អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យជប៉ុនពិភាក្សាពីបញ្ហាប្រវត្តិសាស្រ្តនិងអនាគតរួមគ្នា
01, Jul 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងភរិយា។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល និងភរិយា។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី១ ខែកក្កដា បានជំរុញឱ្យជប៉ុនពិភាក្សាជាមួយកូរ៉េខាងត្បូង បញ្ហាប្រវត្តិសាស្រ្ត និងអនាគតជាមួយគ្នា ដើម្បីអាចដោះស្រាយជម្លោះដែលបានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ កន្លងមក សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាម៉េរិកទាំងពីរ បានឈ្លោះគ្នាជុំវិញបញ្ហាការចាប់បង្ខំកម្លាំងពលកម្ម ​ និងការបំពានផ្លូវភេទក្នុងសម័យសង្រ្គាម។

 
ប៉ុន្មានឆ្នាំចុងក្រោយ កូរ៉េខាងត្បូង បានទាមទារឱ្យជប៉ុនគិតគូរពីសំណងជុំវិញការចាប់បង្ខំកម្លាំងពលកម្ម និងការបំពានផ្លូវភេទលើប្រជាជនកូរ៉េខាងត្បូង ក្នុងសម័យសង្រ្គាមលោកលើកទីពីរ។ បើទោះមានកិច្ចព្រមព្រៀងដោះស្រាយក្ដី បញ្ហាបន្សល់ទុកពីប្រវត្តិសាស្រ្តនេះ នៅតែលងបន្លាចប្រទេសជិតទាំងពីរ។
 
ដោយមើលឃើញការធ្លាក់ចុះទំនាក់ទំនងទ្វេភាគី​រវាងក្រុងសេអ៊ូល និងក្រុងតូក្យូ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី យូន សុកយ៉ល បានអំពាវនាវទៅកាន់ជប៉ុនឱ្យពិភាក្សាបញ្ហាប្រវត្តិសាស្រ្ត និងអនាគតរួមគ្នា ដើម្បីអាចឈានទៅដល់ការដោះស្រាយជម្លោះប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។ 
 
«...បញ្ហាប្រវត្តិសាស្រ្ត និងបញ្ហាអនាគតរបស់ប្រទេសទាំងពីរ គួរតែលើកទៅដាក់លើកតុមួយ និងដោះស្រាយរួមគ្នា»។​ ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅលើយន្តហោះពិសេសចេញពីអេស្ប៉ាញទៅមាតុប្រទេសវិញ។
 
ក្នុងសន្និសីទសារព័ត៌មាននោះ លោក យូន បានបន្តថា ក្រុងតូក្យូ និងក្រុងសេអ៊ូល គួរតែបដិសេធចំពោះចំណាត់ការដែលគ្មានប្រសិទ្ធភាពលើបញ្ហាប្រវត្តិសាស្រ្ត ព្រោះវិធានការបែបនោះ មិនអាចពិភាក្សាពីបញ្ហាបច្ចុប្បន្ន រួមទាំងអនាគត។ បើតាមលោកយូន ប្រទេសទាំងពីរអាចលើកយកបញ្ហាមកពិភាក្សាជាមួយគ្នា ហើយលោកជឿថាបើកូរ៉េខាងត្បូង និងជប៉ុនអាចធ្វើការជាមួយគ្នានៅពេលអនាគត ជម្លោះប្រវត្តិសាស្រ្តក៏អាចដោះស្រាយបានដែរ។ 
 
ការទទូចឱ្យមានការពិភាក្សាលើបញ្ហាប្រវត្តិសាស្រ្ត និងអនាគតពីសំណាក់មេដឹកនាំកូរ៉េខាងត្បូងបែបនេះ ធ្វើឡើងស្របពេលកូរ៉េខាងជើង កំពុងបង្កការគំរាមកំហែង តាមរយៈការសាកល្បងមីស៊ីលជាច្រើនលើក រួមទាំងលទ្ធភាពសាកល្បងនុយក្លេអ៊ែរជាថ្មីផង បើគិតចាប់ពីឆ្នាំ២០១៧។ 
 
គួររំឮកថា បន្ទាប់ពីជំនួបនៅក្នុងក្រុងម៉ាឌ្រីដ លោកយូន បានប្រាប់អ្នកសារព័ត៌មានថា លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន អាចក្លាយជាដៃគូ ក្នុងការដោះស្រាយបញ្ហារវាងប្រទេសជិតខាងទាំងពីរ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕ 
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com