កីឡាជាតិ
ជាតិ
AFF U19៖ ជួប៥លើក កម្ពុជាមិនដែលឈ្នះ និងស៊ុតចូលទីម៉ាឡេស៊ីសោះ ចុះនៅម៉ោង៣រសៀល​នេះ?
05, Jul 2022 , 11:29 am        
រូបភាព
កម្ពុជាត្រូវជួបម៉ាឡេស៊ី នា​វេលាម៉ោង​៣​រសៀល​ថ្ងៃ​អង្គារនេះសម្រាប់​ជំនួបលើកទី២ក្នុងពូល B មុន​ការ​ប៉ះគ្នា​រវាងសិង្ហបុរី និងទីម័រខាងកើតនៅកីឡដ្ឋាន Madya Senayan ក្រុងហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ីដូចគ្នា។

 
កម្ពុជា បាន​បើក​ឆាក​ក្នុងពូល ជាមួយនឹងជ័យជម្នះ ១-០ លើសិង្ហបុរី ដែលសម្រេចបាន​ដោយ​ខ្សែបម្រើ​អង្គរថាយហ្គឺរ សុវណ្ណ ដូណា នៅ​ដើម​តង់ទីមួយ ខណៈ​ម៉ាឡេស៊ីដែលជាជើងឯករង​ឆ្នាំ២០១៩ ទើប​ចាប់ផ្តើមការប្រកួត​លើកដំបូង​នៅក្នុងពូល B។
 
កម្ពុជា និងម៉ាឡេស៊ី ធ្លាប់ជួបគ្នា​ក្នុងពូល​៥លើករួចមកហើយ​នា​ព្រឹត្តិការណ៍ AFF U19 Championship ដោយ​ឆ្នាំខ្លះកំណត់ត្រឹម U18។ ក្នុងជំនួបទាំងនោះ កម្ពុជា​រក​តែ១ពិន្ទុគត់ កាលពីឆ្នាំ​២០១១ នៅក្រុងយ៉ាំងហ្គូន​ ប្រទេសមីយ៉ាន់ម៉ា ដែលបាន​បញ្ចប់ក្នុងលទ្ធផលស្មើ ០-០។
 

ជម្រើសជាតិ U-19 ម៉ាឡេស៊ី ហ្វឹកហាត់ត្រៀមប្រកួត AFF U-19 Championship រូបពី សមាគមបាល់ទាត់ម៉ាឡេស៊ី

សម្រាប់ជំនួប៤លើកទៀត ម៉ាឡេស៊ី បានយកឈ្នះ​កម្ពុជា ៣-០ នៅឆ្នាំ២០០៣ និ​ងឆ្នាំ២០១៩, ឈ្នះ ២-០ នៅឆ្នាំ​២០១៧ និង​ឆ្នាំ២០១៨។ តាម​លទ្ធផលនៃជំនួបទាំងនេះ មានន័យថា កម្ពុជាមានទាន់មានគ្រាប់បាល់បញ្ចូលទី​ទាល់តែសោះលើ​ម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ AFF U19។
 
កាលពីឆ្នាំ២០១៩ ម៉ាឡេស៊ី គឺជាជើងឯករង ក្រោយចាញ់អូស្ត្រាលី ១-០ នៅវគ្គ​ផ្តាច់ព្រ័ត្រ រីឯកម្ពុជាបានបញ្ចប់ត្រឹមចំណាត់ថ្នាក់​លេខ​៤ក្នុងពូលដែលមាន​៦ក្រុម។ ម៉ាឡេស៊ីធ្លាប់ឈ្នះជើងឯក​កាលពីឆ្នាំ២០១៨ និងជាជើងឯករង​៦សម័យកាល។
 
ក្នុងពូល B នា​ឆ្នាំ២០២២នេះ ឡាវបាន​បើកឆាកជាមួយ​នឹងជ័យជម្នះ ២-០ លើទីម័រខាងកើត។ ឡាវ​មិនមាន​ការប្រកួតឡើយ​នៅថ្ងៃនេះ ប៉ុន្តែទីម័រខាងកើត ត្រូវតទល់ជាមួយ​សិង្ហបុរី នា​វេលាម៉ោង​៧យប់។
 
ងាកទៅពូល A ដែលមាន​៦ក្រុម​ឯណោះវិញ ក្រោយ​ប្រកួត២លើករៀងៗខ្លួន ថៃឈរលេខ​១បណ្តោះអាសន្ន ដោយ​ឈ្នះ​២ប្រកួតជាប់គ្នា ឥណ្ឌូណេស៊ី និង​វៀតណាម មាន​៤ពិន្ទុ មីយ៉ាន់ម៉ា មាន​៣ពិន្ទុ ខណៈហ្វីលីពីន និងព្រុយណេ មិនទាន់​ស្គាល់ជ័យជម្នះឡើយ៕
 


ជម្រើសជាតិកម្ពុជា ហ្វឹកហាត់ត្រៀមប្រកួត AFF U-19 Championship រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា


Tag:
 បាល់ទាត់
  AFF U-19 Boys Championship 2022
© រក្សាសិទ្ធិដោយ thmeythmey.com