ជាតិ
សង្គមជាតិ
យុវជនល្ខោនខោលកម្ពុជា នឹងរៀបចំ«សម្តែងសិល្បៈនារដូវវស្សា» ចាប់ពីខែកក្កដា-វិច្ឆិកា
02, Jul 2022 , 10:40 am        
រូបភាព
រូបភាពពី៖ ទំព័រហ្វេសប៊ុក យុវជនល្ខោនខោលកម្ពុជា
រូបភាពពី៖ ទំព័រហ្វេសប៊ុក យុវជនល្ខោនខោលកម្ពុជា
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ យុវជនល្ខោនខោលកម្ពុជា សហការជាមួយសាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី  «សម្តែងសិល្បៈនាវដូវវស្សា» ចំនួន៤ លើក ចាប់ពីខែកក្កដា ដល់ខែ វិចិ្ឆកា ឆ្នាំ២០២២។  ការរៀបចំកម្មវិធីនេះ គឺដើម្បីថែរក្សា អភិរក្ស  និងផ្សព្វផ្សាយសិល្បៈខ្មែរគ្រប់ទម្រង់ឱ្យកាន់តែទូលំទូលាយ ដល់សាធារណជន ជាពិសេស យុវជន ឱ្យចូលរួមស្រឡាញ់ និងបន្តអភិរក្ស។ ទស្សនិកជន អាចចូលទស្សនា ដោយឥតបង់ថ្លៃ នៅសាលាមធ្យមវិចិត្រសិល្បៈ។

 
កម្មវីធី «សម្តែងសិល្បៈនារដូវវស្សា» នឹងបង្ហាញពីការសម្តែងសិល្បៈចម្រុះ របស់សិស្ស និងគ្រូ ដើម្បីជាការតបស្នងដល់ឪពុកម្តាយ ឬអាណាព្យាបាល ដែលបញ្ចូលកូនមកហាត់រៀនជំនាញសិល្បៈខ្មែរ ឱ្យក្លាយជាអ្នកបន្តវេន។ កម្មវិធីនេះ នឹងបើកឱ្យទស្សនិកជន ចូលរួមទស្សនាដោយសេរី ដែលមានប្រព្រឹត្តទៅចំនួន ៤លើក ចាប់ពីខែ កក្កដា ដល់ខែ វិច្ឆិកា  ដើម្បីស្វែងយល់ និងស្គាល់កាន់តែច្បាស់អំពី សិល្បៈវប្បធម៌ជាតិ។
 
ការសម្តែងលើកទី១ នឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែកក្កដា ដោយមានការសម្តែងដូចជា របាំជូនពរ របាំក្ងោកសិល្ប៍ សៀកត្រែបាល់ ល្ខោនយីកេ ​និងល្ខោនខោល ឈុត កុម្ភិកាទប់ទឹក។ចំណែក ការសម្តែងលើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា ដែលមានការសម្តែងដូចជា តូរ្យតន្រ្តីចាប៉ីដងវែង របាំសកវាទ៍ របាំក្រមា ល្ខោននិយាយ និងល្ខោនខោល ឈុតចម្បាំងទូកី។ 
ការសម្តែងលើកទី៣ នឹងប្រព្រឹត្តឡើងនៅ ថ្ងៃទី២៩ ខែតុលា ដែលមានការសម្តែងនូវ របាំអប្សរាកូរសមុទ្រទឹកដោះ របាំគោះត្រឡោក ល្ខោនបាសាក់ និងល្ខោនខោល ឈុត កំហឹងហនុមាន និងការសម្តែងលើកទី៤ គឺធ្វើនៅថ្ងៃទី២៨ ខែវិច្ឆិកា នឹងមានការសម្តែង ចម្រៀងមហារី និងប្រពៃណី របាំបេះក្រវាញ និងការសម្តែងចុងក្រោយគឺល្ខោនខោល ឈុត ថលតយ័ន្ត។
 
លោក ម៉ូ ខុន ច័ន្ទសិទ្ធការ្យ ប្រធានយុវជនល្ខោនខោលកម្ពុជា សង្ឃឹមថា យុវជន យុវតី និងបងប្អូន បានមកចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីបង្ហាញពីការរួមគ្នាជ្រោមជ្រែងភាពថ្កុំថ្កើងនៃវប្បធម៌ខ្មែរ។ បើតាម លោក ម៉ូ ខុន ច័ន្ទសិទ្ធការ្យ ការសម្តែងចុងក្រោយលើកទី៤ នៅថ្ងៃទី២៨ ខែវិច្ឆិកា នឹងរៀបចំការសម្តែង ល្ខោនខោល ឈុតធំ ដើម្បីអបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដោយអង្គការ យូណេស្កូ នៅថ្ងៃ ២៨វិច្ឆិកា ឆ្នាំ២០១៨។
 
សូមជម្រាបថា សាលាមធ្យមវិចិត្រសិល្បៈ និងយុវជនល្ខោនខោលកម្ពុជា ដែលគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរៀបចំព្រឹត្តិការណ៍សិល្បៈជាច្រើនលើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦ គឺបានរៀបចំការសម្តែង លោ្ខនខោល ឈុត ថលតយ័ន។ ព្រឹត្តិការណ៍ ផ្ទះសិល្បៈ និងតាំងពិព័រណ៍ស្នាដៃសិល្បៈ បានរៀបចំចំនួនពីរលើករួចមកហើយ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨៕
 
 
 
 

Tag:
 សិល្បៈ
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com