កីឡាជាតិ
AFF U19៖ កម្ពុជាចាញ់ម៉ាឡេស៊ី ២-១
05, Jul 2022 , 4:59 pm        
រូបភាព
រូបថត FFC
រូបថត FFC
 កម្ពុជាបានចាញ់ម៉ាឡេស៊ី ២-១ នាការប្រកួតពូល B នៃព្រឹត្តិការណ៍ AFF U19 Championship 2022 នៅកីឡដ្ឋាន Mandya ក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាល្ងាចថ្ងៃទី៧ ខែឧសភា នេះ។ Muhammad Haqeemi Hairi និង Muhammad Najmuddin Akmal ស៊ុតបាល់បញ្ចូលទីនាំមុខជាបន្តបន្ទាប់នៅនាទី១៣ និង២៩ សម្រាប់ម៉ាឡេស៊ី ហើយ ចាន់ វិបុល ដាវីឌ វាយបកពីក្រោយមួយគ្រាប់ឲ្យកម្ពុជានៅនាទី៥៥។ នេះ ជាបរាជ័យលើកទី៥ ក្នុងជំនួប​៦លើកជាមួយម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ AFF U19 Championship តែជាលើកដំបូងដែលមានការស៊ុតបាល់បញ្ចូលទីលើក្រុមជើងឯករងឆ្នាំ២០១៩មួយនេះ។



ការប្រកួតនៅដើមតង់ទី១ ក្រុមទាំង២ គ្រប់គ្រងបាល់ប្រហាក់ប្រហែលគ្នា។ ពេលចូលដល់នាទី១៣ ខែ្សបម្រើប្រយុទ្ធរបស់ម៉ាឡេស៊ី កីឡាករ Najmudin បានស៊ុតបញ្ចូលទីកម្ពុជា បន្ទាប់ពីទទួលបានបាល់ពីមិត្តរួមក្រុម នាំឲ្យលទ្ធផល ១-០។ ១៧នាទីក្រោយ បន្ទាប់ពីគ្រាប់បាល់ទី១ កីឡាករ Haiqal របស់ម៉ាឡេស៊ី បន្ថែម១គ្រាប់ទៀត។ បន្ទាប់ពី ម៉ាឡេស៊ី នាំមុខ ២-០ កម្ពុជា បានដាក់សម្ពាធទៅលើក្រុមម៉ាឡេស៊ីខ្លះដែរ ដោយបានស៊ុតចំទិសដៅ ៤លើក តែអ្នកចាំទីសង្គ្រោះបាន។ ម៉ាឡេស៊ី នាំមុខ កម្ពុជា ២-០ នៅតង់ទី១។ 
 
ចូលដល់តង់ទី២ អ៊ាវ សុវណ្ណារ៉ា បានប្ដូចេញ និងជំនួសដោយកីឡាករ ចាន់ វិបុលដាវីឌ។ នាទី៥៥ កីឡាករ ចាន់ វិបុលដាវីឌ សម្រេចទីដោយជោគជ័យបន្ទាប់ពី មិត្តរួមក្រុម កីឡាករ ហាវ សុខនេត្រ បញ្ជូនបាល់ នាំឲ្យលទ្ធផល ២-១។  នៅនាទី៦០ កម្ពុជា ប្ដូកីឡាករកម្ពុជា២រូប ដោយ កីឡាករ វ៉ាន់ វីត ប្ដូចេញ និងជំនួសដោយ ហេង សុវណ្ណបញ្ញា និង កីឡាករ ហាវ សុខនេត្រ ចេញ និងជំនួសវិញដោយ វឿន វ៉ា។ ៨នាទីក្រោយការប្ដូកីឡាករ២រូបនេះ កម្ពុជា ប្ដូកីឡករមួយរូបបន្ថែមទៀត ដោយ ស៊ិន សុវណ្ណមករា ប្ដូជំនួស កីឡាករ លឹម អារុណរ៉េយមិន។
 
កម្រិតនៃការគ្រប់គ្រងបាល់ និងបច្ចេកទេសគឺប្រហាក់ប្រហែលគ្នា តែជម្រើសជាតិ ម៉ាឡេស៊ី មានឱកាសជាច្រើនលើក ដោយស៊ុតចំអ្នកចាំទីកម្ពុជា តែត្រូវអ្នកចាំទីសង្គ្រោះបាន។ លទ្ធផលបញ្ចប់តង់ កម្ពុជា ចាញ់ ម៉ាឡេស៊ី ២-១។ 
 
កម្ពុជា នៅសល់២ប្រកួតទៀត ដោយថ្ងៃទី៧ ត្រូវប្រកួតជាមួយ ឡាវ និងថ្ងៃទី១១ ខែកក្កដា ប៉ះជាមួយ ទីម័រខាងកើត នៅកីឡដ្ឋាន Mandya នៃប្រទេសឥណ្ឌូណេស៊ី ក្នុងព្រឹត្តិការណ៍ AFF U-19 Championship៕
 

© រក្សាសិទ្ធិដោយ thmeythmey.com