ដោយ៖ហៀក ឆក
ខ្សែការពារអាម៉េរិក Jonny Cambpell រំពឹងបង្ហាញខ្លួនសារជាថ្មីឡើងវិញក្នុងក្របខណ្ឌកំពូលកម្ពុជា ក្នុងនាមជាកីឡាករចំណូលថ្មីរបស់កងយោធពលខេមរភូមិន្ទ (ទ័ព ឬ Tiffy Army) នារសៀលនេះ ក្នុងជំនួបជាមួយក្រុមភ្ញៀវបឹងកេត សម្រាប់ការប្រកួតជុំទីពីរនៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ ២០២២ បន្ទាប់ពីអង្គរថាយហ្គឺរ តទល់ជាមួយម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ។
កងយោពលខេមរភូមិន្ទ (ទ័ព) រំពឹងទទួលបាន៣ពិន្ទុពីក្រុមភ្ញៀវបឹងកេត ដោយក្រុមទាំងពីរនឹងប្រជែងគ្នានៅកីឡដ្ឋានស្តាតចាស់ នាម៉ោង៦ និង៣០ ថ្ងៃសៅរ៍ទី២ ខែកក្កដា នេះ ខណៈខ្សែការពារចំណូលថ្មី Jonny Campbell សន្យាប្រឹងប្រែងជួយក្រុមឲ្យឡើងលើតារាងលីគ។
សម្រាប់ក្តីរំពឹងនេះ លោក ថោង ឧត្តម អ្នកចាត់ការទូទៅក្រុមទ័ព ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រុមរបស់លោកបានត្រៀមរួចរាល់សម្រាប់ការប្រជែងយក ៣ពិន្ទុពីក្រុមភ្ញៀវ បឹងកេត។ «ការត្រៀមខ្លួនជាមួយបឹងកេតនេះយើងត្រៀមខ្លួនបានល្អយើងមានរយៈពេល និងការហ្វឹកហាត់ប្រមូលផ្តុំបានល្អណាមួយកីឡាករដែលគាត់របួសហ្នឹង គឺគាត់បានព្យាបាល ហើយបានចូលហ្វឹកហាត់បានវិញអ៊ីចឹង ជាមួយនឹងកីឡាករថ្មីដែលបាននាំចូល»។ សម្តីអ្នកចាត់ការទូទៅក្រុមទ័ព។
ចំនែកអតីតខ្សែការពារព្រះខ័នរាជស្វាយរៀង Jonny Campbell ដែលបានវិលត្រលប់ពីទឹកដីសហរដ្ឋអាម៉េរិកវិញ និងទើបចុះកិច្ចសន្យាថ្មីជាមួយក្រុមទ័ព បង្ហាញអារម្មណ៍ថា ខ្លួននឹងខិតខំប្រឹងប្រែងដើម្បីជួយក្រុមឲ្យឈរនៅតំបន់ល្អក្នុងតារាង ទោះបីត្រូវជួបក្រុមជាច្រើន ដែលជាក្រុមខ្លាំង ក៏លោកនឹងធ្វើឲ្យអស់ពីសមត្ថភាព។ ខ្សែការពារកណ្តាលរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមបណ្តាញសង្គមហ្វេសប៊ុក ជាសារថា៖
«ខ្ញុំចង់ជួយ ទ័ព ឲ្យឡើងលើតារាង វាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះលីគមានភាពខ្លាំង ហើយពួកគេជាក្រុមខ្លាំង ប៉ុន្តែយើងនឹងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាន»។
ក្រុមទាំងពីរជួបគ្នា៣លើកកន្លងមកដោយ បឹងកេត ឈ្នះ២-០, ១-០ និងចាញ់១-០។ ៣ប្រកួតចុងក្រោយរបស់ទ័ព ចាញ់អង្គរថាយហ្គឺរ ៥-៤ ចាញ់ វិសាខា ៣-០ និងឈ្នះ គីរីវង់សុខសែនជ័យ ៥-១ បច្ចុប្បន្នមាន ៧ពិន្ទុ តាមពីក្រោយបឹងកេតដែលមាន ១៣ពិន្ទុ។ ចំនែក បឹងកេត ចាញ់ទ័ព ១-០ ចាញ់ព្រះខ័នរាជស្វាយរៀង ៤-០ និងចុងក្រោយឈ្នះ អង្គរថាយហ្គឺរ ២-០។ សម្រាប់បឹងកេត ខ្សែប្រយុទ្ធ ចាន់វឌ្ឍនាកា នៅតែអវត្តមានក្នុងជំនួបមួយនេះ។
នៅថ្ងៃដដែលនាវេលាម៉ោង៣ និង៤៥នាទី គីរីវង់សុខសែនជ័យ បើកកីឡដ្ឋាន គីរីវង់ទទួលក្រុមភ្ញៀវអង្គរថាយហ្គឺរ ដើម្បីប្រជែងយក ៣ពិន្ទុសម្រាប់ក្រុម។
ជួបគ្នា៣លើកចុងក្រោយនៃពានរង្វាន់ ខេមបូឌានព្រីមៀរលីគ ក្រុមគីរីវង់ មិនដែលស្គាល់ពាក្យឈ្នះពោល ចាញ់អង្គរថាយហ្គឺរ ២-០ , ៦-១ និងជំនួបចុងក្រោយ ស្មើ ៣-៣ ។ គីរីវង់ ៣ប្រកួតរបស់គេ ចាញ់បឹងកេត ៦-០ ចាញ់កងយោធពលខេមរភូមិន្ទ ៥-១ និងចាញ់ព្រះខ័នរាជស្វាយរៀង ៤-១។ ចំនែកអង្គរថាយហ្គឺរ ឈ្នះកងយោធពលខេមរភូមិន្ទ ៥-៤ ចាញ់ព្រះខ័នរាជស្វាយរៀង ៤-១ និងឈ្នះ ណាហ្គាវើលដ៍ ៤-៣៕