ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអាជីវករ និងពាណិជ្ជករ ចូលរួមពិព័រណ៍ផលិតផលខ្មែរ នៅកោះពេជ្រ
06, Jul 2022 , 6:59 pm        
រូបភាព
សម្តេច ហ៊ុន សែន អញ្ជើញចូលរួមការតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០១៩ ។ រូបភាព ៖ SPM ។
សម្តេច ហ៊ុន សែន អញ្ជើញចូលរួមការតាំងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០១៩ ។ រូបភាព ៖ SPM ។
ដោយ : ធន់ សេងហុង 
 
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ កម្រិតអន្តរជាតិ ចាប់ពីថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ពិព័រណ៍នេះ មានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ​។


ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៦ខែកក្កដា បានជូនដំណឹងទៅដល់អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងសាធារណជនទូទៅ ដែលចំណាប់អារម្មណ៍ចង់ស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគ ឬមានគម្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា គួរតែចូលរួមព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាខាងមុខនេះ។ 
 
បើតាមក្រសួងពាណិជ្ជកម្ម ពិព័រណ៍នេះ មានគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ព្រឹត្តិការណ៍នេះក៏នឹងផ្តល់នូវកាលានុវត្តភាពថ្មី សម្រាប់តភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ។
 
ក្នុងការរៀបចំពិព័រណ៍នេះ ក្រសួងមានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជា សិក្ខា សាលាស្តីពីការជំរុញ សកម្មភាព ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដើម្បីជួយអភិវឌ្ឍន៍វិស័យឯកជនផងដែរ។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
 
ប្រសិនបើអ្នកវិនិយោគិន សហគ្រិន ផលិតករ ពាណិជ្ជករ  ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជានេះ ត្រូវទៅបំពេញបែបបទចូលរួម និងផ្ញើគម្រោងរបស់ខ្លួនមកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ៕
 

Tag:
 ពិព័រណ៍ ផលិតផលខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com