ជាតិ
លោកគ្រូ ឈិត សុភក្ត័៖ ត្រឹមតែគ្រូ និងសិស្ស មិនអាច​សាងធនធាន​សិស្សពូកែបានឡើយ…
02, Jul 2022 , 9:00 am        
រូបភាព
រូបភាពពី ហ្វេសប៊ុក លោក ឈិត សុភក្ត័ គ្រូបង្រៀន អក្សរសិល្ប៍ខ្មែរនៃ វិទ្យាល័យព្រៃព្នៅ ខេត្ត ព្រៃវែង
រូបភាពពី ហ្វេសប៊ុក លោក ឈិត សុភក្ត័ គ្រូបង្រៀន អក្សរសិល្ប៍ខ្មែរនៃ វិទ្យាល័យព្រៃព្នៅ ខេត្ត ព្រៃវែង
សិស្សស្រីនៃ​វិទ្យាល័យ​ព្រៃ​ព្នៅ ក្នុងស្រុកពារាំង ខេត្ត​ព្រៃវែង​ដល់ទៅ​៦នាក់   បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​ទូទាំង​ប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ ដោយ​ក្នុងនោះ​មាន​៤នាក់ ជា​សិស្ស​របស់​លោកគ្រូ ឈិត សុភក្ត័។ បើតាម​គ្រូបង្រៀនវ័យ​៤០ឆ្នាំ រូបនេះ កត្តាជោគជ័យ​កើតចេញពី​ការ​តាំងចិត្ត​រួមគ្នាទាំងគ្រូ ទាំងសិស្ស រួមទាំងគ្រួសារ សហគមន៍ និងអាជ្ញាធរដែនដី។



 សូមលោក-អ្នកនាងអញ្ជើញស្ដាប់បទយកការណ៍ខាងក្រោម

 
លទ្ធផលល្អដែល​សិស្ស​ទទួលបាន​មិន​មែនកើតឡើងដោយ​​ចៃដន្យឡើយ តែ​វា​ជាការខំប្រឹងប្រែងរួមគ្នា។ នេះជាការ​លើកឡើង​របស់​លោក ឈិត សុភក្ត័ គ្រូបង្រៀន​​អក្សរសិល្ប៍ខ្មែរ​ថ្នាក់ទី៩ និងទី១២ នៅវិទ្យាល័យព្រៃព្នៅ ដែលបានរួម​ចំណែក​បណ្តុះបណ្តាលធនធានមនុស្ស​រហូតដល់សិស្សជាប់ជ័យលាភី​មេដាយមាស​ មេដាយប្រាក់ និងមានឈ្មោះជាសិស្ស​ពូកែ​អក្សរសិល្ប៍ខ្មែរទូទាំង​ប្រទេស​ឆ្នាំ២០២២។
 
សូម​បញ្ជាក់ថា ក្នុងឆ្នាំ​២០២២នេះ វិទ្យាល័យព្រៃព្នៅ មាន​វត្តមាន​សិស្សពូកែ​អក្សរសិល្ប៍ខ្មែរ​រហូត​ដល់ទៅ​៦នាក់ ហើយ​សុទ្ធតែជា​សិស្សស្រីទាំងអស់។ ជ័យលាភីទាំងនោះមាន​ ធីម ស្រីពៅ បាន​​មេដាយ​មាស (ចំណាត់ថ្នាក់​លេខ១), ស្រេង ថារ៉ា បាន​​មេដាយ​ប្រាក់(ចំណាត់ថ្នាក់លេខ២) និង​ ជុន កាក់នីកា ជា​ប់ចំណាត់​ថ្នាក់​លេខ​៧សម្រាប់​មុខ​វិជ្ជា​អក្សរសិល្ប៍ខ្មែរថ្នាក់​ទី១២។ ចំណែក​ថ្នាក់ទី៩ មាន ផា ធីតា ​ជ័យ​លាភី​មេដាយ​មាស (ចំណាត់ថ្នាក់​លេខ១), នី ស្រីនិច ជា​ប់ចំណាត់​ថ្នាក់​លេខ​៦ និង​ ថន រតនា ជា​ប់ចំណាត់​ថ្នាក់​លេខ​៧។


 លោកគ្រូ ឈិត សុភក្ត័ ទទួលកម្រងផ្កាពីលោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ។

ចាប់​អាជីពជាគ្រូបង្រៀនថ្នាក់​បឋមនៅ​ឆ្នាំ​២០០២ លោក សុភក្ត័ ​បាន​វិវត្តខ្លួន​ជាគ្រូ​​វិទ្យាល័យ​ពី​ឆ្នាំ២០០៩ រហូតមក​ដល់​បច្ចុប្បន្ន ហើយ​ក្នុងចំណោមសិស្ស​ពូកែទាំង​៦រូបនៅឆ្នាំនេះ មាន​៤រូបជាសិស្ស​របស់លោកផ្ទាល់។ ​លទ្ធ​ផល​របស់​សិស្ស​ទាំង​៦រូប បាន​ធ្វើ​ឱ្យ​លោកគ្រូ​ ឈិត សុភក្ត័ មាន​ក្ដី​រំភើប​រីករាយ ចំពោះសិស្ស​ទាំង​នោះ​ដែល​បាន​នាំ​កិត្តិយសជូន​​វិទ្យាល័យព្រៃព្នៅ​​ទាំង​មូល។
 
ក្នុង​បទសម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗតាម​ទូរសព្ទ​ គ្រូ​បង្រៀនដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃ​វែងរូបនេះ ប្រាប់​ពី​កត្តាសំខាន់​នាំ​ឱ្យ​ទទួល​បាន​ជោគជ័យ​យ៉ាងដូច្នេះ៖ «លក្ខណៈពិសេសដែល​យើង​អាច​ទទួល​បាន​នូវ​មេដាយ​ និង​ជ័យ​លាភី​ជាបន្ត​បន្ទាប់នេះ គឺពាក់ព័ន្ធ​នឹង​កត្តា​ចំនួន​៦ គឺកត្តា​គ្រួសារ សាលា​រៀន សហគមន៍​ គ្រូ​បង្រៀន សិស្ស និង​អាជ្ញាធរ​ដែនដី»។ ក្រៅ​ពី​កត្តាសំខាន់ៗ​​ខាង​លើ នៅ​មាន​កត្តា​២បន្ថែម​ទៀត ដែលមិនអាចខ្វះបាននោះ គឺ​កត្តា​សិស្ស និង​កត្តា​គ្រូ​បង្រៀន។ 


 លោកគ្រូ ឈិត សុភក្ត័ និងភរិយា ដែលជាគ្រូបង្រៀននៅវិទ្យាល័យព្រៃព្នៅជាមួយគ្នា។

«កត្តាសិស្ស ដើម្បី​ក្លាយជា​សិស្ស​ពូកែ​ខ្មែរ ទាមទារឱ្យសិស្ស​មាន​ឧបនិស្ស័យ ​​ត្រូវ​មាន​ការ​តាំង​ចិត្ត ការ​ប្តេជ្ញាចិត្ត​ខ្ពស់​​ ការ​ខិត​ខំប្រឹងប្រែង ការស្វ័យ​សិក្សាស្រាវជ្រាវ ការ​ហ្វឹក​ហាត់ មាន​ចំណេះដឹង​ទូទៅ និង​​ត្រូវ​មាន​គំនិត​សុទិដ្ឋិនិយម។ ​​បើសិន​សិស្ស​មិន​មាននូវ​កត្តា​ខាង​លើ​នេះ​ទេ​​ យើង​ពិបាក​បង្ហាត់​បង្រៀន​ និង​បណ្ដុះ​បណ្ដាល​សិស្ស​ឱ្យ​គាត់​ទទួលបាន​ជោគជ័យណាស់ ទោះបី​គ្រូ​មាន​បទពិសោធន៍ និងចំណេះដឹងខ្ពស់​ក៏​ដោយ។ ​ចំពោះ​កត្តា​គ្រូវិញ ក្នុង​ការ​បង្ហាត់​បង្រៀន​សិស្ស​ពូកែនេះ មិន​ចាំ​បាច់​ទាល់តែ​គ្រូ​មាន​ចំណេះខ្ពស់​នោះទេ គ្រាន់តែ​មាន​សមត្ថ​ភាព​សម្រប​សម្រួល​ជាមួយ​កិច្ច​ការ​សិស្ស​បាន​ គឺ​ជា​ការ​ប្រពៃ​ហើយ​បាទ»។ នេះ​ជា​ការ​លើក​ឡើងរបស់​គ្រូ​បង្រៀន​ ឈិត សុភក្ត័ ដោយ​បន្តថា គ្រូ​បង្រៀន​ត្រូវការ​ការ​តាំង​ចិត្ត ការ​ប្ដេជ្ញា​ខ្ពស់​ដូចសិស្សដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ឱ្យ​សិស្ស​ទទួល​បាន​ជ័យ​លាភី​ និង​ត្រូវ​មាន​ការ​ជំរុញ​លើកទឹកចិត្ត​ដល់​សិស្ស​ ពិសេសគ្រូ​ខ្លួនឯង ត្រូវ​ចេះ​ស្វ័យ​សិក្សា​ស្រាវជ្រាវ និង​ពង្រឹងចំណេះបន្ថែម។ 
 
លោកគ្រូ ឈិត សុភក្ត័ ថតជាមួយសិស្សពូកែរបស់វិទ្យាល័យព្រៃព្នៅ នៅមុខវិទ្យាល័យ១០មករា១៩៧៩ នាខេត្តសៀមរាប។

​បើតាម​លោក ឈិត សុភក្ត័ នេះមិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ ក្នុងការ​​ជំរុញ​ឱ្យ​សិស្ស​ក្លាយ​ជា​សិស្ស​ពូកែ​។ គ្រូ​បង្រៀន​អក្សរសិល្ប៍ខ្មែររូបនេះ តែង​ប្រើ​វិធីសាស្រ្ត​លួង​លោម និង​បញ្ចុះ​បញ្ចូលសិស្ស​ឱ្យ​ចាប់​អារម្មណ៍ និង​មាន​ចំណង់​លើ​មុខ​វិជ្ជាខ្មែរ។
 

ដើម្បី​ក្លាយជា​សិស្សពូកែ​អក្សរសិល្ប៍ខ្មែរ ត្រូវសម្រិតសម្រាំងសិស្សតាំងពីថ្នាក់​ក្រោម
 
ការប្រឡង​សិស្សពូកែត្រូវ​បាន​រៀបចំសម្រាប់​តែ​សិស្ស​ថ្នាក់ទី​៩-១២ ប៉ុណ្ណោះ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ជា​រៀងរាល់ឆ្នាំ។ មុននឹង​​ក្លាយជា​ជ័យ​លាភី​ថ្នាក់ជាតិទូទាំង​ប្រទេស សិស្សានុសិស្ស​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល ដោយ​រាប់ចាប់ពី​ការ​ប្រឡង​សិស្ស​ពូកែ​នៅ​ក្នុង​វិទ្យាល័យ, ​ការប្រឡង​ថ្នាក់ស្រុក ថ្នាក់រាជធានី-ខេត្ត និង​ថ្នាក់ជាតិទូទាំងប្រទេស ដែល​ប្រមូល​ផ្ដុំសិស្ស​ពូកែ​មកពី​២៥រាជធានី-ខេត្ត។ 
 
ពិតណាស់​ ដើម្បី​ក្លាយ​ខ្លួន​ជា​សិស្សពូកែ​ទូទាំង​ប្រទេស​នៅ​ថ្នាក់ទី៩-១២ គឺ​មិន​អាច​ភ្លេចគ្រឹះ​ពី​ថ្នាក់​ក្រោម​បាន​នោះឡើយ។ «នៅ​ពេល​ដែល​សិស្ស​ចង់​ប្រឡង​អក្សរសិល្ប៍ខ្មែរ​ទូទាំងប្រទេស​ គឺត្រូវ​ការ​ការ​សម្រិតសម្រាំងណាស់។ មិន​អាច​បំភ្លេច​បានទេ អំពី​មូលដ្ឋាន​គ្រឹះ​នៅ​ថ្នាក់ទី​៧-៨ និងថ្នាក់ទី១០-១១។ ចំណែកលោក​គ្រូ​អ្នក​គ្រូ​ នៅ​ថ្នាក់ទី​៩-១២ គ្រាន់តែជា​អ្នក​​ចាំ​សម្រួច ចាំ​តម្រង់ ​កែ​តម្រូវ តុបតែងលម្អ និង​ចម្រាញ់​ចុង​ក្រោយ​ប៉ុណ្ណោះ។ ប៉ុន្តែ​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៅ​ថ្នាក់​ទី​៩-១២នោះ គឺបានមក​ពី​ថ្នាក់ទី​៧-៨ និងថ្នាក់ទី១០-១១។ ប្រ​សិន​បើ​លោក​គ្រូ​អ្នក​គ្រូ​ចង់​ឱ្យ​សិស្ស​របស់​ខ្លួន​ក្លាយ​ជា​សិស្ស​ពូកែ​ ដូច្នេះ​ត្រូវ​មាន​ការ​ចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ​ដូច​សាលា​ខ្ញុំអ៊ីចឹង»។ លោកគ្រូ ឈិត សុភក្ត័ រៀប​រាប់បែបនេះ ដោយ​បន្ថែមថា លោកគ្រូ​អ្នក​គ្រូ​ដែល​បង្រៀន​នៅ​ថ្នាក់​ទី​៧-៨ និងថ្នាក់ទី១០-១១  តែង​​យក​ចិត្ត​ទុកដាក់​ ​និង​បញ្ចូន​មក​ឱ្យ​លោក​ជាអ្នក​តុបតែង កែច្នៃ​ដុំ​ពេជ្រនេះ​ ដើម្បី​​សម្រិតសម្រាំងទៅ​ប្រកួត​ប្រជែង។ 
 
បើតាម​គ្រូបង្រៀនជនបទរូបនេះ ការអធិប្បាយខាងលើ ​ជា​​មូលដ្ឋានគ្រឹះ​​ដែល​លោកគ្រូអ្នក​គ្រូ​មិនអាច​មើល​រំលងបាន។ ក្រោយ​សម្រិត​សម្រាំង​សិស្សរួច​មក លោក ឈិត​ សុភក្ត័ បាន​ឆ្លៀត​ពេល​ចុង​សប្ដាហ៍ ដើម្បី​បំប៉ន​ដល់​សិស្សពូកែទាំងនោះ​​ដោយ​ឥត​គិត​ថ្លៃ​​។​
 
លះបង់ពេល​វេលាជាមួយគ្រួសារ ដើម្បី​បំប៉ន​សិស្សបន្ថែម

ដើម្បី​ធ្វើ​ឱ្យ​សិស្ស​មាន​ឱកាស​ជាប់​ជា​សិស្ស​ពូកែ​ថ្នាក់ជាតិ លោកគ្រូ ឈិត សុភក្ត័ បាន​ចំណាយ​ពេល​វេលាជាច្រើន​ជួយសិស្ស តាម​រយៈ​ការ​​បង្រៀន​​ក្នុង​ថ្នាក់ និង​បំប៉នបន្ថែម​​នៅ​ចុង​សប្ដាហ៍។ ក្ដី​ស្រឡាញ់ដែលមានសម្រាប់​មុខវិជ្ជា​អក្សរសិល្ប៍ខ្មែរផង និង​ចង់ឱ្យ​សិស្សនៅ​ខេត្ត​ព្រៃវែងទទួល​បាន​លទ្ធផល​ល្អផង បាន​ធ្វើ​ឱ្យ​គ្រូបង្រៀន​​រាង​ស្ដើង និងពាក់វ៉ែនតារូបនេះ ជម្នះបញ្ហា ហើយសម្ភីបង្រៀន​ទាំង​ព្រឹក​ និង​ថ្ងៃ ដើម្បី​ពង្រឹង​សមត្ថភាព​សិស្ស​។ 
 
គ្រូ​បង្រៀន​ ឈិត សុភក្ត័ អះអាងដូច្នេះ៖ «ការ​បំប៉ន​នេះ​សម្រាប់​តែ​សិស្ស​ពូកែ​ប៉ុណ្ណោះ​ ដើម្បី​សម្រួច​សមត្ថ​ភាព​របស់​គាត់ ​តាម​រយៈ​ការ​បំប៉ន​បន្ថែម​រៀង​រាល់​ថ្ងៃ​សៅរ៍អាទិត្យ។ យើង​បំប៉ន​សមត្ថភាព​គាត់បណ្ដើរ យើង​លើក​ទឹក​ចិត្ត​គាត់ និង​​​បណ្ដុះ​នៅការស្រឡាញ់ បណ្ដុះ​ពី​គុណ​តម្លៃ​ដែល​ក្លាយ​ជា​សិស្ស​ពូកែ​ផ្នែក​អក្សរសិល្ប៍ខ្មែរ ដែលមាន​តម្លៃ​យ៉ាង​ធំ​ធេង​សម្រាប់គ្រួសារ សង្គម​ជាតិ និង​សាលារៀន​»។
 
ចុងសប្ដាហ៍ ដែល​ជាពេលទំនេរ​សម្រាប់​ផ្ដល់​ឱ្យគ្រួសារ និងជា​ពេល​សម្រាក​ផ្ទាល់ខ្លួន បែរ​ក្លាយ​ជា​ថ្ងៃ​ដ៏រវល់សម្រាប់​​​លោកគ្រូ ឈិត សុភក្ត័ ទៅវិញ។ ការ​ចំណាយ​ពេល​ដ៏​ច្រើន​លើស​លប់​ជា​មួយ​សិស្សានុសិស្ស​ ក៏​ធ្លាប់​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​លោក អាក់អន់ស្រពន់ចិត្តផងដែរ។ លោក រំឭកយ៉ាងដូច្នេះ៖ «​ថ្ងៃ​សៅរ៍អាទិត្យ​ ដែល​គ្រួសារ​គាត់​ទៅ​លេង​ស្រុក​ ឬ​ទៅ​ដើរ​លេង​កម្សាន្ត ខ្ញុំ​មិន​សូវ​ដែល​មាន​​ពេល​វេលា​ជូន​ក្រុម​គ្រួសារ​កូនចៅទៅ​ដើរ​លេង​កម្សាន្ត​ទេ​ ដោយសារ​តែ​ជាប់​ភារកិច្ច​ ណាមួយមាន​ចិត្តស្រឡាញ់ និងភ័យ​ព្រួយ​ខ្លាច​សិស្ស​សាលា​ទាំង​មូល​ធ្វើមិនបាន។ ហើយគ្រួសារ​របស់​ខ្ញុំក៏​ធ្លាប់​និយាយលេងថា គិតតែរឿង​បង្រៀន​ច្រើនជាង​សេចក្ដី​សុខ​ក្នុង​ក្រុម​គ្រួសារ​»។
 
ការ​លះបង់​របស់​គ្រូ​បង្រៀនខ្មែរ​ម្នាក់នេះ គឺ​ដើម្បីផ្ដល់​ជូន​សិស្ស​ដែល​ស្រឡាញ់​មុខវិជ្ជា​អក្សរសិល្ប៍ខ្មែរ និង​ដើម្បី​កិត្តិយស មុខ​មាត់​ សាលារៀន ឃុំស្រុកខេត្តព្រៃវែងទាំងមូល។ តាមរយៈ​ការ​លះបង់ខាងលើ បាន​ផ្ដល់​ផល​វិជ្ជមាន​ដល់​លោកគ្រូ ឈិត សុភក្ត័ ជាពិសេស​​ធ្វើ​ឱ្យ​ភរិយាដែលជា​គ្រូបង្រៀនខ្មែរផងនោះ សប្បាយចិត្តចំពោះ​ការខិតខំប្រឹងរបស់ស្វាមីដែល​បង្រៀនសិស្សឱ្យជាប់​ជាសិស្សពូកែខ្មែរទូទាំងប្រទេស។​ 
 
«នៅ​ពេល​យើង​ទទួល​បាន​លទ្ធផល​ល្អ​ គ្រួសារ​របស់​ខ្ញុំ​លែង​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​រឿងពេល​វេលា​ទៀតហើយ។ គាត់មាន​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ​ឱ្យ​ខិត​ខំ​ប្រឹងប្រែងបន្ថែម។ ភរិយាខ្ញុំ​គាត់​រំភើប​ចិត្ត​មែន​ទែន រំភើប​ចិត្ត​នូវ​​អ្វី​ដែលខ្ញុំបាន​ប្រឹងប្រែង​ និង​​រំភើប​ចិត្ត​ជំនួស​សិស្ស​ដែល​ទទួល​បាន​ជ័យ​លាភី។ តាំងពីពេលនោះមក ភរិយាខ្ញុំ​បាន​ចំណាយ​ថវិកាផ្ទាល់ខ្លួន ​ទាំង​សម្ភារ និង​ឯកសារដល់​សិស្សទៀតផល»។ នេះ​ជា​ការ​បរិយាយទាំងក្ដី​រីករាយរបស់លោកគ្រូ សុភក្ត័។
 
លទ្ធផលល្អរបស់សិស្សច្បង ជាគំរូដល់​សិស្សប្អូននៅវិទ្យាល័យ​ព្រៃ​ព្នៅទាំងមូល
 
ចាប់តាំង​ពី​ក្រសួ​ង​អប់រំ យុវជន និង​កីឡា ​ធ្វើ​កំណែ​ទម្រង់ការប្រឡងមក ​សិស្ស​វិទ្យាល័យ​ព្រៃព្នៅ​បាន​ឱហាតសិក្សាដើម្បី​ទទួលបានលទ្ធផលល្អ។ ជារួម​វិទ្យាល័យ​ព្រៃព្នៅ តែង​មាន​សិស្ស​ជាប់ជ័យ​លាភី​សិស្ស​ពូកែ​ទូទាំងប្រទេស ចាប់ពីឆ្នាំ​២០១៥​រហូត​ដល់​បច្ចុប្បន្ន។
 
បច្ច័យជា​​វិជ្ជមាន​នេះហើយ បាន​ផ្ដល់​ជា​គំរូដល់​សិស្សជំនាន់ក្រោយ ឱ្យចូលរួម​កសាង​កេរ្តិ៍ឈ្មោះ​សម្រាប់​វិទ្យាល័យ​របស់​ពួកគេ។ លោក​គ្រូ ឈិត សុភក្ត័ បន្ត​អភិប្រាយរាយរាប់ទាំងក្ដី​ត្រេកអរថា៖ «ក្រោយសិស្សរបស់យើង​ជាប់​សិស្សពូកែដំបូង ចាប់ពីឆ្នាំ​២០១៥មក បាន​ធ្វើ​ឱ្យ​សន្ទុះ​​នៃ​ការ​សិក្សា​រៀន​សូត្រ​គឺខ្លាំងជាងមុន​​ ព្រោះ​សិស្ស​​យល់​ពី​តម្លៃ​នៃ​ការ​សិក្សា​រៀន​សូត្រ​ ដែល​បាន​មើល​ឃើញ​ពី​ការ​ខំប្រឹង​របស់​រាម​ច្បង​របស់គាត់។ ប្រសិន​បើ​គ្មាន​សិស្ស​ច្បង​ត្រួសត្រាយ​ទេ​ ក៏​ប្អូន​ៗ​មិនមាន​ចិត្ត​តស៊ូ​រហូត​បានជោគជ័យ​នៅ​ថ្ងៃ​នេះ​ដែរ។ សមិទ្ធផលទាំងនេះ បាន​ចូលរួម​យ៉ាង​សំខាន់​អំពី​បងៗដែលជា​សិស្ស​ច្បង​»។


 សិស្សពូកែអក្សរសិល្ប៍ខ្មែរថ្នាក់ទី៩-១២ របស់វិទ្យាល័យព្រៃព្នៅ ដែលប្រឡងជាប់សិស្សពូកែទូទាំងប្រទេស ប្រចាំឆ្នាំ២០២២។
 
កំណើន​សិស្ស​ពូកែ​ និង​សិស្ស​និទ្ទេសA នៅ​វិទ្យាល័យ​ព្រៃព្នៅ បានធ្វើ​ឱ្យ​មានកើនឡើងនូវចំនួនសិស្សផ្ទេរចូលរៀនក្នុង​គ្រឹះស្ថានអប់រំដ៏ល្បីល្បាញនៅឃុំព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែងមួយនេះ។ លើសពីនេះ ក៏​បាន​​ផ្ដល់ផល​លំបាក​ដល់វិទ្យាល័យនេះ ដោយ​សារខ្វះបន្ទប់សិក្សាផងដែរ។ បច្ចុប្បន្នវិទ្យាល័យ​ព្រៃ​ព្នៅ មាន​សិស្ស​សិក្សា​ជិត​២ពាន់នាក់ ខណៈ​បន្ទប់សិក្សា​មាន​ត្រឹម​១៦​បន្ទប់​ប៉ុណ្ណោះ។ បើតាម​គ្រូ​បង្រៀន​អក្សរសិល្ប៍​ខ្មែររូបនេះ កំណើនសិស្ស និង​ការ​ខ្វះខាត​អាគារសិក្សា បាន​បង្ខំឱ្យ​សិស្ស​មួយ​ចំនួន​ត្រូវសិក្សា​នៅតាម​សំយាបផ្ទះ​ពលរដ្ឋ​ដែល​នៅជិតនោះ។
 
លោក សុភក្ត័ រៀបរាប់ពី​បញ្ហា​ដែល​សិស្សានុសិស្ស និងគ្រូបង្រៀន​កំពុង​ប្រឈម​បែបនេះ៖ «បញ្ហា​ដែល​វិទ្យាល័យ​ព្រៃ​ព្នៅ​ជួប​ប្រទះ​ការខ្វះខាតគ្រូបង្រៀន និង​ខ្វះ​អាគារ​សិក្សា ដែល​ធ្វើ​ឱ្យ​ការ​រៀន និងការ​បង្រៀនមានការ​​លំបាកណាស់​​។ យើង​ខ្ចីសំយាបផ្ទះពលរដ្ឋ​ ទៅ​បង្រៀន​នៅទីនោះ​​ ដើម្បី​បង្រ្គប់ថ្នាក់។ ថ្នាក់ខ្លះ​មានសិស្ស​រៀនដល់​ជិត៧០នាក់​ឯណោះ ដែលខុសពី​​កម្មវិធី​អប់រំ​របស់​ក្រសួង»។ 
 
គ្រូបង្រៀនដែល​មាន​បទពិសោធន៍២០ឆ្នាំក្នុង​អាជីពជាគ្រូរូបនេះ ស្នើដល់​នាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ និង​អ្នក​ពាក់ព័ន្ធ​ជួយ​សាងសង់អាគារសិក្សា​បន្ថែម​ដល់​វិទ្យាល័យ​ព្រៃព្នៅ ដើម្បី​ផ្ដល់​ការ​អប់រំ​ដល់​សិស្ស​នៅក្នុង​តំបន់នោះ​បន្ថែមទៀត៕
 

Tag:
 វិទ្យាល័យ​ព្រៃ​ព្នៅ
  ព្រៃវែង​
  អប់រំ
  សិស្ស​ពូកែ​
© រក្សាសិទ្ធិដោយ thmeythmey.com