ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បានករណីលួចផលិតគ្រឿងញៀនទ្រង់ទ្រាយធំ១ទៀតនៅព្រះសីហនុ, សារធាតុគីមីផ្សំជាង១៤តោន ត្រូវរកឃើញ
05, Jul 2022 , 3:35 pm        
រូបភាព
ទីតាំងលួចកែច្នៃគ្រឿងញៀននៅខេត្តព្រះសីហនុ ដែលសមត្ថកិច្ចរកឃើញ
ទីតាំងលួចកែច្នៃគ្រឿងញៀននៅខេត្តព្រះសីហនុ ដែលសមត្ថកិច្ចរកឃើញ
ដោយ៖ ញឹក សំអូន 

សមត្ថកិច្ចកម្ពុជា បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំ១ថ្មីទៀត នៅខេត្តព្រះសីហនុ ដោយចាប់បានជនល្មើសជាជនជាតិ​ចិនតៃវ៉ាន់ ៧នាក់ រឹបអូសបានសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនជាង១៤តោន និងគ្រឿងញៀន១៦០គីឡូក្រាម ។ អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា  ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងតាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។



ក្រៅពីសារធាតុគីមីផ្សំជាង១៤តោន និងគ្រឿងញៀន១៦០គីឡូក្រាម សមត្ថកិច្ច នៅរឹបអូសវត្ថុតាងមួយចំនួនទៀត ដែលត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការកែច្នៃគ្រឿងញៀន រួមមាន ឆ្នាំងប្រតិកម្ម៥០គ្រឿង ២ កែវប្រតិកម្ម៧គ្រឿង ម៉ាស៊ីនភ្លើង៣គ្រឿង ជើងទម្រធុប្រតិកម្ម៥៩គ្រឿង ម៉ាស៊ីនប្រតិកម្ម៥គ្រឿង ជីឡៅ១០ ម៉ូទ័រក្រឡុក១គ្រឿង និង សំបកធុង២៩៨សំបក ជាដើម។ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា៖«បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី»។ 

ទីតាំងលួចកែច្នៃគ្រឿងញៀននេះ ដែលត្រូវសមត្ថកិច្ច រកឃើញក្នុងខេត្តព្រះសីហនុនេះ មាន២ គឺ ទីតាំងទី១ ស្ថិតនៅចំណុចឃ្លាំងលើ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និង ទីតាំងទី២ ស្ថិតនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។ អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា ជនល្មើស បម្រុងនឹងកែច្នៃសារធាតុគីមីផ្សំជាង១៤តោន ចេញជាគ្រឿងញៀន។ 

ប្រតិបត្តិការបង្ក្រាបករណីលួចកែច្នៃគ្រឿងញៀននៅខេត្តព្រះសីហនុនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការចង្អុលពីក្រោយរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកកិច្ចការបង្ក្រាបគ្រឿងញៀន។ 

លោក អ៊ិន សុង អ្នកនាំពាក្យមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា ជនល្មើសទាំងអស់មាន៧នាក់ ដែលត្រូវចាប់ខ្លួនបាន មិនមែន៦នាក់នោះទេ។ 

សមត្ថកិច្ចកម្ពុជា ធ្លាប់រកឃើញករណីលួចផលិតគ្រឿងញៀននេះ២-៣ដងរួចមកហើយ។ នៅចុងឆ្នាំ២០២១ សមត្ថកិច្ច រកឃើញករណីលួចផលិតគ្រឿងញឿនក្នុងរោងចក្រនៅខេត្តកំពង់ស្ពឺ ដោយរឹបអូសគ្រឿងញៀនជាង២តោន និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជាង៨៤តោន។ នៅខែមករា ឆ្នាំ២០២២ សមត្ថកិច្ច រកឃើញករណីសុំនាំចូលសារធាតុគីមីផ្សំជាង១០០តោន ហើយជនល្មើសក៏លួចកែច្នៃជាគ្រឿងញៀន ដោយបច្ចុប្បន្ន សមត្ថកិច្ច កំពុងតាមចាប់ជនល្មើសទាំងនោះ។ នៅខែឧសភា សមត្ថកិច្ច រកឃើញមន្ទីរពិសោធ៣ទីតាំង ដែលលួចកែច្នៃគ្រឿងញៀន ដោយ១ទីតាំង នៅភ្នំពេញ និង២ទីតាំង នៅខេត្តកំពង់ស្ពឺ ហើយជនល្មើសជាជនជាតិចិនតៃវ៉ាន់៤នាក់ ត្រូវចាប់ខ្លួន៕ 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com