អន្តរជាតិ
លោក ស៊ី ជិនភីង ជំរុញឱ្យកងទ័ពចិនប្រចាំនៅហុងកុងការពារសន្តិសុខជាតិ
02, Jul 2022 , 11:17 am        
រូបភាព
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព៖ Xinhua
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព៖ Xinhua

ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១ ខែកក្កដា បានជំរុញឱ្យកងទ័ពរំដោះប្រជាជនចិនប្រចាំការនៅបន្ទាយក្នុងក្រុងហុងកុង ការពារសន្តិសុខជាតិ និងថែរក្សាវិបុលភាពនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។ 



បន្ទាប់ពីចូលរួមក្នុងខួបលើកទី២៥ ដែលអង់គ្លេសប្រគល់ដែនដីហុងកុងឱ្យចិន លោក ស៊ី ជិនភីង ប្រធានាធិបតីចិន បានធ្វើទស្សនកិច្ចនៅបន្ទាយកងទ័ពរំដោះប្រជាជនចិនប្រចាំនៅតំបន់ស្វយ័តមួយនេះ ដើម្បីសួរសុខទុក្ខកម្លាំងយោធាចិននៅទីនោះ។ 


ដោយកត់សម្គាល់ពីការវិវដ្តដ៏សំខាន់នៅក្នុងតំបន់ស្វយ័តមួយនេះ លោកស៊ី បានទទូចឱ្យកងទ័ពចិនប្រចាំនៅបន្ទាយហុងកុងពង្រឹងសមត្ថភាពបន្ថែម ក្នុងការបំពេញបេសកកម្ម និងចូលរួមឱ្យបានខ្លាំងបំផុត ដើម្បីការពារសន្តិសុខជាតិ រួមទាំងថែរក្សាវិបុលភាព ​និងសណ្តាប់ធ្នាប់នៅក្នុងដែលកោះមួយនេះ។ 


ទន្ទឹមនេះ លោកស៊ី ដែលអគ្គលេខាធិការបក្សកុម្មុយនីស្តចិនផងនោះ បានជំរុញឱ្យបន្តការអនុវត្តប្រទេសមួយ ប្រព័ន្ធពីរផង។ ក្នុងសុន្ទរកថានាខួបលើកទី២៥ លោកស៊ី បានចាត់ទុកគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ គឺសំខាន់ណាស់ដែរ និងគ្មានហេតុផលត្រូវផ្លាស់ប្តូរការអនុវត្តបែបនេះនៅហុងកុងឡើយ។ 


មិនតែប៉ុណ្ណោះ មេដឹកនាំចិនរូបនេះ បានរំឮកថា កងទ័ពចិនប្រចាំនៅបន្ទាយក្នុងក្រុងហុងកុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ក្នុងពេលរៀបចំក្រុងពីភាពវឹកវរ ទៅមានសណ្តាប់ធ្នាប់។ មិនតែប៉ុណ្ណោះ កងទ័ពចិនក្នុងតំបន់ស្វយ័តនេះ បានខិតខំយ៉ាងខ្លាំងក្នុងការអនុវត្ត ប្រទេសមួយ ប្រព័ន្ធពីរ, ច្បាប់មូលដ្ឋានហុងកុង និងច្បាប់របស់ចិន។ 


សូមបញ្ជាក់ថា ហុងកុង មុនច្បាប់សន្តិសុខជាតិត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ មានបាតុកម្មយ៉ាងខ្លាំង ដោយមានមនុស្សចូលរួមជាច្រើនម៉ឺននាក់ ដើម្បីតវ៉ានឹងការពង្រីកឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំង មកក្នុងដែនកោះនេះ។ បន្ទាប់ពីច្បាប់សន្តិសុខជាតិដាក់ឱ្យប្រើប្រាស់ បាតុកម្ម ក៏បានស្ងប់ស្ងាត់ទៅ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com