កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino ថា មានមោទកភាពដែលបានដឹកនាំ ​PSG បើទោះត្រូវបញ្ចប់តំណែង
06, Jul 2022 , 4:44 pm        
រូបភាព
លោក Mauricio Pochettino នាថ្ងៃទី៥ កក្កដា បានបង្ហាញអារម្មណ៍មានមោទកភាពដែលបានដឹកនាំការងារនៅក្រុម Paris Saint Germain ហើយបានចាកចេញក្នុងនាមជាម្ចាស់ជើងឯក Ligue 1 ក្រោយ ត្រូវក្លិបបញ្ចប់តំណែង។


ក្លិប PSG បានប្រកាសចែកផ្លូវជាមួយលោក Pochettino ហើយ កាលពីថ្ងៃទី៥ កក្កដា។ ក្រោយពេលប្រកាសមិនដល់១ម៉ោងផងនោះ ការតែងតាំងលោក Christophe Galtier បានកើតឡើង។ លោក Galtier អតីតគ្រូរបស់ក្រុម OGC Nice ទទួលបានកិច្ចសន្យា២រដូវកាល ជាមួយក្រុម PSG។ 
 
ទោះបីជួយ PSG ឈ្នះពានរង្វាន់លីគកំពូលបារាំងលើកទី១០ ប្រចាំប្រវត្តិសាស្ត្ររបស់ក្លិបក្តី តែក្រុមនេះ បានធ្លាក់ចេញពីពានរង្វាន់ Champions League ក្រោមថ្មីជើងរបស់ Real Madrid ដោយលទ្ធផល ៣-២ ត្រឹមវគ្គ១៦ក្រុមចុងក្រោយ កាលពីខែមីនា។ លទ្ធផលនេះ អាចជាហេតុផលដែលធ្វើឱ្យលោក Pchettino បាត់បង់កៅអីអ្នកចាត់ការក្រុម។
 
ក្រោយត្រូវក្លិបបញ្ចប់តំណែង លោក Pochettino បានសរសេរនៅលើបណ្តាញសង្គម Instagram ថា លោកមានមោទកភាពដែលក្លិបបានផ្តល់ឱកាសឱ្យដឹកនាំរយៈពេលកន្លងមក។ 
 
«ខ្ញុំចង់ជូនពរដល់អ្នកគ្រប់គ្នាដែលនៅ PSG ឱ្យទទួលបានជោគជ័យបន្ថែមទៀតនៅពេលអនាគត ម្ចាស់ក្លិប ក្រុមប្រឹក្សាប្រតិបត្តិ កីឡាករ និងបុគ្គលិកទាំងអស់។ ចំពោះលោក Nasser ខ្ញុំពិតជាចង់អរគុណលោក ដែលបានផ្តល់ឱកាសចូលរួមជាមួយគ្រួសារ PSG ម្តងទៀត ហើយខ្ញុំពិតជាមានមោទកភាពដែលបានបញ្ចប់ក្នុងនាមជាម្ចាស់ជើងឯក Ligue 1 ជាមួយក្លិប។»។ លោក ​Pochettino សរសេរបែបនេះ។
 
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដឹកនាំការងារនៅ PSG រយៈពេល ១៩ខែ បានជួយ PSG ឈ្នះពាន Ligue 1 ១លើក និងពាន French Cup ១លើក។
 
គួររំលឹកដែរថា មុនពេលប្រកាសចែកផ្លូវគ្នា លោក Nasser Al-Khelaifi ប្រធានក្លិប PSG ក៏ធ្លាប់បានប្រកាសម្តងរួចហើយថា ក្លិបបានតែទាក់ទងលោក Galtier ដែលជាគ្រូរបស់ក្រុម OGC Nice ដើម្បីមកជំនួសលោក Pochettino៕
 

Tag:
 Mauricio Pochettino
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com