កីឡាជាតិ
ជាតិ
AFF Women៖ បាល់ទាត់ជម្រើសជាតិនារីកម្ពុជាប្រកួតស្មើឡាវ ១-១
05, Jul 2022 , 8:14 pm        
រូបភាព
ដោយ៖ហៀក ឆក

ក្រុមបាល់ទាត់នារីជម្រើសកម្ពុជា ស្មើក្រុមនារីឡាវ ១-១ នាជំនួបវគ្គជម្រុះពូលB ព្រឹត្តិការណ៍ AFF Women’s Championship2022 នៅកីឡដ្ឋាន Binan Stadium រាត្រីថ្ងៃទី៥ ខែកក្កដា។ ជំនួបដំបូងនេះកម្ពុជា និងឡាវទទួលបាន១ពិន្ទុ រៀងៗខ្លួន។



នៅវគ្គទី១ ក្រុមនារីកម្ពុជា សម្រុកណាស់ដែរតែមិនមានសំណាងក្នុងការរកគ្រាប់បាល់បានដោយស៊ុតចេញ២លើក, ខណៈក្រុមឡាវវាយបកត្រលប់មកវិញរកបានគ្រាប់ទី១ ឲ្យក្រុមនៅនាទី១៩ ដោយខ្សែប្រយុទ្ធ Thong Savang ក្រោយទទួលបានបាល់ពីជ្រុងដោយកីឡាការិនី Sone Chanthala។ បញ្ចប់ក្នុងវគ្គទី១ ឡាវ១-០ កម្ពុជា។
 
ចូលដល់វគ្គទី២ ក្រុមទាំងពីរបន្តសម្រុកគ្នាទៅវិញទៅមកដែរតែពុំមានគ្រាប់បាល់កើតឡើងឡើយ។ ខណៈអ្វីៗបានប្រែប្រួលក្រឡាប់ផ្កាប់ផ្ងារនៅនាទី៩០ ចុងវគ្គទី២ ដោយកម្ពុជាទទួលបានបាល់ពិន័យ១១ ម៉ែត្រ បន្ទាប់ពីខ្សែបម្រើឡាវ បង្ករកំហុសនៅក្នុងតំបន់គ្រោះថ្នាក់ក្នុងការប្រជែងបាល់ពីកីឡាការិនី ពឿន គន្ធា។ កីឡាការិនី ពឿន គន្ធា ជាអ្នករ៉ាប់រងការទាត់បាល់ពិន័យនេះ ដោយបានបញ្ចប់ទីក្រោមថ្វីជើងខាងស្តាំទម្លាយសំណាញ់ទី ឡាវ បានសម្រេច។ បញ្ចប់ការប្រកួត កម្ពុជា ១-១ ឡាវ។
 
បញ្ចបការប្រកួត ស្ថិតិក្រុមកម្ពុជា គ្រប់គ្រងបាល់បាន ៤៧ភាគរយ ស៊ុតចេញ៨ជើង ចំគោលដៅ ៧ជើង និងមានបាល់ជ្រុង ៥លើក ខណៈក្រុមឡាវ គ្រប់គ្រងបាល់បាន ៥៣ភាគរយ ស៊ុតចេញបាន១៦ជើង ចំគោលដៅ ៦ជើង និងមានបាល់ជ្រុង ៤លើក។
 
កម្ពុជា និងឡាវ ទទួលបានម្នាក់១ពិន្ទុ ក្នុងពូលB ប្រកួតបន្ទាប់របស់កម្ពុជា ជួបវៀតណាម ថ្ងៃទី៧ ជួបមីយ៉ាន់ម៉ា ថ្ងៃទី៩ និងជួបទីម័រថ្ងៃទី១៣ ខែកក្កដា រីឯឡាវ  ជួបទីម័រ ថ្ងៃទី៧, ថ្ងៃទី៩ ជួបវៀតណាម និងជួបមីយ៉ាន់ម៉ា ថ្ងៃទី១១ ខែកក្កដា ៕
 
 

Tag:
 បាល់ទាត់
  AFF Women
© រក្សាសិទ្ធិដោយ thmeythmey.com