កីឡាអន្តរជាតិ
អន្តរជាតិ
F1៖ Sainz ឈ្នះនៅ British Grand Prix ខណៈកីឡាករចិន Guanyu ជួបគ្រោះក្រឡាប់រថយន្ត
04, Jul 2022 , 7:29 pm        
រូបភាព
Carlos Sainz ដែលបើកឱ្យក្រុម Ferrari ដណ្តើមបានជ័យជម្នះក្នុងការប្រណាំងរថយន្ត Formula One ជាលើកដំបូង ក្នុងកម្មវិធី British Grand Prix នាប្រទេសអង់គ្លេស។ កីឡាករចិន Zhou Guanyu របស់ក្រុម Alfa Romeo ជួបឧប្បត្តិហេតុក្រឡាប់រថយន្តធ្ងន់ធ្ងរ។

 
កីឡាករអេស្ប៉ាញ Sainz ប្រើពេល២ម៉ោង ១៧នាទី និង៥០ទី ដើម្បីឈ្នះការប្រណាំងនៅទីលាន១០ រដូវកាល២០២២នេះ ដែលធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដា។ Sergio Perez របស់ក្រុម Red Bull បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ Lewis Hamilton ដែលបើកឱ្យ Mercedes ដណ្តើមបានលេខ៣ សម្រាប់ការប្រណាំងនៅទឹកដីកំណើត។
 
នេះជាការទទួលបានជ័យជម្នះលើកដំបូងរបស់ Sainz វ័យ២៧ឆ្នាំ ក្នុងអាជីពប្រណាំង F1 ក្នុងចំណោមការប្រណាំងទាំង១៥១លើកកន្លងមក។
 
ក្នុងការប្រណាំងនៅអង់គ្លេសនេះ កីឡាករចិន Guanyu ដែលបើកឱ្យក្រុម Alfa Romeo ទទួលការខកចិត្តយ៉ាងខ្លាំង ក្រោយជួបហេតុការក្រឡាប់រថយន្ត តាំងពីចាប់ផ្តើមជុំដំបូង។ George Russell ដែលបើកឱ្យ Mercedes បានបើកទៅបុករថយន្តរបស់ Guanyu ប៉ើងក្រឡាប់ខូចខាតទាំងស្រុង។ យ៉ាងណាក៏ដោយកីឡាករចិនវ័យ២៣ឆ្នាំរូបនេះ មិនមានបញ្ហារបួសធ្ងន់ធ្ងរឡើយ។


 
ឆ្លងកាត់ការប្រណាំង១០លើក ម្ចាស់ការពារតំណែងជើងឯក Max Verstappen នៅរក្សាចំណាត់ថ្នាក់ទីលេខ១កំពូលតារាង F1 ដដែល ខណៈ Sainz ឡើងទៅលេខ៤ ជំនួស Russell វិញ។ 
 
Verstappen រកបាន១៨១ពិន្ទុតាមពីក្រោយ ដោយមិត្តរួមក្រុម Red Bull កីឡាករ Sergio​ Perez ដែលរកបាន ១៤៧ពិន្ទុ។ Charles Leclerc របស់ Ferrari នៅរក្សាលេខ៣ មាន១៣៨ពិន្ទុ ឯ Sainz នៅលេខ៤មាន១២៧ពិន្ទុ ខណៈ Russell នៅលេខ៥ ជាមួយពិន្ទុ១១១ពិន្ទុដដែល ខណៈ Hamilton មិត្តរួមក្រុម Mercedes ក៏រក្សាលេខរៀងទី៦ ដោយកើន៩៣ដល់ពិន្ទុ។
 
 Red Bull កើនពិន្ទុនាំមុខដាច់ផ្នែកគ្រឿងម៉ាស៊ីនជាមួយពិន្ទុសរុប៣២៨ពិន្ទុ នាំមុខគូប្រជែង Ferrari ចំនួន៦៣ពិន្ទុ។ Mercedes ឈរលេខ៣ដដែលដោយរកបាន២០៤ពិន្ទុ៕
 

Tag:
 Formula One
  Carlos Sainz
© រក្សាសិទ្ធិដោយ thmeythmey.com