អន្តរជាតិ
សមាជិកណាតូ ចុះហត្ថលេខាលើពិធីសារចូលជាសមាជិករបស់ស៊ុយអែតនិងហ្វាំងឡង់
06, Jul 2022 , 9:59 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ អគ្គលេខាធិការណាតូ និងរដ្ឋមន្រ្តីការបរទេសស៊ុយអែត ក្នុងជំនួបនៅទីស្នាក់ការណាតូ។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ អគ្គលេខាធិការណាតូ និងរដ្ឋមន្រ្តីការបរទេសស៊ុយអែត ក្នុងជំនួបនៅទីស្នាក់ការណាតូ។ រូបថត AFP
សមាជិកសម្ព័ន្ធយោធាណាតូទាំង៣០ នៅថ្ងៃទី៥ ខែកក្កដា បានចូលរួមចុះហត្ថលេខាលើពិធីសារ​ចូល​ជាសមាជិកសម្រាប់ហ្វាំងឡង់ និងស៊ុយអ៊ែតនៅទីស្នាក់ការកណ្ដាលក្នុង​ទីក្រុងព្រុចសែល​ទឹកដី​បែលហ្ស៊ិក។ ប៉ុន្តែប្រទេសទាំងពីរនៅត្រូវការសភាប្រទេស សមាជិកនីមួយៗផ្ដល់​សច្ចាប័នទៀត​ទើប​អា​ចចូលជាសមាជិកបានពេញលេញ។

 
អំឡុងសន្និសីទកាសែតនៅថ្ងៃទី៥ ខែកក្កដាបន្ទាប់ពីការចុះហត្ថលេខាលើពិធីសារសម្រាប់​ហ្វាំងឡង់ និងស៊ុយអ៊ែត អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jens Stoltenberg ថ្លែងថា នេះជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ហើយជាមួយសមាជិក៣២ប្រទេសជុំវិញពិភពលោក សម្ព័ន្ធយោធាណាតូ​នឹងកា​ន់​តែ​ខ្លាំង​ជាងមុន។ លោក Stoltenberg ក៏បានជំរុញឱ្យ សម្ព័ន្ធមិត្តទាំងអស់ផ្ដល់​សច្ចាប័ន​រហ័ស​សម្រាប់​ប្រទេស​អឺរ៉ុបខាងជើងទាំងពីរផងដែរ។
 
«សន្តិសុខរបស់ហ្វាំងឡង់ និងស៊ុយអែតមានសារសំខាន់សម្រាប់សម្ព័ន្ធយោធារបស់យើងរួមទាំង​ក្នុង​ពេលដំណើរការផ្តល់សច្ចាប័នផងដែរ»។ លោក Stoltenberg លើកឡើងបែបនេះរួចបញ្ជាក់ថា សម្ព័ន្ធមិត្តជាច្រើនបានប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ចំពោះសន្តិសុខរបស់ហ្វាំងឡង់ និងស៊ុយអែត ហើយ​សម្ព័ន្ធយោធាណាតូក៏បានបង្កើនវត្តមាននៅក្នុងតំបន់រួមទាំងការធ្វើសមយុទ្ធជាច្រើនទៀត។
 
ការចុះហត្ថលេខាលើពិធីសារចូលជាសមាជិកនេះមានន័យថា ស៊ុយអ៊ែត និងហ្វាំងឡង់អាចចូលរួម​នៅ​ក្នុងកិច្ចប្រជុំនានារបស់សម្ព័ន្ធយោធាណាតូ ហើយក៏អាចមានសិទ្ធិចូលប្រើប្រាស់ព័ត៌មានសម្ងាត់​របស់​សម្ព័ន្ធយោធាមួយនេះកាន់តែទូលាយផងដែរ។ ប៉ុន្តែប្រទេសទាំងពីរនឹងមិនត្រូវបានការពារ​ដោយ​ច្បាប់​ដែលចែងពីការការពារគ្នាទៅវិញទៅមកឡើយ លុះត្រាតែសភាប្រទេសសមាជិកទាំងអស់​យល់​ព្រម​ផ្ដល់សច្ចាប័នសិន។ ​ការផ្ដល់សច្ចាប័ននេះកន្លងមក ​ចំណាយពេលរហូតដល់មួយ​ឆ្នាំ​ឯណោះ។
 
នៅថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសស៊ុយអ៊ែតលោកស្រី Ann Linde បានបង្កោះសារលើបណ្ដាញសង្គម Twitter​ ជាមួយការអរគុណដល់ការគាំទ្ររបស់សម្ព័ន្ធយោធាណាតូ ហើយលោកស្រីក៏ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយសម្ព័ន្ធណាតូដើម្បីចូលរួមធានាសន្តិសុខជារួមផងដែរ។
 
ការចុះហត្ថលេខាលើពិធីសារនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយរវាងតួកគី និង ស៊ុយអ៊ែត និងហ្វាំងឡង់កាលពីសប្តាហ៍មុននៅទីក្រុងម៉ាឌ្រីដ។ តួកគីបានយល់ព្រមដកការវ៉េតូរបស់​ខ្លួន បន្ទាប់ពីប្រទេសទាំងពីរបានធានា​នឹងចាត់វិធានការបន្ថែមទៀត​ដើម្បីប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម និងក្រុមសកម្មប្រយុទ្ធដែលតួកគីចាត់ទុកថាបង្កអសន្តិសុខសម្រាប់ខ្លួន។
យ៉ាងណាមិញ កាលពីថ្ងៃទី៣០ ខែមិថុនា ប្រធានាធិបតីតួកគី Recep Tayyip Erdogan​ ព្រមានថា ប្រសិនបើស៊ុយអ៊ែត និងហ្វាំងឡង់មិនធ្វើតាមការសន្យានៃកិច្ចព្រមព្រៀងគ្នាខាងលើនោះទេ នោះការ​ផ្តល់សច្ចាប័នឱ្យប្រទេសទាំងពីរចូលជាសមាជិកនឹងមិនត្រូវបានបញ្ជូនទៅសភាតួកគីឱ្យសម្រេច​នោះ​ឡើយ៕
 

Tag:
 ណាតូ
  ស៊ុយអែត
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com