អន្តរជាតិ
ប្រធានាធិបតីបេឡារុស ព្រមានសងសឹកអ៊ុយក្រែន បើហ៊ានសម្លាប់ប្រជាជនខ្លួន
03, Jul 2022 , 5:00 pm        
រូបភាព
លោក  Alexander Lukashenko ប្រធានាធិបតីបេឡារុស។ រូបភាព៖ AFP
លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស។ រូបភាព៖ AFP
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានអះអាងថា យោធាបេឡារុស បានបាញ់ទម្លាក់មីស៊ីលអ៊ុយក្រែនជាច្រើនគ្រាប់ ដែលប៉ុនប៉ងវាយប្រហារបន្ទាយយោធាខ្លួន។ ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបេឡារុសរូបនេះ បានព្រមានប្រើចំណាត់ការសងសឹកវិញ ប្រសិនបើការវាយប្រហាររបស់អ៊ុយក្រែន មកក្នុងដីបេឡារុស សម្លាប់ប្រជាជនខ្លួន។

 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Belta នៅថ្ងៃទី២ ខែកក្កដា​ ប្រធានាធិបតីបេឡារុស លោកAlexander Lukashenko បានអះអាងថា អ៊ុយក្រែន បានបាញ់មីស៊ីលដាក់បន្ទាយយោធាខ្លួន។ យ៉ាងណាមិញ មីស៊ីលទាំងនោះ ត្រូវបានយោធាបេឡារុស បាញ់ទម្លាក់ និងមិនខូចខាតអ្វីឡើយ។ 
 
«យើងត្រូវបានធ្វើឱ្យបង្ករឿង»។ លោក Lukashenko បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា​ ក្នុងអំឡុង ៣ថ្ងៃមុន អ៊ុយក្រែនបានព្យាយាមវាយប្រហារបន្ទាយយោធាបេឡារុស។ បើតាមមេដឹកនាំរូបនេះ មីស៊ីលបាញ់ចេញពីដីអ៊ុយក្រែនទាំងនោះ ត្រូវបានបង្អាក់ដោយប្រព័ន្ធមីស៊ីល Pantsir។ ប៉ុន្តែលោក Lukashenko មិនបានផ្តល់ព័ស្តុតាងអ្វីឡើយ ជុំវិញការបាញ់មីស៊ីលទាំងនោះ។
 
បន្ទាប់ពីការវាយប្រហារនេះ លោក Lukashenko បានព្រមានថា បេឡារុសនឹងវាយប្រហារតបវិញ ប្រសិនបើអ៊ុយក្រែនចូលដីបេឡារុស ឬសម្លាប់ប្រជាជនអ៊ុយក្រែន។ ត្រង់ចំណុចនេះ ប្រធានាធិបតីបេឡារុស បានបញ្ជាក់យ៉ាងច្បាស់ៗថា បើអ៊ុយក្រែន មិនប៉ះបេឡារុស បេឡារុសក៏មិនប៉ះអ៊ុយក្រែនវិញដែរ។ 
 
កន្លងមក បេឡារុស បានគាំទ្ររុស្ស៊ី ក្នុងការបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដែលចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។ មិនតែប៉ុណ្ណោះ កម្លាំងទ័ពរុស្ស៊ី បានឆ្លងកាត់តាមព្រំដែនបេឡារុសចូលមកក្នុងអ៊ុយក្រែនថែមទៀត ដើម្បីឆ្ពោះទៅក្រុងកៀវ។ ប៉ុន្តែកម្លាំងយោធារុស្ស៊ី នៅតែមិនអាចគ្រប់គ្រងក្រុងកៀវបានទេ៕ 
 

Tag:
 បេឡារុស
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com