អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក ផ្តល់ជំនួយយោធាបន្ថែមក្នុងទំហំ ៨២០លានដុល្លារ ទៅអ៊ុយក្រែន
02, Jul 2022 , 4:55 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព៖ AFP
ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃទី១ ខែកក្កដា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយផ្តល់ជំនួយយោធាបន្ថែមក្នុងទំហំ ៨២០លានដុល្លារទៅអ៊ុយក្រែន ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ដុនបាស។ មកទល់ពេលនេះ អាម៉េរិក បានផ្តល់ជំនួយយោធាប្រមាណ ៧,៦ពាន់លានដុល្លារទៅអ៊ុយក្រែន។

 
ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ ក្រុងវ៉ាស៊ីនតោន បានប្រកាសផ្តល់ជំនួយយោធា និងសព្វាវុធជាច្រើនគ្រឿងទៅអ៊ុយក្រែន។ ជាថ្មីម្តងទៀត ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃទី១ ខែកក្កដា បានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ពីការផ្តល់ជំនួយយោធាបន្ថែម ក្នុងទំហំ ៨២០លានដុល្លារទៅអ៊ុយក្រែន។ 
 
«ថ្ងៃរសៀលនេះ ក្រសួងការពារជាតិអាម៉េរិក ប្រកាសផ្តល់ជំនួយសន្តិសុខបន្ថែម ក្នុងទំហំ ៨២០លានដុល្លារសម្រាប់អ៊ុយក្រែន»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចេញនៅថ្ងៃទី១ ខែកក្កដា។ 
 
ក្នុងកញ្ចប់ជំនួយចុងក្រោយ ក្រុងវ៉ាស៊ីនតោន នឹងផ្តល់ប្រព័ន្ធការពារមីស៊ីលបាញ់ពីដីទៅអាកាស NASAMS ចំនួន ២គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS, គ្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ាដារបស់កាំភ្លើងធំ។ 
 
គិតចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈមក អាម៉េរិកបានផ្តល់ជំនួយយោធាក្នុងទំហំប្រមាណ ៧,៦ពាន់លានដុល្លារហើយទៅអ៊ុយក្រែន និងមានទំហំ ៨,៨ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីលេបយកតំបន់គ្រីមៀ។ ទំហំនេះ គឺខ្ពស់ជាងការចំណាយយោធាប្រចាំឆ្នាំ២០២១របស់អ៊ុយក្រែនទៅទៀត ដោយមានត្រឹមតែ ៥,៩ពាន់លានដុល្លារប៉ុណ្ណោះ។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអរគុណអាម៉េរិក តាមរយៈសារវីដេអូបង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃទី១ ខែកក្កដា។ បើតាមប្រធានាធិបតីអ៊ុយក្រែន ប្រព័ន្ធការពារមីស៊ីល NASAMS នឹងជួយការពារដែនអាកាសរបស់ខ្លួនបន្ថែមទៀត៕ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com