អន្តរជាតិ
វៀតណាម ទទូចឱ្យតៃវ៉ាន់ឈប់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្បែរប្រជុំកោះSpratly
03, Jul 2022 , 5:40 pm        
រូបភាព
អ្នកនាំពាក្យក្រសួងបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ រូបភាព៖ VNA
អ្នកនាំពាក្យក្រសួងបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ រូបភាព៖ VNA
វៀតណាម ជំទាស់យ៉ាងដាច់អហង្ការ និងទាមទារឱ្យតៃវ៉ាន់ឈប់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកោះ Itu Aba ឬជាភាសាវៀតណាមBa Binh ក្បែរប្រជុំកោះ Spratly តទៅទៀត។ អ្នកនាំពាក្យក្រសួងបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន នៅក្នុងថ្ងៃទី២ ខែកក្កដា។

 
តៃវ៉ាន់ បានប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅកោះItu Aba ឬជាភាសាវៀតណាមBa Binh នៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមិថុនា និងប្រាប់ឱ្យនាវានៅឱ្យឆ្ងាយពីតំបន់នោះ។ បន្ទាប់ពីសមយុទ្ធមួយនេះ រដ្ឋាភិបាលក្រុងហាណូយ បានជំទាស់យ៉ាងខ្លាំង និងទទូចឱ្យវៀតណាមឈប់ធ្វើសមយុទ្ធក្បែរកោះនោះទៀត។ 
 
«វាជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យរបស់វៀតណាម នៅប្រជុំកោះ Spratly»។ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងបរទេសវៀតណាម បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា សកម្មភាពបែបនោះ ជាការគំរាមកំហែងសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខនៅលើដែនសមុទ្រ រួមទាំងធ្វើឱ្យភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង កាន់តែរីកធំ និងស្មុគស្មាញ។ 
 
ត្រង់ចំណុចនេះ លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា ជំហររបស់វៀតណាម តែងជំទាស់សមយុទ្ធបាញ់គ្រាប់ពិតរបស់តៃវ៉ាន់នៅជុំវិញកោះ Itu Aba ឬជាភាសាវៀតណាមBa Binh ហើយតៃវ៉ាន់ គួរតែបញ្ឈប់សកម្មភាពខុសច្បាប់បែបនេះ។
 
សូមបញ្ជាក់ថា សមុទ្រចិនខាងត្បូង ជាតំបន់ជម្លោះមួយ ដែលទាមទារដោយប្រទេសជាច្រើន ក្នុងនោះមានវៀតណាម ចិន ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេជាដើម។ ដោយសារតំបន់ជម្លោះខ្លះមានភាពត្រួតគ្នា ឬទាមទារដោយភាគី ៣ ឬ៤ ដោយផ្អែកទៅតាមហេតុផលច្បាប់ និងប្រវត្តិសាស្រ្ត ទើបវាធ្វើឱ្យការទាមទារក្នុងតំបន់មួយនេះពិបាកដោះស្រាយ៕ 
 

Tag:
 វៀតណាម
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com