កីឡាជាតិ
ជាតិ
ក្លិបបាល់ទាត់នៅកម្ពុជា នៅតែពុំអាចឆ្លងផុតវគ្គជម្រុះនៃពានរង្វាន់បាល់ទាត់ AFC Cup
01, Jul 2022 , 2:59 pm        
រូបភាព
ខ្សែប្រយុទ្ធភ្នំពេញក្រោន Sadat បញ្ជូនបាល់គ្រាប់ទី១ ឲ្យ សំអុល ទីណា ស៊ុតទម្លាយសំណាញ់ទី Young Elphants(ប្រភពPhnom Penh Crown FC)
ខ្សែប្រយុទ្ធភ្នំពេញក្រោន Sadat បញ្ជូនបាល់គ្រាប់ទី១ ឲ្យ សំអុល ទីណា ស៊ុតទម្លាយសំណាញ់ទី Young Elphants(ប្រភពPhnom Penh Crown FC)
ដោយ៖ ហៀក ឆក 

បាល់ទាត់៖ក្រុមបាល់ទាត់នៅកម្ពុជា វិសាខា និងភ្នំពេញក្រោន មិនអាចឆ្លងផុតវគ្គជម្រុះនៃពានរង្វាន់បាល់ទាត់ AFC Cup បានឡើយ ។ ប្រកួតចុងក្រោយភ្នំពេញក្រោន ឈ្នះ Young Elephants ៤-២ ក្នុងវគ្គជម្រុះបញ្ចប់ក្នុងពូល I នាកីឡដ្ឋាន Thong Thatប្រទេសវៀតណាម, ខណៈវិសាខា ចាញ់​ Kedah FC ៥-១ ​ នាកីឡដ្ឋាន Kapten I Wayan Dipta ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។



ផ្ដើមការប្រកួតភ្លាម ក្រុមភ្នំពេញក្រោន បើកការសម្រុកជាខ្លាំង រហូតរកគ្រាប់បើកឆាកមុននៅ នាទី១៣ ដោយខ្សែបម្រើ សំអុល ទីណា ក្រោយបញ្ជូនបាល់ចេញពីខ្សែប្រយុទ្ធ Farred Sadat។ ការវាយបកត្រលប់មកវិញរបស់ក្រុម កូនដំរី Young Elephants ប៉ុនប៉ងជាច្រើនដងតែហាក់គ្មានសំណាងក្នុងការបញ្ចប់ទី។ ឈានដល់ម៉ោងសម្រាកនៃពាក់កណ្តាលវគ្គទី១ ក្រុមកូនដំរី ហាក់មានយុទ្ធសាស្រ្តផ្សេង ដោយនៅចុងម៉ោងនៃវគ្គទី១ ក្រុមពីប្រទេសឡាវមួយនេះ បានរកគ្រាប់បាល់តាមស្មើ១-១ នៅនាទី ៤៥+១ ដោយខ្សែបម្រើ B.Bounkong តែតបាល់បញ្ចូនទី បន្ទាប់ពីការបញ្ជូនបាល់ដោយខ្សែបម្រើប្រយុទ្ធ K.Souvanny។ លទ្ធផលបណ្តោះអាសន្ននៃវគ្គទី១ ភ្នំពេញក្រោន១-១ Young Elephants។
 
ឈានដល់វគ្គទី២ ក្រុមភ្នំពេញក្រោនប្តូរកីឡាករ លឹម ពិសុទ្ធ ចូលជំនួស យឺ សាហ្វី , យឺ មូស្លីម ជំនួសសំអុល ទីណា និងជួន ចាន់ចាវ ចូលជំនួសឈុំ សុខហៃ។  មិនដល់ ២០នាទី ខ្សែបម្រើប្រយុទ្ធរបស់ភ្នំពេញក្រោន លឹម ពិសុទ្ធ រកបាន២គ្រាប់ ពោលនាទី ៥៤ រកបាន១គ្រាប់ បន្ទាប់ពីការបញ្ជូនបាល់ដោយខ្សែប្រយុទ្ធ Farred Sadat និងបន្ថែមគ្រាប់ទី២ សម្រាប់ខ្លួនក្រោយការបញ្ជូនបាល់ដោយខ្សែរប្រយុទ្ធដដែល។
 
នៅនាទី៦៥ ខ្សែប្រយុទ្ធ Farred Sadat ស៊ុតជើងស្តាំបញ្ចូលទីបានសម្រេចដែលជាគ្រាប់ ទី១សម្រាប់ខ្លួនក៏ដូចជាគ្រាប់ទី៤ឲ្យក្រុម។ ២នាទីក្រោយមកក្រុមកូនដំរី បើកការវាយបកមកវិញភ្លាមៗ ដោយខ្សែបម្រើប្រយុទ្ធ K.Souvanny នៅនាទី៦៧។ បញ្ចប់ការប្រកួត ភ្នំពេញក្រោន៤-២ កូនដំរី Young Elephants។
  

គ្រូបង្វឹកភ្នំពេញក្រោនលោក Oleg ឈរបញ្ជារកូនក្រុមលេងក្នុងជំនួបទល់នឹងក្រុម Young Elphants FC(ប្រភពPhnom Penh Crown FC)

ចំណែកក្រុមវិសាខា បរាជ័យនៅប្រកួតចុងក្រោយរបស់ខ្លួនដោយចាញ់ ក្រុមKedah FC ៥-១ នាទឹកដីកណ្តាលប្រទេសឥណ្ឌូណេស៊ី។ 
 
វិសាខា បានឈ្នះពីរប្រកួតមកហើយ ដោយឈ្នះ Bali United ៥-២ និង Kaya FC ២-១ ។ ប៉ុន្តែប្រកួតចុងក្រោយនេះ វិសាខា បានចាញ់ក្រុម Kedah យ៉ាងធ្ងន់ធ្ងរទៅវិញ។ សម្រាប់ពូលG ក្រុម Kedah United ឡើងទៅវគ្គបន្ត។
 
ក្រុមបាល់ទាត់នៅកម្ពុជានៅតែមិនអាចឆ្លងផុតវគ្គជម្រុះក្នុងពូលបាននៅឡើយទេក្នុងព្រឹត្តការណ៍នៃពានរង្វាន់បាល់ទាត់ AFC CUP។
 
គួរំឭកផងដែរ ក្រុមបាល់ទាត់ ភ្នំពេញក្រោន ធ្លាប់បានឡើងមកលេងពាន AFC CUP  ២លើក លើកទី១ នៅឆ្នាំ២០១៧ និងលើកទី២ ឆ្នាំ២០២២ ខណៈក្រុមបាល់ទាត់វិសាខា ក៏ធ្លាប់បានចូលរួម ២លើកដូចគ្នាដោយឆ្នាំ២០២១ និងឆ្នាំ២០២២ នេះ។ ក្លិបបាល់ទាត់នៅកម្ពុជា ដែលធ្លាប់បានចូលរួមប្រកួតពានរង្វាន់ AFC CUP រួមមាន ក្រុមបាល់ទាត់ ណាហ្គាវើលដ៍(២លើក), ក្រុមបឹងកេត(២), ព្រះខ័នរាជស្វាយរៀង(១), វិសាខា(២) និងភ្នំពេញក្រោន(២)៕
 

Tag:
 បាល់ទាត់
  AFC
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com