អន្តរជាតិ
លោកវ៉ាង យី៖ ចិន នឹងបន្តអនុវត្តគោលនយោបាយមិត្តភាពជាមួយមីយ៉ាន់ម៉ា
04, Jul 2022 , 9:56 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (ខាងឆ្វេង) ជាមួយប្រមុខការទូតរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (ខាងឆ្វេង) ជាមួយប្រមុខការទូតរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Wunna Maung Lwin។ រូបភាព៖ Xinhua
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន នៅថ្ងៃទី៣ ខែកក្កដា បានប្រាប់ប្រមុខការទូតរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា Wunna Maung Lwin ថា ទំនាក់ទំនងប្រទេសទាំងពីរ បានទទួលការគាំទ្រពីសាធារណៈយ៉ាងខ្លាំង និងនៅតែរឹងមាំ បើទោះឆ្លងកាត់ឧបសគ្គជាច្រើន។ លោក វ៉ាង បញ្ជាក់ថា ក្រុងប៉េកាំង នឹងបន្តអនុវត្តគោលនយោបាយមិត្តភាពជាមួយក្រុងណៃពិដោ។



 
ចាប់តាំងពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ក្នុងខែកុម្ភៈឆ្នាំ២០២១ ចិន មិនធ្លាប់ចេញសេចក្តីថ្លែងការណ៍រិះគន់របបសឹកឡើយ ដោយគ្រាន់តែជំរុញឱ្យភាគីពាក់ព័ន្ធក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោះស្រាយជម្លោះដោយសន្តិភាព។ មិនតែប៉ុណ្ណោះ ខណៈមីយ៉ាន់ម៉ា កំពុងស្ថិតនៅឯកោពីសហគមន៍អន្តរជាតិ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ក៏ធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ាថែមទៀត។ នេះជាទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ចិនទៅមីយ៉ាន់ម៉ាជាលើកដំបូង ចាប់តាំងយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល។ 
 
ក្នុងជំនួបជាមួយសមភាគីមីយ៉ាន់ម៉ា Wunna Maung Lwin នៅទីក្រុងបូរាណ Bagan នៅថ្ងៃទី៣ ខែកក្កដា ប្រមុខការទូតចិន បានថ្លែងថា ទំនាក់ទំនងចិន-មីយ៉ាន់ម៉ា បានទទួលការគាំទ្រយ៉ាងខ្លាំងពីសាធារណៈ ដោយបានឆ្លងកាត់ឧបសគ្គជាច្រើន ប៉ុន្តែនៅតែបន្តរឹងមាំ។ 
 
«ចិនផ្តល់តម្លៃមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ ហើយនឹងបន្តអនុវត្តគោលនយោបាយមិត្តភាពចំពោះមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ា»។ លោក វ៉ាង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ក្រុងប៉េកាំង នឹងសហការរួមគ្នាជាមួយក្រុងណៃពិដោ ដើម្បីពង្រឹងបន្ថែមទៀតលើសសរស្តម្ភទាំងបួន ដូចជាទំនុកចិត្តនយោបាយទៅវិញទៅមក, កិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍រួម, ទំនាក់ទំនងប្រជាជន និងប្រជាជនរួមទាំងការផ្លាស់ប្តូរវប្បធម៌។
 
ក្នុងជំនួបដដែល មន្រ្តីជាន់ខ្ពស់ចិនរូបនេះ​ បានបន្ថែមថា ចិនគាំទ្រមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណើរការអភិវឌ្ឍដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន រួមទាំងការការពារប្រយោជន៍ច្បាប់ និងសេចក្តីថ្លៃថ្នូរជាតិនៅលើឆាកអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។ 
 
ចំណែករដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា វិញ បានឆ្លើយតបថា ក្រុងណៃពិដោ ពេញចិត្តមិត្តភាពចិន-មីយ៉ាន់ម៉ា ដែលតែងគោរពគ្នាទៅវិញទៅមក និងយកចិត្តទុកដាក់ដោយស្មើភាព។ មិនតែប៉ុណ្ណោះ លោក Wunna Maung Lwin បានអះអាងថា មីយ៉ាន់ម៉ាគាំទ្រជំហររបស់ចិនលើបញ្ហាតៃវ៉ាន់ ហុងកុង ទីបេ និងស៊ីនជាំង។ ទន្ទឹមនេះ ក្រុងណៃពិដោ បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយចិនដោយជិតស្និទ្ធ ដើម្បីពង្រឹងសហគមន៍ចិន-មីយ៉ាន់ម៉ាជាមួយអនាគតរួមគ្នា។
 
បន្ថែមពីបញ្ហាខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាពីស្ថានការណ៍នៅមីយ៉ាន់ម៉ាផង។ បើតាមលោក Wunna Maung Lwin មីយ៉ាន់ម៉ាប្តេជ្ញាក្នុងការអនុវត្តដំណើរការ៥ចំណុច ដែលដាក់ចេញដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងការឯកភាពទាំង៥ របស់អាស៊ាន ដែលបានដាក់ចេញនាពេលកន្លងមក។
 
ប្រមុខការទូតនៃរបបសឹកបានលើកឡើងថា ក្រុងណៃពិដោ នឹងជំរុញដំណើរការអន្តរកាលទៅរកប្រជាធិបតេយ្យ។​ ជាការឆ្លើយតប លោកវ៉ាង បានបង្ហាញក្តីសង្ឃឹមថា មីយ៉ាន់ម៉ា នឹងអាចរកឃើញការបង្រួបបង្រួមនយោបាយ, សន្តិភាព និងស្ថិរភាព តាមរយៈកិច្ចពិភាក្សា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងនីតិវិធីច្បាប់៕ 
 

Tag:
 ចិន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com