អន្តរជាតិ
ក្រុងប៉េកាំង៖ សកម្មភាពនាវាល្បាតចិននៅក្បែរកោះDiaoyu គឺស្របច្បាប់
06, Jul 2022 , 2:59 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែកក្កដា។ រូបភាពយកពីក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែកក្កដា។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី៥ ខែកក្កដា បានលើកឡើងថា សកម្មភាពនាវាចិននៅក្បែរប្រជុំកោះDiaoyu ដែលជប៉ុនហៅ Senkaku ជារឿងស្របច្បាប់ និងជាការការពារអធិបតេយ្យរបស់ខ្លួន។ លោក Zhao បាននិយាយការពារថា កោះ Diaoyu និងកោះនៅក្បែរនោះ ជាផ្នែកមួយរបស់ចិន។

 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo នាវាល្បាតរបស់ចិនមួយគ្រឿង នៅថ្ងៃទី៤ ខែកក្កដា បានបើកក្បែរប្រជុំ Diaoyu ខណៈនាវាល្បាតចិនចំនួន ២គ្រឿង បានដេញតាមទូកនេសាទជប៉ុននៅដែនទឹកក្បែរប្រជុំកោះនោះ។ ជប៉ុន បានដាក់ការតវ៉ាយ៉ាងខ្លាំងជាមួយចិន។​ 
 
មួយថ្ងៃបន្ទាប់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានថ្លែងការពារថា សកម្មភាពនាវារបស់យោធាចិន នៅក្បែរប្រជុំកោះ Diaoyu គឺស្របច្បាប់។ 
 
«សកម្មភាពអនុវត្តច្បាប់របស់នាវាល្បាតចិន ទាក់ទិននឹងទូកនេសាទជប៉ុន គឺស្របច្បាប់ ក្នុងការការពារអធិបតេយ្យខ្លួន»។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានផ្តល់ចម្លើយបែបនេះ ទៅអ្នកសារព័ត៌មានដែលបានសួរ ជុំវិញវត្តមាននាវាល្បាតរបស់ចិននៅក្បែរប្រជុំកោះDiaoyu ឬជប៉ុនហៅ Senkaku ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែកក្កដា។ 
 
ទាក់ទិននឹងបញ្ហានេះ មន្រ្តីក្រសួងការបរទេសចិន បានបន្ថែមថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយ ទូកនេសាទរបស់ជប៉ុនតែងចូលមកក្នុងដែនទឹករបស់ចិន ក្បែរប្រជុំDiaoyu ជាច្រើនលើក ដោយខុសច្បាប់។ បើតាមលោក Zhao កោះ Diaoyu និងកោះក្បែរនោះ ជាផ្នែកមួយនៃដែនដីចិន។ 
 
សូមបញ្ជាក់ថា កោះ Senkaku ដែលគ្រប់គ្រងដោយជប៉ុនតាំងពីឆ្នាំ១៨៩៥ ត្រូវបានចិនទាមទារជាកម្មសិទ្ធិនៅឆ្នាំ១៩៧០ ដោយសម្អាងលើប្រវត្តិសាស្រ្ត។ ជាញយៗ ប្រទេសជិតខាងទាំងពីរ តែងប៉ះសម្តីគ្នាជុំវិញភាពជាកម្មសិទ្ធិលើប្រជុំកោះនោះ៕
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com