អន្តរជាតិ
សិង្ហបុរី នឹងព្យួរកជនជាតិម៉ាឡេស៊ីម្នាក់ដែលជួញដូរគ្រឿងញៀននៅសប្ដាហ៍ក្រោយ
01, Jul 2022 , 9:29 pm        
រូបភាព
សកម្មជនកាន់បដាប្រឆាំងការប្រហារជីវិត លោក Nagaenthran K. Dharmalingam  ជនអសមត្ថភាពផ្លូវចិត្ត នាពេលកន្លងមក។ រូបភាព៖ Reuters
សកម្មជនកាន់បដាប្រឆាំងការប្រហារជីវិត លោក Nagaenthran K. Dharmalingam ជនអសមត្ថភាពផ្លូវចិត្ត នាពេលកន្លងមក។ រូបភាព៖ Reuters
សិង្ហបុរី នឹងព្យួរកជនជាតិម៉ាឡេស៊ីឈ្មោះ Kalwant Singh ដែលត្រូវបានកាត់ទោសពីបទចរាចរណ៍គ្រឿងញៀននៅសិង្ហបុរីក្នុងឆ្នាំ២០១៦ នៅថ្ងៃទី៧ ខែកក្កដាខាងមុខ។ នេះបើតាមការបញ្ជាក់របស់សកម្មជនសិទ្ធិមនុស្សសិង្ហបុរី។

 
នៅក្នុងឆ្នាំ២០១៦ បុគ្គលឈ្មោះ Kalwant Singh ត្រូវបានតុលាការសិង្ហបុរីកាត់ទោសប្រហារជីវិតពីបទចរាចរណ៍គ្រឿងញៀន។ បុរសជនជាតិម៉ាឡេស៊ីរូបនេះ ត្រូវបានរំពឹងថា នឹងត្រូវព្យួរកនៅថ្ងៃទី៧ ខែកក្កដាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ទាក់ទិននឹងបញ្ហាខាងលើ សកម្មជនសិទ្ធិមនុស្សសិង្ហបុរី លោកស្រី Kirsten Han បានអះអាងថា វាពិតជាអាក្រក់ណាស់ ដែលរដ្ឋាភិបាលសិង្ហបុរី បានពង្រឹងការកាត់ទោសប្រហារជីវិតមនុស្ស បើទោះការស្រាវជ្រាវបានបង្ហាញពីព័ស្តុតាង ដែលការកាត់ទោសប្រហារជីវិត មិនមានប្រសិទ្ធភាពដូចដែលរដ្ឋាភិបាលសិង្ហបុរីធ្លាប់បានការពារ។ 
 
សិង្ហបុរី បានរងការរិះគន់យ៉ាងខ្លាំងជុំវិញការបន្តអនុវត្តទោសប្រហារជីវិត និងត្រូវបានសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ ទទូចឱ្យលុបច្បាប់នេះចោល។ ក្នុងការកាត់ទោសប្រហារជីវិតលោក Nagaenthran K. Dharmalingam ដែលត្រូវបញ្ជាក់ថាពិការភាពផ្នែកគំនិត នៅខែមេសាកន្លងមក ជុំវិញបទល្មើសគ្រឿងញៀននេះដែរ សិង្ហបុរី បានរងការរិះគន់យ៉ាងខ្លាំង។ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បានអះអាងថា ការកាត់ទោសប្រហារជីវិតលើជនអសមត្ថភាព គឺខុសនឹងច្បាប់អន្តរជាតិ។ 
 
បើទោះមានការរិះគន់ជុំវិញការអនុវត្តការកាត់ទោសប្រហារជីវិតក៏ដោយ សិង្ហបុរីនៅតែបន្តអនុវត្តច្បាប់មួយនេះដើម្បីការពារសន្តិសុខក្នុងប្រទេស។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន BBC នៅសប្តាហ៍នេះ រដ្ឋមន្រ្តីយុត្តិធម៌ និងមហាផ្ទៃ លោក K. Shanmugam បានអះអាងថា បុរីរដ្ឋមួយនេះ នឹងបន្តរក្សាការកាត់ទោសប្រហារជីវិត ដោយសារវាមានព័ស្តុតាងបង្ហាញថា ការកាត់ទោសប្រហារជីវិតមានប្រសិទ្ធភាពខ្ពស់ ក្នុងការប្រឆាំងនឹងចរាចរណ៍គ្រឿងញៀននៅក្នុងប្រទេស។ 
 
តាមការបញ្ជាក់របស់លោកស្រី Han អ្នកទោស ៧នាក់ ប្រឈមមុខការកាត់ទោសប្រហារជីវិតក្នុងឆ្នាំនេះ៕ 
 

Tag:
 សិង្ហបុរី
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com