កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានសហព័ន្ធបាល់ទាត់អូស្ត្រាលី៖ អូស្ត្រាលីគួរសម្លឹងរកឱកាសធ្វើជាសហម្ចាស់ផ្ទះ World Cup ជាមួយប្រទេសអាស៊ីអាគ្នេយ៍
05, Jul 2022 , 9:29 pm        
រូបភាព
ប្រទេសអូស្ត្រាលីគួរតែសម្លឹងរកមើលលទ្ធភាពក្នុងការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ក្រោយពេលប្រទេសនេះទទួលបានសិទ្ធិធ្វើជាសហម្ចាស់ផ្ទះ Women’s World Cup 2023 ជាមួយនូវែលសេឡង់។ ប្រធានសហព័ន្ធបាល់ទាត់អូស្ត្រាលីលោក James Johnson និយាយបែបនេះ ថ្ងៃទី៤ ខែកក្កដា។


លោក Johnson លើកឡើងថា​ អូស្ត្រាលី នឹងចូលរួមជាមួយ នូវែលសេឡង់ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួមគ្នាម្តងទៀត ខណៈពេលដែលអូស្ត្រាលីក៏សម្លឹងរកដៃគូសហការផ្សេងទៀតជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍។
 
«កាណាដា បានចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ស្ត្រីក្នុងឆ្នាំ ២០១៥ ហើយពេលនេះពួកគេបានក្លាយជា សហម្ចាស់ផ្ទះ World Cup បុរសឆ្នាំ ២០២៦។ ខ្ញុំគិតថា យើងគួរតែសម្លឹងរកមើលដៃគូក្នុងតំបន់ ពិតណាស់ពេលនេះជាមួយនូវែលសេឡង់។ ប៉ុន្តែយើងក៏នឹងស្វែងរកមើលដៃគូជាប្រទេសតំបន់អាស៊ីអាគ្នេយ៍ដែរ។»។ លោក Johnson និយាយបែបនេះពីកម្មវិធីមួយនៅទីក្រុង Brisbane នៅថ្ងៃទី៥ ខែកក្កដា។
 
អូស្ត្រាលីធ្លាប់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2022 ប៉ុន្តែសិទ្ធិធ្វើជាម្ចាស់ផ្ទះបានធ្លាក់ទៅក្នុងដៃកាតា ខណៈពេលកាណាដា ម៉ិកស៊ិក និងអាម៉េរិក ត្រូវធ្វើជាសហម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៦។ សម្រាប់ World Cup នៅកាតា អូស្ត្រាលីក៏ជាក្រុមដែលឈ្នះ១កៅអីពីការប្រកួតជម្រុះអន្តរទ្វីប ដោយយកឈ្នះលើប៉េរូ ក្នុងវគ្គបាល់កាត់សេចក្តី១១ម៉ែត្រ។
 
ដោយឡែក ក្រោយពេលចិន ប្រកាសបោះបង់សិទ្ធិជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup 2023 អូស្ត្រាលីក៏បានបង្ហាញចំណាប់អារម្មណ៍ចង់ដេញថ្លៃជាម្ចាស់ផ្ទះដូចគ្នា បើទោះខ្លួនត្រូវរៀបចំ World Cup នារីក្តី។ កាលពីថ្ងៃទី២១ ខែមិថុនា សហព័ន្ធបាល់ទាត់អូស្ត្រាលីបានប្រកាសថា​ ខ្លួនបានពិភាក្សាជាមួយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC សម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Asian Cup ជំនួសចិន។
 
គួររំលឹកដែរ ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា នឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ៕
 

Tag:
 World Cup
  Australia
© រក្សាសិទ្ធិដោយ thmeythmey.com