ជាតិ
សេដ្ឋកិច្ច
តំណាងខុទ្ទកាល័យ ប្រាប់កូដករណាហ្គាវើលដ៍ថា សម្ដេច​ ហ៊ុន សែន មិនទាន់សម្រេចលើញត្តិពួកគេឡើយ
01, Jul 2022 , 3:56 pm        
រូបភាព
ក្រុមបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នា កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ កញ្ញា ឡាយ សុភាវតី
ក្រុមបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នា កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ កញ្ញា ឡាយ សុភាវតី
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ នៅថ្ងែទី ០១ កក្កដានេះ ក្រុមកូដករណាហ្កាវើលដ៏ជាច្រើននាក់ បានទៅសួរនាំជុំវិញញត្តិ ដែលពួកគេបានដាក់ទៅខុទ្ទកាល័យសម្ដេច និងរដ្ឋសភា កាលពីថ្ងៃទី ២០មិថុនា ដើម្បីឱ្យដឹងពីការឆ្លើយតប និងដំណើរការដោះស្រាយ។



ខាងតំណាងខុទ្ទកាល័យសម្ដេច បានចេញជួបក្រុមកូដករណាហ្កាវើលដ៏ ហើយឆ្លើយតបជាមួយពួកគេថា ដំណោះស្រាយមិនបានអាចសម្រេចបាននោះទេ ព្រោះជុំវិញដំណោះស្រាយនោះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអ្នកសម្រេច។
 
«យើងពុំទាន់ដឹងទេ ព្រោះការងារថ្នាក់ដឹកនាំលោករវល់ ហើយថ្ងៃនេះគាត់អត់នៅទេ។ អ៊ឹចឹង ពេលដែលបានដំណឹងដោះស្រាយបែបណា ខ្ញុំនឹងទូរស័ព្ទប្រាប់ ឬអាចទូរស័ព្ទសួរខ្ញុំបាន»។ នេះបើតាមអ្នកតំណាងខុទ្ទកាល័យសម្ដេចបញ្ជាក់ប្រាប់ក្រុមកូដករ។ 
 
បន្ទាប់ពីទទួលបានការឆ្លើយតបពីខុទ្ទកាល័យសម្ដេចរួចហើយ ក្រុមអ្នកតវ៉ាកូដករណាហ្កាវើល ដង្ហែគ្នាទៅរដ្ឋសភាទៀត។ ពេលទៅដល់មុខរដ្ឋសភា សមត្ថកិច្ចមិនអនុញ្ញាតឱ្យពួកគេចូលនោះទេ ដោយស្នើឱ្យតំណាងកូដករណាហ្កាវើលដ៏ ៤នាក់ចូលជួប។ ប៉ុន្តែពួកគេមិនចូលជួបឡើយ ព្រោះកន្លងមក ធ្លាប់ចូលជួបបែបនេះរួចហើយ តែមិនមានដំណោះស្រាយអ្វី។ ម្យ៉ាងទៀត ពួកគេចង់ដឹងពីដំណើរការញត្តិដែលបានដាក់នោះទាំងអស់គ្នា។
 
លោក ផាត សុផាន់ណា ប្រធានក្រុមជំនួយការគណៈកម្មការទី១ នៅរដ្ឋសភា បានលើកឡើងថា ក្រោយពីរដ្ឋសភាទទួលបានញត្តិ ពីក្រុមអ្នកតវ៉ាកូដករណាហ្កាវើលដ៏នោះ គណៈកម្មការរដ្ឋសភាបានប្រជុំ និងពិនិត្យមើលសំណុះរឿង។ បន្ទាប់ពីប្រជុំរួច ប្រធានគណៈកម្មការ បានស្នើសុំគោលការណ៍ពី លោក ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។
 
លោក សុផាន់ណា បន្តថា ក្រោយពេលដែលប្រធានរដ្ឋសភាទទួលបានការស្នើសុំគោលការណ៍រួចហើយ ក៏បានឯកភាព និងឱ្យបញ្ជូនទៅស្ថាប័នជំនាញ ដើម្បីពិនិត្យមើលជុំវិញសំណើររបស់កម្មករនិយោជិតណាហ្កាវើល។
 
«ញត្តិដែលយើងទទួលបាន គណៈកម្មការបានពិនិត្យមើល ប្រជុំ និងបញ្ជូនទៅក្រសួងសមត្ថកិច្ច និងសា្ថប័នពាក់ព័ន្ធរួចហើយ មិនមែនយើងយកមកហើយទុកចោលទេ»។ លោក សុផាន់ណា បញ្ជាក់បែបនេះ។


 
ប្រធានក្រុមជំនួយការគណកម្មការទី១ រដ្ឋសភារូបនេះ បានចេញមកជួបជាមួយក្រុមកូដករណាហ្កាវើលដ៏ ហើយប្រាប់បែបនេះថា លោកនឹងយកការស្នើសុំរបស់ក្រុមអ្នកតវ៉ា ទៅប្រធានគណៈកម្មការបន្ថែមទៀតផងដែរ។
 
សហជីពតំណាងកម្មករណាហ្កាវើលដ៏បានលើកថា អ្វីដែលពួកគេចង់បានពិបាកប្រាកដ គឺគណៈកម្មការរដ្ឋសភា គួតែចេញមកជួបពួកគេ ដើម្បីពិភាក្សាសួរព័ត៌មានលម្អិត ជុំវិញបញ្ហារបស់ពួកគេ។ 
 
«ពួកខ្ញុំមិនដែលបានជួបគណៈកម្មការរដ្ឋសភាសោះ តាំងពីមានវិវាទការងារ ដើម្បីផ្ដល់ព័ត៌មានថា តើពួកគាត់យល់យ៉ាងណា ចំពោះការទាមទាររបស់កម្មករនិយោជិត ហើយគាត់យល់ច្បាស់ទេថា ពួកខ្ញុំចង់បានអ្វី»។ នេះបើតាមកញ្ញា ស៊ីថរ។
 
វិវាទការងាររវាងកម្មករនិយោជិត និងក្រុមហ៊ុននាហ្កាវើលដ៏ បានអូសបន្លាយពេលជាង ១ឆ្នាំ តាំងពីមុនពេលផ្ទុះការធ្វើកូដកម្មនៅថ្ងៃទី ១៨ខែធ្នូ​ ឆ្នាំ២០២១ មក នៅតែពុំមានដំណោះស្រាយ។ ពួកគេទាមទារសុំឱ្យថៅកែទទួលបុគ្គលិក ដែលបានបញ្ឈប់ពីការងារឱ្យចូលធ្វើការវិញ។
 
បុគ្គលិកណាហ្កាវើលដ៍ជាង៣៥០នាក់ ត្រូវបញ្ឈប់ពីការងារ ក្រោមមូលហេតុថា ក្រុមហ៊ុនមានវិបត្តិដោយសារជំងឺកូវីដ-១៩។ មកដល់បច្ចុប្បន្ន នៅសល់បុគ្គលិកប្រមាណ១៧០នាក់ ដែលនៅបន្តតវ៉ាពីការបញ្ឈប់នេះ ខណៈអ្នកផ្សេងទៀត យល់ព្រមទទួលយកការទូទាត់ប្រាក់ដំណាច់ ហើយបញ្ឈប់ការតវ៉ា៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com