អន្តរជាតិ
វៀតណាម កំណត់កំណើនសេដ្ឋកិច្ច៧ភាគរយក្នុងឆ្នាំ២០២២
05, Jul 2022 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម Nguyen Chi Dung ថ្ងៃទី៤ ខែកក្កដា បាន​ប្រកាស​ដាក់គោល​ដៅកំណើនសេដ្ឋកិច្ច៧ភាគរយក្នុងឆ្នាំ២០២២។ គោលដៅថ្មី​នេះមានអត្រាខ្ពស់ជាងគោល​ដៅកំណត់លើកមុនដែលកំណត់ត្រឹមចន្លោះ៦ទៅ៦,៥ភាគរយ​។


នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលវៀតណាមនៅថ្ងៃទី៤ ខែកក្កដា រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ Nguyen Chi Dung បានរាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកក្នុង​រយៈពេលប្រាំ​មួយ​ខែ​ដំបូ​ង​ឆ្នាំ២០២២។ ក្នុងរយៈ​ពេល៦ខែដំបូងនេះ ផលិតផលក្នុងស្រុក​សរុប (GDP) របស់វៀតណាមត្រូវ​បាន​ប៉ាន់ស្មានថាកើន​ដល់៦,៤២​ភាគរយ លើសឆ្នាំ ២០២១ ដែលសម្រេចបាន៥,៧៤ភាគរយ​ប៉ុណ្ណោះ។ ​
 
ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល វៀតណាមចាប់ផ្តើមដកការរឹតត្បឹតដោយ​អនុញ្ញាត​ឱ្យ​រោងចក្រដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បើកដំណើរការឡើងវិញបានពេញលេញតាំងពីចុងឆ្នាំ ២០២១។ ការណ៍​នេះធ្វើឱ្យសេដ្ឋកិច្ចវៀតណាមចាប់ផ្ដើមកើនឡើងវិញ ខណៈឆ្នាំមុនប្រទេសអាស៊ី​អាគ្នេយ៍មួយនេះមាន​កំណើនសេដ្ឋកិច្ចត្រឹម ២,៥៨ភាគរយប៉ុណ្ណោះ ដែលជាអត្រាទាប​បំផុត​ក្នុង​រយៈពេលជា​ច្រើនទសវត្សរ៍មកនេះ ព្រោះជំងឺកូវីដ-១៩ វាយលុកពេញបន្ទុក។
 
ផ្អែកលើស្ថានភាពសេដ្ឋកិច្ច៦ខែដើមឆ្នាំ២០២២ ក្រសួង​ផែនការ និងវិនិយោគវៀតណាម​អាច​ព្យាករណ៍កំណើនសេដ្ឋកិច្ចនៅចុងឆ្នាំនេះ។ លោក Nguyen Chi Dung បានប្រកាស​ដាក់​គោលដៅ​កំណើនសេដ្ឋកិច្ចថ្មីសម្រាប់ឆ្នាំ ២០២២ ឱ្យកើនដល់៧ភាគរយ ខណៈគោល​ដៅចាស់បាន​កំណត់​ត្រឹម៦ទៅ៦,៥​ភាគរយ។
 
ដើម្បីទៅដល់គោលដៅនេះ សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី៣ ត្រូវតែកើនដល់៩ភាគរយ ហើយ​ត្រីមាសទី៤ ត្រូវតែកើនឡើងឱ្យបាន៦,៣ភាគរយ។ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ សេដ្ឋកិច្ចវៀតណាម​បានហក់ឡើង​ដល់ចំណុចខ្ពស់បំផុតគឺ ៧,៧២ភាគរយគិតចាប់ពីឆ្នាំ​២០១១មក ដោយសារ​កំណើន​ការនាំចេញ។ 
 
ទោះជាស្ថានភាពសេដ្ឋកិច្ចវៀតណាមបច្ចុប្បន្ន កំពុងមានភាពល្អប្រសើរក៏ដោយ ប្រទេស​នេះនៅមាន​បញ្ហាប្រឈមជាច្រើនទាក់ទងនឹងតម្លៃប្រេងសាំង អតិផរណា ការផ្គត់ផ្គង់ និង​តម្លៃវត្ថុ​ធាតុដើម ក៏​ដូច​ជាកង្វះ​កម្លាំងពលកម្មក្នុងស្រុក ដែលសុទ្ធតែជាបញ្ហាអាចបង្ក​ហានិភ័យ​ដល់សេដ្ឋកិច្ចក្នុង​រយៈពេ​ល​៦​ខែខាងមុខនៃឆ្នាំ ២០២២។
 
ដើម្បីឈានដល់​គោលដៅសេដ្ឋកិច្ចថ្មី លោក Nguyen Chi Dung បានស្នើឱ្យយកចិត្តទុក​ដាក់លើ​គោលនយោបាយរូបិយវត្ថុ និង​អត្រាប្តូរប្រាក់ ដើម្បីបំពេញតម្រូវការផលិតកម្ម និងស្តារ​អាជីវកម្ម​ឡើង​វិញ។ លើសពីនេះ ស្ថាប័នពាក់ព័ន្ធឥណទានទាំងអស់ត្រូវរៀបចំ​គោលនយោបាយ​ដើម្បីកាត់បន្ថយ​អត្រាការប្រាក់ដែរ។ ចំណែកគោលនយោបាយពាណិជ្ជកម្ម និងផលិតកម្មក៏ជាកត្តាត្រូវយកចិត្ត​ទុកដាក់ដើម្បីឈានដល់​គោលដៅសេដ្ឋកិច្ច៧ភាគ​រយ៕ 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com