ជាតិ
សង្គមជាតិ
អធិការរងខណ្ឌឫស្សីកែវម្នាក់ ធ្វើអត្តឃាត ដោយសង្ស័យមកពីបញ្ហាលេងល្បែង
04, Jul 2022 , 4:54 pm        
រូបភាព
ភ្នំពេញ៖ អធិការរងខណ្ឌឫស្សីកែវម្នាក់ បានបាញ់សម្លាប់ខ្លួនកាលពីព្រឹកថ្ងៃទី៤កក្កដា ដោយបន្សល់ត្រឹមលិខិតផ្ដាំផ្ញើដល់សមាជិកគ្រួសារ ។ ក្នុងលិខិតផ្ដាំផ្ញើមុនស្លាប់នោះ បានបញ្ជាក់ថា  បញ្ហាល្បែងស៊ីសង ទើបនាំឲ្យអធិការរងខណ្ឌឫស្សីកែវរូបនេះ ឈានដល់ការធ្វើអត្តឃាត។

 
លោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ពិតជាមានករណីឃាតកម្ម កើតឡើងក្នុង ភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ពិតមែន។ ជនរងគ្រោះ ជាអធិការរងខណ្ឌឫស្សីកែវ បានបាញ់សម្លាប់ខ្លួន នៅក្នុងគេហដ្ឋាន ស្ថិតនៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ហើយបន្សល់ទុកលិខិតផ្ដាំផ្ញើដល់សាច់ញាតិ។ 
 
«ពិតជាមានករណីបាញ់សម្លាប់ខ្លួនមែន គាត់អធិការរងខណ្ឌឫស្សីកែវ ប៉ុន្តែពុំបានដឹងមូលហេតុលម្អិតឡើយ ហើយក៏មិនទាន់ដឹងពីលទ្ធនៃកោសល្យវិច័យរបស់ក្រុមជំនាញដែរ»។ នេះជាការលើកឡើងរបស់លោក សុខឃឿន។ 
 
លិខិតដែលជនរងគ្រោះ បានសរសេរផ្ដែផ្ដាំចុងក្រោយ មានចំនួនពីរសន្លឹក ត្រូវបានមហាជន និងប្រព័ន្ធផ្សព្វផ្សាយបានចែកចាយបន្តគ្នាលើបណ្ដាសង្គម។ ក្នុងលិខិតនោះ ជនរងគ្រោះបានសរសេររៀបរាប់ទៅកាន់ ឪពុកម្ដាយ ឪពុកម្ដាយក្មេក ប្រពន្ធ មិត្តភក្តិ ហើយក៏ស្នើឲ្យដល់សម្បុរសជនម្នាក់ជួយផ្គត់ផ្គង់ការសិក្សាដល់កូនផងដែរ។ 
 
ខ្លឹមសារលិខិត ដែលត្រូវបានទូរទស្សន៍បាយ័ន (BTV) ផ្សព្វផ្សាយនោះ បានរៀបរាប់ថា ជនរងគ្រោះគិតខ្លីដោយសារជាប់បំណុល ព្រោះតែចាញ់ល្បែង។ ជនរងគ្រោះបរិយាយសុំទោសឪពុកម្ដាយក្មេកយ៉ាងលម្អិតយ៉ាងដូច្នេះ៖ «កូនបានយកលុយប៉ានិងម៉ាក់ ឲ្យគេខ្ចី ហើយឲ្យការ (ប្រាក់) តែការពិតគឺមិនមែនទេ គ្មានអ្នកណាខ្ចីលោកទាំងពីរទេ គឺកូនយកលុយនេះមក លេងល្បែងចាក់បាល់ទេ សូមឲ្យលោកទាំងពីរអហោសិកម្ម…»។ 
 
បច្ចុប្បន្នអធិការស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា សមត្ថកិច្ចជំនាញស្រុក និងខេត្ត កំពុងបានចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យបន្ថែមលើករណីខាងលើ៕ 
 
 

Tag:
 អត្តឃាត
© រក្សាសិទ្ធិដោយ thmeythmey.com