជា-ចិន គឺបើកចំហ មានតម្លាភាព និងស្របច្បាប់»
01, Jul 2022 , 2:30 pm        
រូបភាព
លោក ថាន់ ខឺហ្វី អ្នកនាំពាក្យក្រសួងការពារជាតិចិន (រូបពីគេទំព័ររបស់ក្រសួងការពារជាតិចិន)
លោក ថាន់ ខឺហ្វី អ្នកនាំពាក្យក្រសួងការពារជាតិចិន (រូបពីគេទំព័ររបស់ក្រសួងការពារជាតិចិន)
ឆ្លើយតបនឹងចោទប្រកាន់ថា ចិន ដាក់មូលដ្ឋានកងទ័ពជើងទឹកនៅកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិចិន បកស្រាយថា អ្វីៗ ដែលកម្ពុជា-ចិន ធ្វើជាមួយគ្នា គឺស្របតាមច្បាប់នៃប្រទេសទាំង២ និងច្បាប់អន្តរជាតិ ហើយគ្មានការគំរាមកំហែងដល់ភាគីណាឡើយ។




ក្នុងសន្និសិទកាសែត កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯកពិសេស ថាន់ ខឺហ្វី (Tan Kefei) អ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានអ្នកកាសែតឈ្លេចសួរពីការចោទប្រកាន់របស់រដ្ឋបរទេសខ្លះ លើករណីចិន សម្ងំកសាងមូលដ្ឋានកងទ័ពជើងទឹកដោយសម្ងាត់ នៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។  
 
លោក ថាន់ ខឺហ្វី ពុំបានឆ្លើយឲ្យចំថា ចិន បានកសាងមូលដ្ឋានសម្រាប់កងទ័ពចិនឈរជើងនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ឬក៏អត់នោះទេ ប៉ុន្តែលោក បានបង្ហាញជារួម អំពីភាពត្រឹមត្រូវលើអ្វីៗដែលកម្ពុជា-ចិន ធ្វើជាមួយគ្នា។ អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ បញ្ជាក់ដូច្នេះថា៖«ចិន និងកម្ពុជា ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង២ គឺបើកចំហ មានតម្លាភាព និងស្របច្បាប់»។ 
 
ជាមួយគ្នានេះ លោក ថាន់ ខឺហ្វី បានរំលេចពីគម្រោងជួសជុលនិងធ្វើឲ្យប្រសើរឡើង នៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់ចិន។ តាមរយៈគម្រោងនេះ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជា បានបើកការដ្ឋានសាងសង់រោងជាងជួសជុល និងផែសំចត នៅមូលដ្ឋានសមុទ្ររាម ក្នុងគោលដៅលើកកម្ពស់សមត្ថភាពបច្ចេកទេសលើវិស័យកងទ័ពជើងទឹកកម្ពុជា។ ពិធីបើកការដ្ឋាននេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងលោក វ៉ាង វិនទៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ 
 
លោកវរសេនីយ៍ឯកពិសេស ថាន់ ខឺហ្វី ថ្លែងថា គម្រោងជុសជុលនិងធ្វើឲ្យប្រសើរឡើងនៅមូលដ្ឋានកងទ័ពជើងទឹករាម កើតចេញពីលទ្ធផលនៃការគោរពគ្នាទៅវិញទៅមក និងការពិភាក្សាគ្នាដោយស្មើភាពរវាងប្រទេសទាំង២។ លោក បន្តថា គម្រោងនេះ ស្របតាមច្បាប់នៃប្រទេសទាំង២ផង និងស្របតាមច្បាប់អន្តរជាតិផង ហើយមិនប្រឆាំងនឹងប្រទេសជាភាគីទី៣ណាមួយឡើយ។ 
 
អ្នកនាំពាក្យក្រសួងការពារជាតិចិន លើកឡើងដោយមិនបញ្ចេញចំឈ្មោះប្រទេសណាមួយថា អ្នកខ្លះ តែងគិតលម្អៀតលើអ្នកដទៃ ដូច្នេះ គ្មានអ្វីដែលគួរឲ្យឆ្ងល់នោះទេ ដែលពួកគេ តែងមើលឃើញអ្វីៗ ជាការខ្វះតម្លាភាព ហើយពួកគេ តែងសង្ស័យលើអ្នកដទៃ ថាប្រឆាំងនឹងពួកគេ។ ​​លោក បង្ហាញការចង់បានរបស់ចិនបែបនេះថា៖«យើង ទទូចឲ្យអ្នកទាំងនោះ បញ្ឈប់ការធ្វើអត្ថាធិប្បាយដែលគ្មានការទទួលខុសត្រូវ ​បញ្ឈប់ការនិយាយបំផ្លើសថា មានការគំរាមកំហែងពីកងទ័ពចិន ហើយផ្ទុយមកវិញ ត្រូវចូលរួមធ្វើកិច្ចការទាំងអស់គ្នា ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់»។ 
 
គួរដឹងថា ការចោទប្រកាន់ជុំវិញករណីចិន កសាងអគារផ្សេងៗ សម្រាប់ឲ្យកងទ័ពចិន ឈរជើងនៅមូលដ្ឋានកងទ័ពជើងទឹករាម ជាទូទៅចេញមកពីសហរដ្ឋអាម៉េរិក ដោយពេលខ្លះចេញពីមាត់របស់មន្រ្តីក្នុងជួងរដ្ឋាភិបាល ពេលខ្លះចេញពីស្ថាប័នស្រាវជ្រាវឯកជន និង ពេលខ្លះចេញពីសារព័ត៌មាន។ ពេលរដ្ឋាភិបាលកម្ពុជា បកស្រាយថា គ្មានកងទ័ពចិនលើទឹកដីកម្ពុជា សហរដ្ឋអាម៉េរិក ក៏ស្ងាត់ទៅវិញ តែមិនស្ងាត់រហូតឡើយ ដោយមួយរយៈក្រោយមក ព័ត៌មានជុំវិញរឿងនេះ ក៏លេចចេញពីសហរដ្ឋអាម៉េរិកមកជាថ្មីទៀត។ ជារួម វិមតិស្ស័យអំពីកងទ័ពចិនលើទឹកដីកម្ពុជានេះ នៅតែជាវិមតិសង្ស័យរបស់អាម៉េរិក៕ 
 

Tag:
 កម្ពុជា
  ចិន
  រាម
© រក្សាសិទ្ធិដោយ thmeythmey.com