អន្តរជាតិ
លោក ប្រាយុទ្ធ ប្រាប់រដ្ឋមន្រ្តីការបរទេសចិនឱ្យបង្កើនការវិនិយោគនៅថៃ
06, Jul 2022 , 7:29 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) ជាមួយលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ នៅក្រុងបាងកក ថ្ងៃទី៥ ខែកក្កដា។ រូបភាព៖ Xinhua
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន (ខាងឆ្វេង) ជាមួយលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ នៅក្រុងបាងកក ថ្ងៃទី៥ ខែកក្កដា។ រូបភាព៖ Xinhua
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៥ ខែកក្កដា បានប្រាប់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ឱ្យជួយបង្កើនការវិនិយោគនៅថៃ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានបញ្ជាក់បែបនេះក្រោយជំនួបមេដឹកនាំនៅបាងកក។ មិនតែប៉ុណ្ណោះ លោក ប្រាយុទ្ធ ក៏បានអបអរចំពោះខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយផង។

 
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោកវ៉ាង យី ធ្វើទស្សនកិច្ចនៅថៃចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកក្កដា មុនទៅចូលរួមកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) នៅកោះបាលី ឥណ្ឌូណេស៊ី។ ប្រមុខការទូតចិនរូបនេះ ក៏បានជួបជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចាផង ដោយភាគីទាំងពីរបានជជែកពីបញ្ហាជាច្រើន រួមទាំងការវិនិយោគ។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ Thanakorn Wangboonkongchana ដែលផ្តល់ការសង្ខេបនៃជំនួបខាងលើ លោក ប្រាយុទ្ធ បានប្រាប់រដ្ឋមន្រ្តីការបរទេសចិន ឱ្យបង្កើនការវិនិយោគនៅថៃដែលមានទីតាំងដ៏ល្អសម្រាប់រោងចក្រ និងដំណើរការផលិតទំនិញ។ 
 
«លោកប្រាយុទ្ធ បានអញ្ជើញចិនឱ្យបង្កើនការវិនិយោគនៅថៃ»។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់បែបនេះ ដោយបញ្ជាក់ពីសម្តីរបស់លោកប្រាយុទ្ធបន្ថែមថា ច្រកសេដ្ឋកិច្ចភាគខាងកើត (EEC) បានត្រៀមជាស្រេចសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនចិន ដែលមានជំនាញក្នុងផ្នែករថយន្តអគ្គិសនី និងកសិ-ឧស្សាហកម្មជាដើម។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ច្រកសេដ្ឋកិច្ចភាគខាងកើត ជាតំបន់អភិវឌ្ឍពិសេស ដែលស្ថិតនៅក្នុងខេត្តភាគខាងកើតរបស់ថៃចំនួន៣ មានខេត្ត Chonburi, ខេត្ត Rayong និង ខេត្តChachoengsao។
 
បើតាមលោកប្រាយុទ្ធ ទំហំពាណិជ្ជកម្មទ្វេភាគី នៅចន្លោះខែមករា និងខែមេសា ឆ្នាំ២០២២ បានហក់ឡើង ២០ភាគរយ ដែលនេះជាការវិវដ្តប្រកបដោយភាពវិជ្ជមានមួយ។ ប្រមុខរដ្ឋាភិបាលថៃរូបនេះ ក៏បានអរគុណចិន ដែលបានជួយសម្រួលការដឹកជញ្ជូនទំនិញកសិកម្មថៃ ទៅក្នុងទីផ្សារចិនផងដែរ។ 
 
មិនតែប៉ុណ្ណោះ លោកមេដឹកនាំថៃ បានសរសើរពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងក្រុងប៉េកាំង-ក្រុងបាងកក និងសាទរពីខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបន្តថា ប្រមុខរដ្ឋាភិបាលថៃ និងប្រមុខការទូតចិន បានឯកភាពជាគោលការណ៍ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀត។ 
 
ចំណែកលោកវ៉ាង វិញ បានអះអាងថា ចិន និងថៃ មានការអភិវឌ្ឍទំនាក់ទំនងយ៉ាងល្អ និងមានស្ថិរភាព។ ដោយចាត់ទុកមិត្តភាពប្រទេសទាំងពីរជាគ្រួសារតែមួយ ប្រមុខការទូតចិន បានបន្ថែមថា​ ភាគីទាំងពីរ បានឯកភាពកំណត់ការកសាងសហគមន៍ថៃ-ចិន ដែលមានអនាគតរួមគ្នា និងរៀបចំជាមុនសម្រាប់អនាគតប្រកបដោយវិបុលភាព ស្ថិរភាព និងចីរភាព។
 
សូមបញ្ជាក់ថា ចិន ឈរនៅលំដាប់ទីពីរ បន្ទាប់ពីជប៉ុននៅក្នុងលំហូរវិនិយោគដោយផ្ទាល់ពីបរទេស ក្នុងឆ្នាំ២០២១។ ចិនមានទំហំវិនិយោគប្រមាណ ១ពាន់លានដុល្លារ សម្រាប់ ១១២គម្រោង ខណៈជប៉ុន បានវិនិយោគនៅថៃប្រមាណ ២,២ពាន់លានដុល្លារ លើ ១៧៨គម្រោង។ សិង្ហបុរីឈរនៅលេខរៀងទី៣ ដោយមានទំហំប្រមាណ ៨២៣លានដុល្លារ លើ៩៦គម្រោង៕ 
 

Tag:
 ថៃ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com