កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ចាប់ផ្ដើមពង្រឹងសមត្ថភាពមន្ដ្រី និងកីឡាករ
08, Jul 2022 , 9:29 am        
រូបភាព
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អំឡុងពេលចូលរួមប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម រូបពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា អំឡុងពេលចូលរួមប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម រូបពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ចាប់ផ្ដើមពង្រឹងរចនាសម្ព័ន្ធ ធនធានកីឡាករ និងគ្រូបង្វឹក ។ សហព័ន្ធ តម្រូវឲ្យក្រុមកីឡាករ និងកីឡាការិនី ចុះឈ្មោះនៅសហព័ន្ធ ដើម្បី ចូលជាសមាជិកពេញសិទ្ធ សម្រាប់ការទទួលបានសិទ្ធិប្រកួតនានា។


លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានប្រាប់សារព័ត៌ថ្មីៗតាមតេលេក្រាមថា ការចុះឈ្មោះនេះ ដើម្បីមានភាពងាយស្រួលដល់សហព័ន្ធ បានដឹងពីចំនួនក្រុមកីឡាករ ដែលមានកម្រិតល្អនៅកម្ពុជា។ ម្យ៉ាងវិញទៀត សហព័ន្ធ អាចដឹងពីក្រុម ដែលមានការវិវឌ្ឍ និងស្ថិតិក្រុម សម្រាប់កំណត់ការប្រកួតនានា ក្នុងប្រទេស។
 
«មួយរយៈនេះ មានក្រុមដែលលេងល្អៗជាច្រើន លើវិញ្ញាសាមួយចំនួន។ ដូចនេះ យើងចង់ឲ្យក្រុមទាំងនោះ ត្រូវបានទទួលស្គាល់ដោយសហព័ន្ធ។»។ លោក លន់ សាមឌី បានប្រាប់បែបនេះ។ 
អគ្គលេខាធិការរូបនេះ បានប្រាប់ពីលក្ខខណ្ឌដែលក្រុមទាំងនោះ ត្រូវចូលជាសមាជិកសហព័ន្ធ ថា ក្រុមត្រូវមានគ្រូបង្វឹក កីឡាករ និងរចនាសម្ព័នក្រុម និងមានគ្រប់លក្ខខណ្ឌ និងបែបបទរបស់សហព័ន្ធ។ មួយវិញទៀត អ្នកទាំងនោះ ត្រូវមានបទពិសោធន៍ប្រកួតផ្លូវការណាមួយ ដែលរៀបចំដោយសហព័ន្ធ កចាប់ពីឆ្នាំ២០២១មក ហើយត្រូវតែជាក្រុមដែលទទួលបានចំណាត់ ១៦ក្រុមចុងក្រោយ។
 
«ការទទួលស្គាល់ក្រុមកីឡាករនេះ មានអត្ថប្រយោជន៍ច្រើន សម្រាប់ការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិក ឆ្ពោះទៅមុខ ព្រោះយើងអាចដឹងពីស្ថិតិ ក្រុមដែលមានកីឡាករលេចធ្លោ លើវិញ្ញាសាណាខ្លះ។ ម្យ៉ាងវិញទៀត យើងអាចកោះប្រជុំពួកគាត់ ចូលរួមការអភិវឌ្ឍលើផ្នែកធនធានកីឡាករ បច្ចេកទេស និងការណែនាំនូវច្បាប់ទំលាប់ផ្សេងៗ ដើម្បីឲ្យវិស័យកីឡា E-sports នៅកម្ពុជា រីកចម្រើនទៅមុខ។»។ លោក លន់ សាមឌី បានពន្យល់បន្ថែមដូច្នេះ។
 
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤។  ដូចនេះ សហព័ន្ធ មានសិទ្ធដឹកនាំរាល់សកម្មភាព និងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកនៅក្នុងកម្ពុជា ជាពិសេសការដឹកនាំកីឡាករ ទៅប្រកួតនៅក្រៅប្រទេស៕
 

Tag:
 កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com