កីឡាអន្តរជាតិ
អន្តរជាតិ
PSG ចែកផ្លូវជាមួយ Pochettino ហើយក្រោយរួមរស់រយៈពេល ១៩ខែ
05, Jul 2022 , 6:04 pm        
រូបភាព
រូបភាព៖ Eurosport
រូបភាព៖ Eurosport
ក្លិប Paris Saint Germain ថ្ងៃទី៥ ខែកក្កដា ប្រកាសចែកផ្លូវជាមួយលោក Mourincio Pochettino ហើយខ្លួនក៏ត្រៀមប្រកាសពីការតែងតាំងអតីតគ្រូបង្វឹកក្រុម OGC Nice លោក Christophe Galtier ជាអ្នកចាត់ការថ្មី។

 
PSG បញ្ចប់តំណែងលោក Pochettino ក្រោយពេលគ្រូបង្វឹករូបនេះ បានធ្លាក់ប្រជាប្រិយភាពក្នុងការកាន់តំណែងជាអ្នកចាត់ការ បន្ទាប់ពីក្រុមធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្មីជើងក្រុម Real Madrid នៅវគ្គ១៦ក្រុម។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដឹកនាំការងារនៅ PSG រយៈពេល ១៩ខែ ហើយជួយ PSG ឈ្នះពាន Ligue 1 ១លើក និងពាន French Cup ១លើក។
 
មុនពេលប្រកាសចែកផ្លូវគ្នានេះទៀតសោត លោក Nasser Al-Khelaifi ប្រធានក្លិប PSG ក៏ធ្លាប់បានប្រកាសម្តងរួចហើយថា ក្លិបបានតែទាត់ទងលោក Galtier ដែលជាគ្រូរបស់ក្រុម OGC Nice ដើម្បីមកជំនួសលោក Pochettino។ 
 
«Paris Saint Germain សម្រេចបញ្ចប់តួនាទីរបស់លោក Mauricio Pochettino ជាមួយក្លិប ហើយក្លិបក៏ចង់អរគុណលោក Mauricio Pochettino និងក្រុមការងារសម្រាប់ការបំពេញតួនាទីនិងការងារកន្លងមក យើងជូនពរលោកឱ្យមានអនាគតកាន់តែល្អបន្ថែមទៀត។»។ បើតាមការបង្ហោះលើគេហទំព័រ Twitter ពីក្លិប PSG។
 
មិនត្រឹមតែប៉ុណ្ណោះ លោក Christophe Galtier ក៏ត្រូវបានកាសែតជាច្រើនរំពឹងដែរថានឹងត្រូវបានក្លិបប្រកាសពីការចូលកាន់តំណែង ជំនួសអតីតគ្រូបង្វឹកក្រុម Tottenham Hotspur ឆាប់ៗខាងមុខនេះ។ 
 
ការប្រកាសចែកផ្លូវនេះទៀតសោត កើតឡើងចំពេលដែល កីឡាករឆ្នើមលំដាប់ពិភពលោក Lionel Messi និង Neymar កំពុងតែធ្វើដំណើរដើម្បីមកចូលរួមការហ្វឹកហាត់ត្រៀមបើករដូវកាលថ្មីជាមួយក្រុមផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com