អន្តរជាតិ
ទូរទស្សន៍ NHK៖ លោក អាបេ ស្លាប់ហើយ
08, Jul 2022 , 3:53 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ិនហ្សូ បានបាត់បង់ជីវិតហើយបន្ទាប់ពីរងរបួសធ្ងន់ធ្ងរដោយសារការបាញ់ប្រហារនៅថ្ងៃទី៨ ខែកក្កដា។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ NHK។



លោក អាបេ ជានាយករដ្ឋមន្រ្តីកាន់តំណែងយូរជាងគេរបស់ជប៉ុន។ លោកកាន់តំណែងម្ដងក្នុងឆ្នាំ២០០៦ និងម្ដងទៀតពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០។

លោក ត្រូវបានខ្មាន់កាំភ្លើងបាញ់អំឡុងការថ្លែងសុន្ទរកថាមួយនៅថ្ងៃទី៨ ខែកក្កដា ពេលកំពុងធ្វើយុទ្ធនាការនៅតំបន់ណារ៉ានៅភាគខាងលិចជប៉ុនសម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់។ លោកមានវ័យ ៦៧ឆ្នាំ។

បន្ទាប់ពីហេតុការណ៍នោះ ប៉ូលិស បានចាប់ខ្លួនជនសង្ស័យមួយរូប។ ប្រភពអ្នកស៊ើបអង្កេតបានប្រាប់ទូរទស្សន៍ NHK ថា កាំភ្លើង ដែលត្រូវបានដកហូតនៅកន្លែងកើតហេតុ ទំនងជាត្រូវបានផលិតដោយដៃ។
 
ទន្ទឹមនេះ ប៉ូលិសជប៉ុន បានប្រាប់ក្រុមស៊ើបអង្កេតថា ជនសង្ស័យដែលមានវ័យ ៤១ឆ្នាំ និងរស់នៅតំបន់ណារ៉ា បានសារភាព មិនពេញចិត្ត និងចង់សម្លាប់អតីតនាយករដ្ឋមន្រ្តីជប៉ុន។ មិនតែប៉ុណ្ណោះ ទូរទស្សន៍ដដែលដោយស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុន បានចុះផ្សាយថា ជនសង្ស័យ Yamagami Tetsuya ធ្លាប់ធ្វើការនៅកម្លាំងស្វ័យការពារជើងទឹកក្នុងរយៈពេល ៣ឆ្នាំរហូតដល់អំឡុងឆ្នាំ២០០៥។

© រក្សាសិទ្ធិដោយ thmeythmey.com