អន្តរជាតិ
លោក ម៉េដវ៉េដេវ ព្រមានថា តម្លៃប្រេងនឹងឡើងថ្លៃកាន់តែខ្លាំងប្រសិនបើជប៉ុនកំណត់តម្លៃប្រេងរុស្ស៊ី
06, Jul 2022 , 10:44 am        
រូបភាព
អតីតប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី ម៉េដវ់េដេវ។ រូបថត AFP
អតីតប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី ម៉េដវ់េដេវ។ រូបថត AFP
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាអតីតប្រធានាធិបតី ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) នៅថ្ងៃទី៥ខែកក្កដា ព្រមានថា សំណើដែលបានរាយការណ៍ពីជប៉ុនដើម្បីកាត់ប​ន្ថយ​តម្លៃ​ប្រេងរបស់រុស្ស៊ីនៅប្រហែលពាក់កណ្តាលតម្លៃបច្ចុប្បន្ន នឹងនាំឱ្យចំនួនប្រេងនៅលើទីផ្សារធ្លាក់ចុះ ហើយអាចជំរុញឱ្យតម្លៃប្រេងកើនឡើងលើសពី៣០០ទៅ៤០០ដុល្លារក្នុងមួយបារ៉ែលឯ​ណោះ​។

 
កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានស្នើទៅកាន់ក្រុមប្រទេសសេដ្ឋកិច្ច​រីក​ចម្រើនទាំង៧ (G7) ឱ្យមានការកំណត់តម្លៃប្រេងរបស់រុស្ស៊ីនៅប្រហែលពាក់កណ្តាល​តម្លៃបច្ចុប្បន្ន។ នេះជាចំណាត់ការដែលលោកខាងលិចព្យាយាមអនុវត្តដើម្បីដាក់សម្ពាធលើចំណូលសេដ្ឋកិច្ចរុស្ស៊ី។
 
យ៉ាងណាមិញ លោក ឌីមីទ្រី ម៉េដវ៉េដេវ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាមនុស្សជំនិតប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី៥ ខែកក្កដា បានបង្ហោះសារព្រមានលើបណ្ដាញសង្គមពីចំណាត់ការនេះ។ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះអះអាងថា ប្រសិន​បើសំណើមួយនេះត្រូវបានអនុវត្តនោះ ជាលទ្ធផលជប៉ុននឹងមិនមានប្រេង ឬឧស្ម័នពីរុស្ស៊ីឡើយ ហើយ​ជប៉ុនក៏មិនអាចចូលរួមនៅក្នុងគម្រោង​ឧស្ម័នធម្មជាតិរាវ Sakhalin-2 នៅតំបន់ចុងបូព៌ាផងដែរ។
 
«ប្រេងនឹងមានតិចនៅលើទីផ្សារ ហើយតម្លៃរបស់វានឹងខ្ពស់ជាងតម្លៃបច្ចុប្បន្នច្រើន»។ លោក ម៉េដវ៉េដេវ អះអាងបែបនេះរួចបន្តថា តាមការព្យាករណ៍តម្លៃប្រេងអាចកើនដល់៣០០ទៅ៤០០ដុល្លារ​ក្នុង​មួយ​បារ៉ែលឯណោះ។
 
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីសប្ដាហ៍មុនបានចុះហត្ថលេខាលើក្រឹត្យដែលបើកផ្លូវឱ្យរុស្ស៊ីគ្រប់គ្រងពេញលេញលើគម្រោងឧស្ម័ន និងប្រេង Sakhalin-2 នៅភាគខាងកើតរុស្ស៊ី។ នេះជាវិធានការមួយដែលនឹងបង្ខំឱ្យក្រុមហ៊ុនប្រេង Shell របស់ចក្រភពអង់គ្លេស ក៏ដូចជាក្រុមហ៊ុន​ជប៉ុន Mitsui & Co និង Mitsubishi Corp ចាកចេញពីរុស្ស៊ី៕
 
 
 

Tag:
 ជប៉ុន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com