អន្តរជាតិ
ប្រធានធិបតីហ្វីលីពីនថ្មី៖ ទំនាក់ទំនងហ្វីលីពីនជាមួយចិនមិនមែនមានត្រឹមជម្លោះសមុទ្រចិនខាងត្បូងនោះទេ
06, Jul 2022 , 3:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ។ រូបថត AFP
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ។ រូបថត AFP
ប្រធានាធិបតីហ្វីលីពីនថ្មី Ferdinand Marcos Jr នៅថ្ងៃទី៥ ខែកក្កដា បានលើកឡើងថា លោក​មិន​ចង់ឱ្យទំនាក់ទំនងរវាងក្រុងម៉ានីល និងក្រុងប៉េកាំងវិលវល់ត្រឹមតែជម្លោះសមុទ្រចិន​ខាង​ត្បូង​នោះ​ឡើយ។​​ លោកក៏ចង់ឱ្យមានយន្តការពហុភាគីដោះស្រាយវិបត្តិមួយនេះ។

 
ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី៥ ខែកក្កដា ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr និយាយថា លោកនឹងព្យាយាមស្វែងរកផ្លូវផ្សេងៗដើម្បីដោះស្រាយបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង ហើយ​ក៏បើកផ្លូវ​សម្រាប់ការពង្រីកទំនាក់ទំនងជាមួយចិនទៅផ្នែកផ្សេងៗទៀតរួមទាំងការផ្លាស់ប្តូរ​សមយុទ្ធ​យោធាផង។ បើតាមលោក Marcos Jr ទំនាក់ទំនងរវាងហ្វីលីពីន និងអ្នកជិតខាងមួយនេះ មានច្រើនវិស័យទៀត។
 
«ពួកយើងមានទំនាក់ទំនងដែលមិនមែនមានតែមួយជ្រុងនោះឡើយ»។ លោក Marcos Jr សង្កត់ធ្ងន់ បែបនេះដោយចង់សំដៅលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាមួយរដ្ឋាភិបាលក្រុងប៉េកាំងក្រៅតែ​ពី​ការប្រឈមមុខដាក់គ្នាក្នុងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។
 
មេដឹកនាំហ្វីលីពីនរូបនេះបានបញ្ជាក់ថា​ ប្រទេសទាំងពីរត្រូវការការចូលរួមជាពហុភាគីដើម្បីដោះស្រាយជម្លោះ​ដូចជាការចូលរួមដោះស្រាយបញ្ហាជាមួយអាស៊ាន។ លោក Marcos Jr ដែលទើបស្បថចូលកាន់កាលពីចុងខែឧសភាក៏អះអាងថា មេដឹកនាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ក៏ដើរតួយ៉ាង​សំខាន់មួយ​ក្នុងបញ្ហាភូមិសាស្ត្រនយោបាយមួយនេះ​ផងដែរ។
 
លោក Marcos Jr បានព្យាយាមរក្សាតុល្យភាពរវាងមហាអំណាចអាម៉េរិកដែលជាសម្ព័ន្ធមិត្តចាស់វស្សា​ និងចិនដែលជាមហាអំណាចតំបន់ ដោយលោក​ប្ដេជ្ញា​បង្កើនទំនាក់ទំនង​ល្អក្នុងផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ក្រុងប៉េកាំង ខណៈរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាម៉េរិកក្នុងផ្នែកការពារជាតិ។ ប្រធានាធិបតី​ហ្វីលីពីនថ្មីរូបនេះក៏ធ្លាប់បានសន្យាថា នឹងប្ដេជ្ញា​ប្រកាន់​ជំហរ​រឹងប៉ឹង​ប្រឆាំង​នឹង​ការ​គំរាម​​ណាមួយ​ពី​ក្រុង​ប៉េកាំងដែលអាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់ហ្វីលីពីន៕
 
 

Tag:
 ហ្វីលីពីន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com