អន្តរជាតិ
នាយករដ្ឋមន្រ្តីស្រីលង្កា ត្រូវការពេលមួយឆ្នាំកន្លះដើម្បីស្តារសេដ្ឋកិច្ចប្រទេស
05, Jul 2022 , 8:29 pm        
រូបភាព
ប្រជាជនស្រីលង្កាតម្រង់ជួរចាក់សាំងយានជំនិះរបស់ខ្លួន។ រូបថត Xinhua
ប្រជាជនស្រីលង្កាតម្រង់ជួរចាក់សាំងយានជំនិះរបស់ខ្លួន។ រូបថត Xinhua
ដោយ:
នាយករដ្ឋមន្រ្តីស្រីលង្កា Ranil Wickremesinghe បង្ហាញការជឿជាក់ថា លោកនឹងអាចធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចប្រទេសត្រឡប់មកដូចដើមវិញក្នុងរយៈពេល១៨ខែ។ នេះបើតាមកិច្ចសម្ភាសជាមួយទូរទស្សន៍ Al Jazeera ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ស្របពេលវិបត្តិសេដ្ឋកិច្ចនៅស្រីលង្កាកំពុងជាប់ផុងរកដំណោះស្រាយមិនឃើញ។

 
លោក Ranil Wickremesinghe កាលពីខែឧសភា បានស្បថចូលកាន់ដំណែងជានាយករដ្ឋមន្រ្តីស្រីលង្កាជាផ្លូវការលើកទី៦​ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលប្រទេសកំពុងប្រឈម។ ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ចនៅស្រីលង្កាកាន់តែយ៉ាប់យ៉ឺនទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយខ្វះទុនបម្រុងមិនអាចនាំចូលប្រេងឥន្ទនៈ ស្បៀង និងថ្នាំពេទ្យដែលកំពុងត្រូវការជាចាំបាច់បាន។
 
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Al Jazeera នៅរដ្ឋធានីកូឡុំបូដែលចេញផ្សាយនៅថ្ងៃទី៥ ឃែកក្កដា មេដឹកនាំស្រីលង្កាវ័យ៧៣ឆ្នាំរូបនេះ និយាយថា ឆ្នាំ២០២៣ខាងមុខ ស្រីលង្កានឹងនៅតែមានការលំបាក ប៉ុន្តែអ្វីៗនឹងប្រសើរឡើងនៅឆ្នាំ២០២៤។ 
 
« ខ្ញុំមានទំនុកចិត្តថា ខ្ញុំអាចស្តារសេដ្ឋកិច្ចឱ្យត្រឡប់មកដូចដើមវិញ»។ លោក Wickremesingheលើកឡើងបែបនេះ។​ បើតាមលោក Wickremesinghe ប្រទេសកំពុងតែស្ថិតក្នុងស្ថានភាពអាក្រក់ទៅហើយ ដូច្នោះលោកមានតែខិតខំដើម្បីជួយប្រទេសឱ្យរួចផុតពីវិបត្តិនាពេលបច្ចុប្បន្នសិន។
 
លើសពីនេះ នាយករដ្ឋមន្រ្តីស្រីលង្កាបញ្ជាក់ថា ប្រទេសកោះនេះនឹងត្រូវខ្វះប្រេងឥន្ទនៈយ៉ាងហោចណាស់ដល់ចុងខែកក្កដាទម្រាំការដឹកជញ្ជូនប្រេងបន្ទាប់មកដល់។ បច្ចុប្បន្នស្ថាប័នរដ្ឋមួយចំនួន និងសាលារៀននៅតែបន្តបិទដើម្បីកាត់បន្ថយការធ្វើដំណើរ។ ខណៈកំពុងខ្វះទុនបម្រុង ស្រីលង្កាបានទិញប្រេង ដោយប្រើឥណទានឥណ្ឌា និងលុយដែលទទួលបានពីជនចំណាកស្រុកធ្វើការនៅបរទេស។ 
 
ជាមួយគ្នានេះ រដ្ឋអាស៊ីខាងត្បូងនេះ ក៏កំពុងពិភាក្សាជាមួយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីស្នើសុំកញ្ចប់ជំនួយបន្ថែមដើម្បីដោះទ័លក្នុងប្រទេសដែរ។ យ៉ាងណាមិញ លោក Wickremesinghe នៅថ្ងៃទី៥ ខែកក្កដា ប្រាប់សមាជិកសភាថា កិច្ចពិភាក្សាជាមួយប្រតិភូ IMF ទទួលបានផ្លែផ្កាពិតមែន តែ​វាមានលក្ខណៈស្មុគស្មាញ និងពិបាកជាងពេលមុនៗ ដោយសារស្រីលង្កាជាប្រទេសក្ស័យធន់មិនមែនជាប្រទេសកំពុងអភិវឌ្ឍដូចមុនទេ៕
 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com