អន្តរជាតិ
សង្ខេបព្រឹត្តិកា​​រណ៍​​​អន្តរជាតិសំខាន់​​ៗប្រចាំសប្តាហ៍​​​​​​​​​​
03, Jul 2022 , 10:30 pm        
រូបភាព
ក្នុងសប្តាហ៍ចុងក្រោយនេះ បញ្ហាអន្តរជាតិធំៗជាច្រើនបានកើតឡើង ដោយក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ និងអង្គការណាតូ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះមានដូចជាចិន និងរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោក ចន លី បានឡើងកាន់តំណែងជាប្រមុខហុងកុងថ្មី ជំនួសលោកស្រី ការី ឡាំ។ ដោយឡែកប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ឯណោះវិញ បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន និងរុស្ស៊ី ដើម្បីស្វះស្វែងរកជំនួបថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏ដូចជាជំរុញឱ្យនាំចេញគ្រាប់ធញ្ញជាតិទៅទីផ្សារសកល។

 
ថ្ងៃទី២៧ ខែមិថុនា
 
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧​ (G7) បានប្តេជ្ញាជួយអ៊ុយក្រែនមិនថា ផ្នែកហិរញ្ញវត្ថុ យោធា មនុស្សធម៌ និងការគាំទ្រផ្នែកការទូតឡើយ ហើយនឹងឈរជាមួយអ៊ុយក្រែន ទោះសង្រ្គាមប្រើពេលយូរយ៉ាងណាក្ដី។ ក្រុមប្រទេសអ្នកមានទាំង ៧ ក៏បានរិះគន់រុស្ស៊ីជាថ្មីជុំវិញការឈ្លានពានលើអ៊ុយក្រែន និងចាត់ទុកសកម្មភាពរុស្ស៊ីជាការបំពានច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ។
 
ក្រុមប្រទេសអ្នកមានទាំង៧ (G7) សហភាពអឺរ៉ុប រួមជាមួយប្រទេស៥ទៀត បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៧ ជុំវិញការការពារប្រជាធិបតេយ្យ សិទ្ធិបញ្ចេញមតិ និងសមភាពយេនឌ័រ។ បើតាមមេដឹកនាំប្រទេសទាំងនោះ ប្រជាធិបតេយ្យនៅជុំវិញពិភពលោក បានរងការគំរាមកំហែងយ៉ាងខ្លាំង។
 
ថ្ងៃទី២៨ ខែមិថុនា
 
តួកគីព្រមដកសិទ្ធិវេតូរបស់ខ្លួនទៅលើការសុំចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត។ ប្រទេសទាំងបី បានចុះហត្ថលេខាលើអនុស្សរណៈមួយដោយសន្យាការពារសន្តិសុខគ្នាទៅវិញទៅមក ហើយស៊ុយអែត និងហ្វាំងឡង់ ក៏ព្រមដោះស្រាយក្តីបារម្ភរបស់តួកគីជុំវិញភេរវកម្ម និងដកបម្រាមលក់អាវុធ។
 
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ក្នុងសេចក្តីថ្លែងការណ៍រួមមួយ បានលើកឡើងយ៉ាងច្បាស់ៗថា ចិនគ្មានមូលដ្ឋានច្បាប់ ក្នុងការទាមទារដែនទឹកដ៏ធំល្វឹងល្វើយក្នុងសមុទ្រចិនខាងត្បូងឡើយ។ ទន្ទឹមនេះ ក្រុមប្រទេសអ្នកមានទាំង៧ បញ្ជាក់ពីការគាំទ្ររបស់ខ្លួនលើកិច្ចខិតខំរបស់អង្គការសហប្រជាជាតិ និងលើកទឹកចិត្តឱ្យមានការសម្របសម្រួលកាន់តែខ្លាំងពីសំណាក់ប្រេសិតពិសេសអាស៊ាន និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលើវិបត្តិនៅមីយ៉ាន់ម៉ា។
 
ថ្ងៃទី២៩ ខែមិថុនា
 
ស្ថានទូតរុស្ស៊ីប្រចាំនៅក្រុងភ្នំពេញ អះអាងថា ការពិចារណាឡើងវិញរបស់ជប៉ុនក្នុងការចូលរួមជំនួបប្រមុខការពារជាតិអាស៊ានបូក ៨ប្រទេសដែលគ្រោងធ្វើនៅកម្ពុជា ជាចេតនាដករុស្ស៊ីចេញពីវេទិកាអន្តរជាតិ ដែលដូចដែលធ្វើឡើងដោយលោកខាងលិច។ ទន្ទឹមនេះ ស្ថានទូតរុស្ស៊ី បានបន្ថែមផងដែរថា​ វត្តមានរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ក្នុងកិច្ចប្រជុំអាស៊ីបូព៌ា កំពុងស្ថិតក្រោមការពិចារណា។
 
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបញ្ជាក់ថា លោកនឹងនាំសាររបស់សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទៅប្រាប់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីពន្លឿនដំណើរការស្វែងរកសន្តិភាពរវាងប្រទេសជិតខាងទាំងពីរ។
 
ថ្ងៃទី៣០ ខែមិថុនា
 
លោក Ferdinand Marcos Jr បានស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនជាផ្លូវការ នាក្រុងម៉ានីល។ ពិធីដែលធ្វើឡើងនៅសារមន្ទីរជាតិនេះ ត្រូវបានដាក់ពង្រាយកម្លាំងសន្តិសុខប្រមាណ ១៥០០០នាក់ឯណោះ។
 
ប្រធានាធិបតីកូរ៉េខាងត្បូង​ យូន សុកយ៉ល បានលើកឡើងថា កិច្ចសហប្រតិបត្តិការត្រីភាគីរវាងអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន គឺមានភាពចាំបាច់បំផុតក្នុងការប្រឈមមុខនឹងការគំរាម ដែលបង្កដោយកូរ៉េខាងជើង។ លោកនិយាយបែបនេះក្នុងកិច្ចប្រជុំត្រីភាគីដែលធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងចោទអាម៉េរិកថា ចង់បង្កើតសម្ព័ន្ធយោធាដូចអង្គការណាតូ នៅតំបន់អាស៊ី។
 
ថ្ងៃទី១ ខែកក្កដា 
 
ប្រធានាធិបតិចិន ស៊ី ជិនភីង នៅថ្ងៃទី១ ខែកក្កដា អះអាងថា ប្រជាធិបតេយ្យហុងកុង នៅតែគោរពតាមគោលការណ៍«ប្រទេសមួយ ប្រព័ន្ធពីរ» ដដែល។ លោក ស៊ី  លើកឡើងបែបនេះក្នុងពិធីប្រារព្ធខួបលើកទី២៥ ដែលហុងកុងត្រូវអង់គ្លេសប្រគល់ឱ្យចិនវិញ ហើយដែលជាការឆ្លើយតប បណ្តាប្រទេសលោកខាងលិចដែលចោទប៉េកាំងថា លុបបំបាត់ប្រជាធិបតេយ្យ ក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ បន្ទាប់ពីការអនុម័តច្បាប់សន្តិសុខជាតិក្នុងឆ្នាំ២០២០ រួមទាំងកែប្រែប្រព័ន្ធបោះឆ្នោត។ ក្នុងថ្ងៃដដែល លោក ចន លី ក៏ស្បថចូលកាន់តំណែងជាប្រធានប្រតិបត្តិហុងកុងផងដែរ។ 
 
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល បានជំរុញឱ្យជប៉ុនពិភាក្សាជាមួយកូរ៉េខាងត្បូង បញ្ហាប្រវត្តិសាស្រ្ត និងអនាគតជាមួយគ្នា ដើម្បីអាចដោះស្រាយជម្លោះដែលបានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ កន្លងមក សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាម៉េរិកទាំងពីរ បានឈ្លោះគ្នាជុំវិញបញ្ហាការចាប់បង្ខំកម្លាំងពលកម្ម ​ និងការបំពានផ្លូវភេទក្នុងសម័យសង្រ្គាម។
 
ថ្ងៃទី២ ខែកក្កដា
 
កូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការត្រីភាគីអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ដែលបានធ្វើឡើងនៅក្រុងម៉ាឌ្រីដ អេស្ប៉ាញ។ បើតាមក្រុងព្យុងយ៉ាង កិច្ចសហប្រតិបត្តិការត្រីភាគីមួយនេះ បានធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខពិភពលោក៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com