អន្តរជាតិ
អាម៉េរិក បញ្ជូនយន្តហោះចម្បាំង F-35 ៦គ្រឿងទៅកូរ៉េខាងត្បូង
06, Jul 2022 , 12:29 pm        
រូបភាព
យន្តហោះចម្បាំង F-35A ៦គ្រឿងរបស់កងទ័ពអាកាសអាម៉េរិកនៅថ្ងៃទី៥ ខែកក្កដា បានហោះទៅដល់ទឹកដីកូរ៉េខាងត្បូងក្នុងដំណើរដែលបានប្រកាសជាសាធារណៈលើកដំបូងបំផុតចាប់តាំងពីឆ្នាំ ២០១៧។ វត្តមានយន្តហោះទំនើបនេះកូរ៉េខាងត្បូងនេះ ត្រូវមើលឃើញជាការបង្ហាញសាច់ដុំរបស់សម្ព័ន្ធមិត្ត សំដៅកូរ៉េខាងជើងដែលបញ្ចេញសាច់ដុំរបស់ខ្លួនជាបន្តបន្ទាប់។


កូរ៉េខាងត្បូងក្រោមការដឹកនាំរបស់ប្រធានាធិបតី យូន សុកយ៉ល ដែលចូលកាន់តំណែងកាលពីខែឧសភា បានព្យាយាមបង្កើនសាច់ដុំយោធារបស់ខ្លួន ព្រមគ្នានឹងអានុភាពយោធារួមគ្នាជាមួយអាម៉េរិកដើម្បីជាសារតបទៅកូរ៉េខាងជើង។
 
បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូងយន្តហោះ F-35A ចំនួនប្រាំមួយគ្រឿង នឹងស្ថិតនៅក្នុងកូរ៉េខាងត្បូងរយៈពេល ១០ ថ្ងៃ។ 
 
«គោលបំណងនៃការដាក់ពង្រាយនេះគឺដើម្បីបង្ហាញពីការអំណាចយោធាដ៏ខ្លាំងក្លា និងជំហរការពាររួមគ្នានៃសម្ព័ន្ធភាពអាម៉េរិក-កូរ៉េខាងត្បូង ក៏ដូចជាការធ្វើឱ្យប្រសើរឡើងអន្តរប្រតិបត្តិការរវាងកងទ័ពអាកាសកូរ៉េខាងត្បូង និងកងទ័ពអាកាសអាម៉េរិក»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងចេញថ្ងៃទី៥ ខែកក្កដា។
 
លើសពីនេះ អ្នកនាំពាក្យកងកម្លាំងអាម៉េរិកនៅកូរ៉េ (USFK) លើកឡើងថា នេះជាការដាក់ពង្រាយជាសាធារណៈលើកដំបូងនៃយន្តហោះចម្បាំងជំនាន់ទី ៥ ទៅកាន់កូរ៉េខាងត្បូងចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧ មក។ បើតាមUSFK កូរ៉េខាងត្បូងបានទិញយន្តហោះ F-35A ផ្ទាល់ខ្លួនចំនួន៤០គ្រឿងរួចហើយពីអាម៉េរិក ហើយកំពុងរៀបចំទិញ២០គ្រឿងបន្ថែមទៀត។ 
 
កន្លងមក កូរ៉េខាងជើងបានរិះគន់សមយុទ្ធរួមរវាងអាម៉េរិក និងកូរ៉េខាងត្បូង ក៏ដូចជាការទិញសព្វាវុធរបស់កូរ៉េខាងត្បូង និងចាត់ទុកជាឧទាហរណ៍នៃគោលនយោបាយអរិភាពចំពោះខ្លួន ដែលផ្ទុយពីការអះអាងរបស់អាម៉េរិកក្នុងការចរចាដោយគ្មានលក្ខខណ្ឌជាមុនជាមួយកូរ៉េខាងជើង៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com