អន្តរជាតិ
មហាសេដ្ឋីប្រមាណ ៥០០រូប បានធ្លាក់ចុះទ្រព្យសម្បត្តិស្ទើរតែ ១,៤ទ្រីលានដុល្លារ
04, Jul 2022 , 8:30 am        
រូបភាព
នៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ មហាសេដ្ឋីប្រមាណ ៥០០រូប បានបាត់បង់ទ្រព្យសម្បត្តិ ១,៤ទ្រីលានដុល្លារ ដោយលោក Elon Musk ប្រធានប្រតិបត្តិក្រុមហ៊ុន Tesla បានថយចុះទ្រព្យសម្បត្តិប្រមាណ ៦២ពាន់លានដុល្លារ, លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon បានបាត់បង់ទ្រព្យ ៦៣ពាន់លានដុល្លារ និងលោក Mark Zuckerberg ស្ថាបនិកបណ្តាញសង្គម Facebook បានធ្លាក់ចុះទ្រព្យសម្បត្តិជាងពាក់កណ្តាល។


តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី បានធ្លាក់ចុះយ៉ាងខ្លាំង គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២២ បើធៀបនឹងរយៈពេល ២ឆ្នាំមុន។ មហាសេដ្ឋីចំនួន ៥០០រូប បានបាត់បង់ទ្រព្យ ១,៤ទ្រីលានដុល្លារ ដោយគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២។ នេះជាការបាត់បង់ទ្រព្យសម្បត្តិខ្លាំងបំផុតនៅក្នុងជួរមហាសេដ្ឋីពិភពលោក។ 

នៅ ២ឆ្នាំមុន ទ្រព្យសម្បត្តិរបស់អ្នកមានខ្លាំងបំផុត បានហក់ឡើងខ្ពស់ ដោយសារតែកាលនោះ ធនាគារកណ្តាល និងរដ្ឋាភិបាលប្រទេសនីមួយៗ បានបញ្ចេញកញ្ចប់ថវិកា និងជំនួយជាច្រើនសម្រាប់ប្រជាជន ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩។ ចំណាត់ការនោះ បានធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនរួមមានបច្ចេកវិទ្យា និងរូបិយប័ណ្ណឌីជីថលជាដើម។   
 
ហេតុផលមួយចំនួន ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋកិច្ចធ្លាក់ចុះមានដូចជា ការដំឡើងអត្រាការប្រាក់ និងការធ្លាក់ចុះនៃតម្លៃភាគហ៊ុនយ៉ាងខ្លាំង។ គ្រាន់តែភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ក្នុងមួយហ៊ុន បានធ្លាក់ចុះប្រមាណ ៥០ដុល្លារ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ក៏បន្តបាត់បង់តម្លៃដែរ។ 
 
តាមទិន្នន័យរបស់សារព័ត៌មានដដែល លោក Elon Musk ប្រធានប្រតិបត្តិក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុប ២០៨,៥ពាន់លានដុល្លារ, លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសរុប ១២៩,៦ពាន់លានដុល្លារ ខណៈលោក Mark Zuckerberg ស្ថាបនិកបណ្តាញសង្គម Facebook សល់ទ្រព្យសម្បត្តិ ៦០ពាន់លានដុល្លារ បន្ទាប់ពីថយចុះច្រើនជាងពាក់កណ្តាល៕ 


Tag:
 អាម៉េរិក
  ភាគហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com