អន្តរជាតិ
ប្រមុខការទូតវៀតណាម៖ វៀតណាមចាត់ទុកទំនាក់ទំនងជាមួយចិនជាអាទិភាពដ៏ខ្ពស់ ក្នុងយុទ្ធសាស្រ្តការទូត
05, Jul 2022 , 10:29 am        
រូបភាព
ប្រមុខការទូតវៀតណាម លោក បួ ថាញ់សឺន (ខាងឆ្វេង) ជាមួយសមភាគីចិន លោកវ៉ាង យី នៅក្នុងអំឡុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី៧ នៅក្រុង Bagan។ រូបភាព៖ Xinhua
ប្រមុខការទូតវៀតណាម លោក បួ ថាញ់សឺន (ខាងឆ្វេង) ជាមួយសមភាគីចិន លោកវ៉ាង យី នៅក្នុងអំឡុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី៧ នៅក្រុង Bagan។ រូបភាព៖ Xinhua
ប្រមុខការទូតវៀតណាម លោក បួយ ថាញ់សឺន នៅថ្ងៃទី៤ ខែកក្កដា បានប្រាប់សមភាគីចិន លោកវ៉ាង យី ថា ក្រុងហាណូយ តែងចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងប៉េកាំង ជាអាទិភាពដ៏ខ្ពស់នៅក្នុងយុទ្ធសាស្រ្តការទូត។ លោក វ៉ាង វិញតបថា ប្រទេសជិតខាងទាំងពីរ គួរតែរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្ត ពង្រឹងការសម្របសម្រួបជាយុទ្ធសាស្រ្ត និងខិតខំកសាងសហគមន៍មួយដែលមានអនាគតរួម។

 
ក្នុងអំឡុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី៧ នៅក្រុង Bagan រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយសមភាគីវៀតណាម លោក បួយ ថាញ់សឺន ក្នុងថ្ងៃទី៤ ខែកក្កដា ដោយភាគីទាំងពីរ បានលើកឡើងពីបញ្ហាជាច្រើន ជាពិសេសការពង្រឹងទំនាក់ទំនងទ្វេភាគី ស្របពេលប្រទេសជិតខាងទាំងពីរនេះ កំពុងមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។ 
 
«វៀតណាមតែងចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយចិន ជាអាទិភាពដ៏ខ្ពស់នៅក្នុងយុទ្ធសាស្រ្តការទូត»។ លោក បួយ ថាញ់សឺន បានប្រាប់សមភាគីចិនបែបនេះ ដោយបន្ថែមថា ក្រុងហាណូយមានឆន្ទៈ ក្នុងការថែរក្សាទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការផ្តោះប្តូរកម្រិតខ្ពស់ជាមួយចិន និងស្វែងរកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងទៀត។ 
 
បើតាមប្រមុខការទូតរូបនេះ វៀតណាម និងចិនពេញចិត្តលើទំនុកចិត្តនយោបាយកម្រិតខ្ពស់ ក៏ដូចជាដំណើរការយ៉ាងរលូន នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ 
 
ជាការឆ្លើយតប លោក វ៉ាង យី ប្រមុខការទូតចិន បានបញ្ជាក់ថា ក្រុងប៉េកាំង​ និងក្រុងហាណូយ គួរតែរក្សាទំនាក់ទំនង ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្រ្ត និងបង្កើនកិច្ចខិតខំក្នុងការកសាងសហគមន៍មួយ ដែលមានអនាគតរួម។ ទន្ទឹមនេះ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានទទូចឱ្យភាគីទាំងពីររួមគ្នាផ្តោតលើការអភិវឌ្ឍ និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការថែរក្សាសន្តិភាព និងវិបុលភាពសកល។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ដោយចាត់ទុកវៀតណាមជាដៃគូដែលមានផលប្រយោជន៍យុទ្ធសាស្រ្តរួមគ្នា មន្រ្តីជាន់ខ្ពស់ចិនរូបនេះ បានអះអាងថា​ ចិនកំពុងខិតខំសម្រេចគំរូអភិវឌ្ឍន៍ថ្មី និងបើកទូលាយមួយ ដែលវានឹងផ្តល់ផលប្រយោជន៍ដល់វៀតណាម និងបង្កើតលក្ខខណ្ឌដ៏សមប្រកបបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិន និងវៀតណាម។ 
 
ការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការខាងលើ ធ្វើឡើងស្របពេលប្រទេសជិតខាងទាំងពីរ មានជម្លោះដណ្តើមដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង។ កន្លងមក រដ្ឋាភិបាលក្រុងហាណូយ តែងតវ៉ាជាច្រើនលើកជាមួយក្រុងប៉េកាំង ដែលតែងធ្វើសមយុទ្ធយោធានៅក្បែរប្រជុំកោះ Spratly៕ 
 

Tag:
 វៀតណាម
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com