អន្តរជាតិ
ចិន ជំរុញអាម៉េរិកឱ្យបំពេញកាតព្វកិច្ចកាត់បន្ថយបញ្ហាអាកាសធាតុ ដោយកុំបាន​តែប្រកាសពាក្យស្លោក
03, Jul 2022 , 10:09 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែកក្កដា។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែកក្កដា។ រូបភាព៖ ក្រសួងការបរទេសចិន
អាម៉េរិកត្រូវតែបំពេញកាតព្វកិច្ចអន្តរជាតិទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យចេញជា​លទ្ធផល មិនមែនគ្រាន់តែស្រែកប្រកាសពាក្យស្លោកជួយបរិស្ថាននោះទេ។ អ្នកនាំពាក្យ​ក្រសួងការបរទេសចិន លោក Zhao Lijian បានលើកឡើងបែបនេះ នៅថ្ងៃទី១ ខែកក្កដា ក្រោយ​តុលាការកំពូលអាម៉េរិកចេញសេចក្តីសម្រេច កំណត់សមត្ថភាពកាត់បន្ថយការបំភាយឧស្ម័ន​ផ្ទះកញ្ចក់របស់ក្រុងវ៉ាស៊ីនតោន​។

 
តុលាការកំពូលអាម៉េរិកនៅថ្ងៃទី៣០ ខែកក្កដាបានចេញសេចក្តីសម្រេច កំណត់សិទ្ធិអំណាច​ទីភ្នាក់ងារការពារបរិស្ថានរបស់អាមេរិក ដើម្បីគ្រប់គ្រងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីរោងចក្រ​ផលិតថាមពលដោយចំហេះធ្យូងថ្ម និងចំហេះឥន្ធនៈផូស៊ីល ក្រោមច្បាប់ខ្យល់ស្អាត។ 
 
នៅថ្ងៃ​ទី១ ខែកក្កដា ក្រោយតុលាការអាម៉េរិកចេញសេចក្ដីសម្រេច​ អ្នកនាំពាក្យក្រសួងការ​បរទេសចិន លោក Zhao Lijian បានជំរុញឱ្យ អាម៉េរិកត្រូវតែ​បំពេញកាតព្វកិច្ចអន្តរជាតិទាក់ទងនឹង​ការទប់ស្កាត់ប្រែប្រួលអាកាសធាតុ និងធ្វើឱ្យបានលទ្ធផលមិនមែនគ្រាន់តែស្រែកប្រកាស​ពាក្យស្លោក​ជួយបរិស្ថាននោះទេ។ សេចក្តីសម្រេចរបស់តុលាការអាម៉េរិកបានរងការរិះគន់ពី​សំណាក់​អន្តរជាតិ។
 
«វាមិនគ្រប់គ្រាន់ទេ ដែលអាម៉េរិកគ្រាន់តែស្រែកប្រកាសពីពាក្យស្លោក ដើម្បីទប់ទល់នឹងការ​ប្រែប្រួលអាកាសធាតុ»។ លោក Zhao បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃបែបនេះ ដោយបន្ថែមថា ចិនចង់ជំរុញឱ្យប្រទេសអភិវឌ្ឍន៍ រួមទាំងអាម៉េរិក​មានទំនួលខុសត្រូវចំពោះបញ្ហាដែលបានបង្កឡើងពីមុនរបស់ពួកគេ ព្រមទាំងបង្ហាញពី​មហិច្ឆតា និងសកម្មភាពឱ្យកាន់តែល្អប្រសើរឡើង។
 
សេចក្ដីសម្រេចរបស់តុលាការអាម៉េរិកអាចធ្វើឲ្យប៉ះពាល់ដល់ការដោះស្រាយបញ្ហាអាកាស ធាតុនាពេលអនាគត រវាងប៉េកាំង និងវ៉ាស៊ីនតោន។ ទំនាក់ទំនងរវាងប្រទេសក្នុងការដោះ​ស្រាយបញ្ហាអាកាសធាតុដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចព្រមព្រៀងពិភពលោកដើម្បីទប់ស្កាត់ការឡើងកម្ដៅបង្កដោយការបំភាយឧស្ម័នផ្ទះកញ្ចក់។ មន្ត្រីជាន់ខ្ពស់ផ្នែក​បរិស្ថានរបស់ចិន Li Shou បានយល់ឃើញបែបនេះ។
 
ការដើរថយក្រោយលើផ្លូវឆ្ពោះទៅរកគោលដៅអាកាសធាតុរបស់អាម៉េរិក អាចជាគំរូធ្វើឱ្យចិន​មិនចាត់វិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ការប្រើប្រាស់ធ្យូងថ្មរបស់ខ្លួនដែរ។ ជាក់ស្ដែង ចិនបានប្រើប្រាស់ធ្យូងថ្មឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២១។
 
គួររំលឹកថា កាលពីឆ្នាំ២០២១ ប្រធានាធិបតីចិន ស៊ី ជិនភីង ​បានសន្យាថាចិននឹងចាប់ផ្តើម​កាត់បន្ថយការ​ប្រើប្រាស់ធ្យូងថ្មនៅឆ្នាំ២០២៦។ យ៉ាងណាមិញ ការកាត់បន្ថយការប្រើប្រាស់​កាបូនត្រូវទាមទារការគិតគូរដោយយកចិត្តទុកដាក់មុនសម្រេចចិត្ត ព្រោះវាមានឥទ្ធិពលទៅ​លើសេដ្ឋកិច្ចប្រទេសយ៉ាងខ្លាំង៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com