ជាតិ
សង្គមជាតិ
រដ្ឋាករស្វយ័តដឹកជញ្ចូន បើកដំណើរការទូកដឹកអ្នកដំណើរឡើងវិញ ក្រោយផ្អាកដោយសារកូវីដ-១៩
07, Jul 2022 , 9:34 am        
រូបភាព
រូបភាពពី រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
រូបភាពពី រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
ដោយ៖ ហេង ស្រីលីន និង ហុង ស្រីណា

ភ្នំពេញ៖  រដ្ឋាករស្វយ័តដឹកជញ្ចូនភ្នំពេញ បើកដំណើរការទូកដឹកអ្នកដំណើរឡើងវិញ ក្រោយផ្អាកដោយសារកូវីដ-១៩។ ការដាក់ដំណើរការនេះ ដើម្បីបង្កើតសេវាដឹកជញ្ចូនសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែច្រើន។


 
តាមការជូនដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ចូន ប្រជាពលរដ្ឋដែលចង់ប្រើប្រាស់សេវាដឹកជញ្ចូនតាមផ្លូវទឹក(Taxi Boat) គឺអាចធ្វើដំណើពីស្ថានីយចំណតមួយ ទៅស្ថានីយចំណតមួយទៀតបាន ក្នុងតម្លៃត្រឹម២ពាន់រៀល ក្នុងមួយលើក។ ការធ្វើដំណើរតាមផ្លូវទឹកនេះ អាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ ដោយប្រើរយៈពេល១ម៉ោង ក្នុងចម្ងាយ២០គីឡូម៉ែត្រ។
 
លោក ឃ្លី នរៈ ប្រធានការិយាល័យរដ្ឋបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានលើកឡើងថា ការដាក់ដំណើរការសេវាដឹកជញ្ជូនតាមផ្លូវទឹកនេះ ក្នុងគោលបំណងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ អ្នកដំណើរ នឹងចំណេញពេលវេលា ប្រសិនបើពួកគេធ្វើដំណើរតាមផ្លូវទឹក។ 
 
ប្រធានការិយាល័យរដ្ឋបាលរូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖ «ក្នុងមួយថ្ងៃ អ្នកធ្វើដំណើរតាមរយៈ Taxi Boat មានត្រឹមចន្លោះពី៤០ ទៅ១០០នាក់ប៉ុណ្ណោះ។ ក្នុងនោះអ្នកដែលធ្វើដំណើរចំគោលដៅ គឺមានតិចជាងអ្នកធ្វើដំណើរកម្សាន្ត»។
 
សេវាដឹកជញ្ចូនតាមផ្លូវទឹកនេះ មានចំនួន៥កន្លែង ដូចជាស្ថានីយចំណតផែឫស្សីកែវ ផ្សារចាស់ ចតុមុខ ច្បារអំពៅ និងស្ថានីយចំណតផែតាខ្មៅ។ លោក នរៈ បន្ថែមថា មូលហេតុដែលជ្រើសរើសស្ថានីយចំណតចំនួន៥កន្លែងនេះ ដោយសារទីតាំងនោះសុទ្ធសឹងតែជាតំបន់គោលដៅទេសចរណ៍ និងមានមនុស្សធ្វើដំណើរច្រើន។ «បើទោះទូក (Taxi  Boat) មានតែ២គ្រឿងក្តី តែសង្ឃឹមថាប្រជាពលរដ្ឋ នឹងងាកមកធ្វើដំណើរតាមផ្លូវទឹកជំនួសផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយការកកស្ទះ និងកាត់បន្ថយការបំពុលបរិស្ថាន»។ លោក នរៈ បន្ថែម។
 
គួរបញ្ជាក់ដែរថា ការធ្វើដំណើរតាមរយៈសេវាសាធារណៈនេះ គឺមិនមានការបង់ប្រាក់ឡើយចំពោះ ព្រះសង្ឃ ជនពិការ សិស្សនិស្សិត មនុស្សចាស់មានអាយុចាប់ពី៧០ឆ្នាំឡើង កុមារកម្ពស់ក្រោម១ម៉ែត្រ កម្មកររោងចក្រ គ្រូបង្រៀន កីឡាករផងដែរ៕

Tag:
 រដ្ឋាករស្វយ័តដឹកជញ្ចូន
  TaxiBoat
© រក្សាសិទ្ធិដោយ thmeythmey.com