ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី៖ សវនាការរបស់លោក កឹម សុខា នៅតែជួបភាពតានតឹងដាក់គ្នា និងមិនទៅមុខ
06, Jul 2022 , 1:28 pm        
រូបភាព
រូបពី AFP
រូបពី AFP
មិនខុសប្លែកពីលើកមុនៗឡើយ សវនាការលើកទី៤៧លើសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ បន្តកើតមាននូវភាពតាងតឹងដាក់គ្នារវាងភាគីលោក កឹម សុខា ជាមួយភាគីចោទប្រកាន់ មានតំណាងអយ្យការ និងមេធាវីតំណាងរដ្ឋាភិបាល។ លោក ចាន់ ចេន មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា បានរៀបរាប់ពីទិដ្ឋភាពនេះក្នុងសវនាការ ដល់ក្រុមអ្នកកាសែត នៅមុខតុលាការភ្នំពេញ។



ក្រៅពីបង្ហាញភាពតានតឹងក្នុងសវនាការ លោកមេធាវី ចាន់ ចេន ក៏ត្អូញត្អែរតិចតួចដែរ ពីភាពមិនសូវទៅមុខលើការជំនុំជម្រះរឿងក្តីរបស់លោក កឹម សុខា។ លោក បរិយាយដូច្នេះថា៖«មែនទែន វា អត់ខុសទេ តាំងពីសវនាការលើកទី១ រហូតដល់លើកចុងក្រោយនេះ វា អត់ធូរទេ វា មានលក្ខណៈតានតឹង។ តានតឹងហ្នឹង វា ជាការតឹងតឹងលក្ខណៈប្រក្រតីទៅហើយ  វា ធម្មតាក្នុងសវនាការ។ ខ្ញុំ យល់ថា វា អត់មានអីជឿនលឿនទៅមុខទេ»។

សវនាការលើកទី៤៨ នឹងបន្តនៅសប្តាហ៍ក្រោយទៀត គឺនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ លោក ចាន់ ចេន បន្តថា ក្នុងសវនាការលើកទី៤៧នេះ ក្រុមប្រឹក្សាជំនុំជម្រះ បានយកវីដេអូនៃការធ្វើបាតុកម្មនៅស្ពានក្បាលថ្នល់ កាលពីឆ្នាំ២០១៣ ទៅចាក់បង្ហាញ ហើយចោទសួរលោក កឹម សុខា។ បើតាមលោកមេធវីរូបនេះ លោក កឹម សុខា ជម្រាបដល់អង្គសវនាការថា លោក ពុំបានដឹងពីរឿងបាតុកម្មនៅស្ពានក្បាលថ្នល់ឡើយ ហើយប្រកាសមិនទទួលខុសត្រូវក្នុងរឿងបាតុមួយនេះ។

លោក កឹម សុខា តែងប្រកាសជារឿយៗថា រាល់បាតុកម្មដែលខុសពីបាតុកម្មនៅទីលានប្រជាជធិបតេយ្យចាស់ មិនមែនជាការទទួលខុសត្រូវរបស់លោក និងអតីតគណបក្សសង្គ្រាជាតិនោះទេ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ចាន់ ចេន។

គួររម្លឹកបន្តិចថា កាលពីអំឡុងឆ្នាំ២០១៣ អតីតគណបក្សសង្គ្រោះជាតិ ដែលកាលនោះជាគណបក្សប្រឆាំងធំជាងគេ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើបាតុកម្មជាច្រើនខែនៅទីលានប្រជាធិបតេយ្យចាស់ក្បែរវត្តភ្នំ ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោតជាតិឆ្នាំ២០១៣។ កាលនោះ អតីតគណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការសន្លឹកឆ្នោតឡើងវិញ តែពុំបានសម្រេច ហើយចុងក្រោយថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងដ៏ធំនេះ ក៏សម្រេចចិត្តចូលធ្វើការក្នុងរដ្ឋសភា។

ត្រឡប់មកសំណុំរឿងរបស់លោក កឹម សុខា វិញ។ កាលពីសវនាការលើកទី៤៦ លោក កឹម សុខា ត្រូវបានតំណាងអយ្យការ ស្នើទៅក្រុមប្រឹក្សាជំនុំជម្រះ ឲ្យចាប់លោក បញ្ជូនទៅពន្ធនាគារវិញ ក្រោមហេតុផលថា លោក ជួបអ្នកគាំទ្រ ដែលផ្ទុយនឹងបម្រាមរបស់តុលាការ។ ក្រុមប្រឹក្សាជំនុំជម្រះ ពុំបានចាប់លោក បញ្ជូនទៅពន្ធនាគារនោះទេ តែបានព្រមានលោក កុំឲ្យធ្វើសកម្មភាពណា ដែលបំពានបម្រាមរបស់តុលាការតទៅទៀត។

លោក កឹម សុខា ត្រូវចោទប្រកាន់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ពីបទសន្ទិដ្ឋភាព ឬបទគប់គិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ឆ្លងកាត់សវនាការអស់៤៧លើក តុលាការ នៅមិនទាន់ធ្វើសេចក្តីសម្រេចលើលោកឡើយ៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com