អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសអាម៉េរិក នឹងធ្វើទស្សនកិច្ចនៅថៃ ក្រោយជំនួបG20 នៅឥណ្ឌូណេស៊ី
06, Jul 2022 , 8:29 pm        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នឹងធ្វើទស្សនកិច្ចនៅកោះបាលី និងក្រុងបាងកកចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែកក្កដា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាម៉េរិក ចេញនៅថ្ងៃទី៥ ខែកក្កដា។ ក្នុងដំណើរទស្សនកិច្ចនៅថៃ លោកប្លីងខិន នឹងលើកយកប្រធានបទជាច្រើនដូចជា កិច្ចប្រជុំ APEC, វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងកិច្ចសហប្រតិបត្តិអាកាសធាតុ និងសុខភាពទៅពិភាក្សាជាមួយមេដឹកនាំប្រទេសអាស៊ីគ្នេយ៍មួយនេះ។

 
ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី៥ ខែកក្កដា បានសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នឹងធ្វើដំណើរទៅកោះបាលី ឥណ្ឌូណេស៊ី និងក្រុងបាងកក ថៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែកក្កដា។ នៅកោះបាលី លោកប្លីងខិន នឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) ដែលសមភាគីរុស្ស៊ី និងចិន ក៏ចូលរួមដែរ។ 
 
តាមសេចក្តីថ្លែងការណ៍ដដែលនេះ លោក ប្លីងខិន នឹងមានជំនួបទ្វេភាគីជាមួយសមភាគីឥណ្ឌូណេស៊ី លោកស្រី Retno Marsudi និងសមភាគីចិន លោក វ៉ាង យី នៅកោះបាលីផង។ បន្ទាប់ពីកិច្ចប្រជុំ G20 ប្រមុខការទូតអាម៉េរិក នឹងធ្វើទស្សនកិច្ចនៅថៃបន្ត។ 
 
«ក្នុងក្រុងបាងក លោករដ្ឋមន្រ្តី ប្លីងខិន នឹងជួបនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា និងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai»។ ក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់បែបនេះ ដោយបន្ថែមថា លោក ប្លីងខិន នឹងលើកបញ្ហាមួយចំនួនទៅពិភាក្សាជាមួយថ្នាក់ដឹកនាំថៃ ដូចជាភាពជោគជ័យនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC), កិច្ចសហប្រតិបត្តិការសុខភាព និងអាកាសធាតុ រួមទាំងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាផង។ 
 
មិនតែប៉ុណ្ណោះ ក្រសួងការបរទេស បានបន្ថែមថា សម្ព័ន្ធភាពថៃ-អាម៉េរិក គឺសំខាន់ណាស់សម្រាប់ពង្រឹងយុទ្ធសាស្រ្តអាស៊ី-ប៉ាស៊ីហ្វិកសេរី និងបើកចំហ, ការភ្ជាប់ទំនាក់ទំនង, វិ​បុលភាព និងការស្តារសេដ្ឋកិច្ចឡើងវិញ។ 
 
សូមបញ្ជាក់ថា ថៃ ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អាម៉េរិក។ នៅក្នុងឆ្នាំ២០០៣ ក្រុងវ៉ាស៊ីនតោន បានកំណត់ក្រុងបាងកកជាសម្ព័ន្ធមិត្ត ក្រៅពីសម្ព័ន្ធយោធាណាតូ៕
 

Tag:
 អាម៉េរិក
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com