កីឡាអន្តរជាតិ
អន្តរជាតិ
Nadal បោះបង់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ដោយសាររបួស
08, Jul 2022 , 3:19 pm        
រូបភាព
ដោយសារបញ្ហារបួស Rafa Nadal នៅថ្ងៃទី៧ ខែកក្កដា សម្រេចចិត្តដកខ្លួនចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon ទល់នឹងកីឡាករអូស្ត្រាលី Nick Kyrgios។ Kyrgios ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់កម្រិត Grand Slam នៅប្រទេសអង់គ្លេសនេះដោយស្វ័យប្រវត្តិ។

 
«ខ្ញុំត្រូវតែដកខ្លួនចេញពីការប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រ ដោយសារខ្ញុំឈឺចុកចាប់ក្នុងពោះ»។ នេះជាការអះអាងរបស់ Nadal កីឡាករវាយកូនបាល់ដ៏ល្បីល្បាញ ដែលគ្រងជើងឯក Grand Slam ច្រើនជាងគេ ២២លើក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
កីឡាករអេស្ប៉ាញ វ័យ៣៦ឆ្នាំ បន្ថែមថារូបគេមិននឹកស្មានថាខ្លួនអាចឈ្នះពីរប្រកួតទាំងមានបញ្ហារបួសនេះផង។ «សម្រាប់ខ្ញុំ អ្វីដែលសំខាន់បំផុតគឺសុភមង្គល ជាជាងការឈ្នះពាន ទោះបីគ្រប់គ្នាដឹងថាខ្ញុំខំប្រឹងប៉ុណ្ណាក៏ដោយ ព្រោះខ្ញុំមិនអាចប្រថុយជីវិតនឹងការលេងកីឡាបានឡើយ។ ខ្ញុំ​សោក​ស្តាយ​ខ្លាំង​ណាស់ ហើយខ្ញុំត្រូវការពេលពីរទៅបីខែដើម្បីព្យាបាលជំងឺនះ»។
 
មុនចូលរួមប្រកួត Wimbledon ឆ្នាំ ២០២២ Nadal បានឈ្នះក្នុងព្រឹត្តិការណ៍ Australian Openនិង French Open ក្នុងឆ្នាំនេះរួចហើយ និងឈ្នះទាំងមានរបួសផងដែត។
 
ការ​ដក​ខ្លួន​របស់ Nadal មាន​ន័យ​ថា Kyrgios ក្លាយ​ជា​ជនជាតិ​អូស្ត្រាលី​ដំបូង​គេ​ ដែល​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រកីឡាវាយកូនបាល់​ផ្នែក​បុរស ​នៅគ្រប់ការប្រកួតនៅអង់គ្លេស ចាប់​តាំង​ពី កីឡាករ Mark Philippoussis ធ្វើបានលើកដំបូងក្នុង​ឆ្នាំ ២០០៣។ 
 
ម្ចាស់ការពារតំណែងជើងឯក Novak Djokovic និងកីឡាករអង់គ្លេស Cameron Norrie ត្រូវប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីប្រជែងគ្នាទៅជួប Kyrgios នៅវគ្គផ្តាច់ព្រ័ត្រ៕
 
 

Tag:
 Wimbledon
  Rafa Nadal
© រក្សាសិទ្ធិដោយ thmeythmey.com