អន្តរជាតិ
នាវាកងទ័ពជើងទឹកចិននិងរុស្ស៊ី ចូលក្បែរកោះដែលជប៉ុនគ្រប់គ្រងនៅសមុទ្រចិនខាងកើត
04, Jul 2022 , 10:29 pm        
រូបភាព
ដោយ:
នាវាកងទ័ពជើងទឹកចិន នៅថ្ងៃទី៤ ខែកក្កដា បង្ហាញវត្តមានជាថ្មីក្បែរប្រជុំកោះជម្លោះដែលជប៉ុនគ្រប់គ្រងនៅសមុទ្រចិនខាងកើត ជាលើកដំបូងក្នុងពេល៤ឆ្នាំ។ នេះបើតាមទូរទស្សន៍ជប៉ុន NHK ដែលផ្សាយទៀតថា ជប៉ុន ក៏បានតវ៉ាទៅចិនជុំវិញរឿងនេះដែរ។ នៅថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ក៏រាយការណ៍ថា រុស្ស៊ីបានបញ្ជូននាវាកងទ័ពជើងទឹកខ្លួនទៅកាន់តំបន់នោះដូចគ្នា។

 
ប្រជុំកោះនៅសមុទ្រចិនខាងកើតដែលចិនហៅថា Diaoyu ខណៈជប៉ុនហៅ Senkaku ជាចំណុចជម្លោះដ៏រ៉ាំរ៉ៃរវាងក្រុងប៉េកាំង និងក្រុងតូក្យូ។ កោះ Senkaku ដែលគ្រប់គ្រងដោយជប៉ុនតាំងពីឆ្នាំ១៨៩៥ ត្រូវបានចិនទាមទារជាកម្មសិទ្ធិនៅឆ្នាំ១៩៧០ ដោយសម្អាងលើប្រវត្តិសាស្រ្ត។ ភាពតានតឹងជុំវិញប្រជុំកោះនេះកាន់តែកើនឡើងចាប់តាំងពីឆ្នាំ ២០១២ នៅពេលរដ្ឋាភិបាលជប៉ុនបានទិញកោះ៣នៃប្រជុំកោះជម្លោះនេះពីប្រជាជនជប៉ុន។ 
 
បើតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK នាវាល្បាតចិន បានចូលទៅកៀកប្រជុំកោះនេះជាលើកទីមួយតាំងពីឆ្នាំ ២០១៨មក។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី៤ ខែកក្កដាប្រហែលម៉ោង ៧ :៤៤នាទីព្រឹក នាវាកងទ័ពជើងទឹកចិន ត្រូវបានសង្កេតឃើញចូលក្នុងដែនទឹកជប៉ុន។ 
 
«​យើងព្រួយបារម្ភយ៉ាងខ្លាំង ហើយបានដាក់ពាក្យបណ្តឹងទៅភាគីចិនតាមរយៈផ្លូវការទូត ព្រមទាំងជំរុញឱ្យពួកគេបញ្ចៀសកុំឱ្យមានឧបទ្ទវហេតុស្រដៀងនេះកើតឡើជាថ្មី»។  លោក Seiji Kihara អនុប្រធានខុទ្ទកាល័យជប៉ុនប្រាប់អ្នកកាសែតបែបនេះ ដោយបន្ថែមថា ប្រជុំកោះទាំងនេះគឺជាទឹកដីរបស់ជប៉ុនដោយផ្អែកទាំងតាមប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។
 
ទន្ទឹមនេះ ទីភ្នាក់ងារព័ត៌មានជប៉ុន NHK, Jiji Press និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនផ្សេងទៀតរាយការណ៍នៅថ្ងៃដដែលថា នាវាកងទ័ពជើងទឹករុស្ស៊ីក៏ត្រូវបានគេប្រទះឃើញនៅដែនទឹកក្បែរកោះជម្លោះនោះដែរ។ ប៉ុន្តែ រឿងនេះមិនទាន់មានការបញ្ជាក់ពីក្រសួងការពារជាតិជប៉ុននោះទេ។
 
កាលពីខែឧសភា យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី​ និងចិន ក៏បានល្បាតរួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ខណៈជប៉ុនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំបណ្តាប្រទេសសន្តិសុខចតុភាគី (Quad) ដែលមានអាម៉េរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន។ បើទោះជាការល្បាតយន្តហោះនោះមិនបានបំពានដែនអាកាសជប៉ុនក៏ដោយ ក្រុងតូក្យូចាត់ទុកចាត់ទុកទង្វើនោះ ជាការបង្ករឿង៕
 
 
 
 

Tag:
 ជប៉ុន
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com