កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បណ្ដុះបណ្ដាលច្បាប់កីឡា ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងអត្តពលិក សម្រាប់ស៊ីហ្គេម២០២៣
08, Jul 2022 , 6:59 pm        
រូបភាព
សកម្មភាពហ្វឹកហាត់កីឡាវាយកូនគោល។ រូបពីសហព័ន្ធកីឡាវាយកូនគោលកម្ពុជា
សកម្មភាពហ្វឹកហាត់កីឡាវាយកូនគោល។ រូបពីសហព័ន្ធកីឡាវាយកូនគោលកម្ពុជា
សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលច្បាប់កីឡាវាយកូនគោល ដើម្បីធ្វើឲ្យបានល្អ សម្រាប់ព្រឹត្តិការណ៍កីឡាជាតិឆ្នាំ២០២២ និងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

 
ព្រឹត្តិការណ៍កីឡាជាតិ នាចុងឆ្នាំ២០២២ និងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានខិតជិតដល់ហើយ។ មុនពេលព្រឹត្តិការណ៍ទាំងនេះមកដល់ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលច្បាប់កីឡាវាយកូនគោល (Rules of Golf-Level 1) ដើម្បីជួយសម្រួល និងពង្រឹងសមត្ថភាពរបស់មន្ដ្រី និងកីឡាករ ក្នុងការប្រកួត។ ជាពិសេសយល់ដឹងពីវិន័យ និងលក្ខ័ន្ដិកក្នុងការប្រកួត។ 
 
លោក សួន វិសាល សមាជិកគណៈប្រតិបត្តិ​ និងជាមន្ត្រីលេខាធិការដ្ឋាន របស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា៖«សិក្ខាកាម ដែលបានបញ្ចប់វគ្គទី២ នឹងមានសមត្ថភាពគ្របគ្រាន់អាចធ្វើជាអាជ្ញាកណ្ដាល និងមន្ត្រីរៀបចំការប្រកួតបាន។ កីឡានេះ អាចមានភាពស្មុគស្មាញ ប្រសិនជាយើងមិនធ្វើតាមលក្ខន្ដិកប្រកួតទេ ទោះជាកីឡាករលេងបានល្អ ចូលបានល្អ ក៏ត្រូវធ្លាក់ពិន្ទុដែរ។»។
 
មន្ដ្រីលេខាធិការដ្ឋានរូបនេះ បន្ថែមថា ការបណ្ដុះបណ្ដាលវគ្គទី១ សិក្ខាកាមអាចបញ្ចប់បានដោយងាយស្រួល ព្រោះជាការសិក្សាតាមប្រព័ន្ធ Online និងសិក្សាលើមូលដ្ឋានគ្រឹះ នៃកីឡាវាយកូនគោលប៉ុណ្ណោះ។ សហព័ន្ធ ចាប់ផ្ដើមបើកវគ្គទី១ នាដើមខែកក្កដានេះ។ 
 
បើតាមលោក សួន វិសាល ក្រោយបញ្ចប់ការបណ្ដុះបណ្ដាលវគ្គទី១ហើយ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នឹងចាប់ផ្ដើមបណ្ដុះបណ្ដាលវគ្គទី២ នៅខែកញ្ញា។ ដូច្នេះសិក្ខាកាមទាំងអស់ ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គទី១សិន ទើបអាចចូលរៀនវគ្គទី២បាន។ «ប្រសិនជា សិក្ខាកាមបានបញ្ចប់វគ្គទី២ គឺពួកគេមានសមត្ថភាពគ្រប់គ្រាន់ អាចធ្វើជាអជ្ញាកណ្ដាលក្នុងការប្រកួតបាន»។ នេះបើតាមលោក វិសាល។
 
គួរបញ្ចាក់ផងដែរ ក្នុងការចូលរួមប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម កាលពីខែឧសភាកន្លងមក អត្ដពលិកកម្ពុជា មិនទទួលបានមេដាយ ក្នុងប្រភេទកីឡានេះទេ តែពួកគេបានបំបែកកំណត់ត្រាផ្ទាល់ខ្លួន៕
 

Tag:
 កីឡាវាយកូនគោល
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com