ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សសំបុកឃ្មុំរបស់​លោក ម៉ម សូណង់ដូ បន្តបានកៅអីជំទប់ទី២នៅឃុំតាំងក្រសាំង
02, Jul 2022 , 10:00 pm        
រូបភាព
លោក ម៉ម សូណង់ដូ ប្រធាន គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ
លោក ម៉ម សូណង់ដូ ប្រធាន គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ
ដោយ: រួបរួម
គណបក្ស​សំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ ទទួលបាន​អាសនៈជំទប់ទី២ នៅឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម សម្រាប់ការបោះឆ្នោតក្រុម​ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ ជាអាសនៈតែមួយគត់​ដែលគណបក្សនេះទទួលបាន ដូចជាការបោះឆ្នោត​កាលពីឆ្នាំ២០១៧ យ៉ាងដូច្នោះដែរ។

 
សម្រាប់ការប្រកួតប្រជែងឆ្នាំ​២០២២នេះ គណបក្ស​សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលជាបក្សចំណាស់មួយ បានឈរឈ្មោះ​នៅ​ឃុំ-សង្កាត់ចំនួន​២៣ក្នុង១០រាជធានី-ខេត្ត។ តាំងក្រសាំង ក្លាយជាមូលដ្ឋានតែមួយគត់ដែលសំបុកឃ្មុំ ទទួលបានអាសនៈ។
 
ក្នុងចំណោមអាសនៈចំនួន​៧នៅតាំងក្រសាំង លោក យឹម យី នៃគណបក្ស​សំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យ បាន​តំណែងជាជំទប់ទី​២ ពីរអាណត្តិជាប់គ្នា ខណៈលោក សុន ក្រិប ពីគណបក្ស​ប្រជាជន​កម្ពុជា ជាប់ជាមេឃុំ និង​លោក អៀង ប៉ុច ពីគណបក្សភ្លើងទៀន ជាប់ជាជំទប់ទី១។ សមាជិក​៤នាក់ទៀត មាន លោក ភឿន ស៊ន, លោក ទុយ អ៊ីម, អ្នកស្រី ស៊្រីម នាថ ពីគណបក្ស​ប្រជាជន​កម្ពុជា និងលោក ហាយ ធឿន ពីគណបក្ស​ភ្លើងទៀន។
 
យោងតាមលទ្ធផលផ្លូវការ គណបក្សចំនួន៩ក្នុងចំណោម១៧ បានទទួលអាសនៈក្នុងអណត្តិទី៥នេះ ដោយក្នុងចំណោម១១៦២២អាសនៈនៃ១៦៥២ឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា ទទួលបានទៅដល់ ៩៣៧៦អាសនៈ គណបក្សភ្លើងទៀន បាន ២១៩៨អាសនៈ។
 
គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅលេខ៣ ដោយបាន១៩អាសនៈ បន្ទាប់មកគណបក្សខ្មែររួបរួមជាតិ បាន១៣អាសនៈ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិ បាន៥អាសនៈ គណបក្សយុវជនកម្ពុជា បាន៣អាសនៈ គណបក្សកម្ពុជានិយម បាន១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បាន១អាសនៈ។
 
បើតាមគ.ជ.ប ពលរដ្ឋចេញទៅបោះឆ្នោត មានជិត៧,៤លាននាក់ ដែលស្មើនឹង៨០,៣២ភាគរយ ខណៈសន្លឹកឆ្នោតបានការមានជាង៧,២លានសន្លឹក និងមិនបានការមានជិត១៦ម៉ឺនសន្លឹក៕ 
 

Tag:
 បោះឆ្នោត
  សំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យ
  ម៉ម សូណង់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com