ជាតិ
សង្គមជាតិ
កុមារជនបទប្រឹងប្រែងហាត់សៀក និងប្រាថ្នាបង្ហាញទេពកោសល្យនៅឆាកអន្តរជាតិ
09, Jul 2022 , 8:59 am        
រូបភាព
សិស្សកំពុងហាត់រៀនសៀក នៅអង្គការហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង។
សិស្សកំពុងហាត់រៀនសៀក នៅអង្គការហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង។
បាត់ដំបង៖ អង្គការហ្វារពន្លឺសិល្បៈ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាថ្នាល់បណ្ដុះសិល្បករ ទាំងយុវជន និងកុមារ លើជំនាញសិល្បគំនូរ និងសៀកជាដើម។ នៅទីនេះ អង្គការបានផ្ដល់ឱកាសឱ្យកុមារា និងកុមារីមួយចំនួនហ្វឹកហាត់សៀក។



ដើម្បីជ្រាបច្បាស់សូម អញ្ជើញ លោក-អ្នក ទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 
អង្គការហ្វារពន្លឺសិល្បៈ ជាអង្គការក្រៅរដ្ឋាភិបាលមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយស្ថាបនិក៩រូប ដែលធ្លាប់រស់នៅក្នុងជំរំ សាយធូ (Site Two)។ អង្គការហ្វារពន្លឺសិល្បៈដែលមានមូលដ្ឋាននៅក្រុងបាត់ដំបង បានផ្ដល់ឱកាស និងបណ្ដុះបណ្ដាលកុមារ និងយុវជន ផ្នែកសិល្បៈ និងចំណេះដឹងទូទៅ។
 
នៅទីនេះសិស្សអាចរៀនជំនាញសិល្បៈជាច្រើនដូចជា  សៀក តន្ត្រី របាំ គូរគំនូរ គំនូរជីវចល សូនរូប  និងសិល្បៈផ្នែកកាយសម្ព័ន្ធដទៃទៀត។ ក្នុងបរិវេណអង្គការហ្វារពន្លឺសិល្បៈ មានអគារមួយ ដែលមានដំបូលបែបរចនាបថខ្មែរ ដោយសង់ទាបជាប់នឹងដី ព្រមទាំងមានគំនូរនាដកាត្រឹមក នោះគឺជាសាលាសៀក។
 
នៅវេលាម៉ោងប្រមាណជា១១ព្រឹក នៅក្រោមអគារសាលាសៀកនេះ មានបន្លឺសំឡេងភ្លេង ដែលត្រូវបានប្រគំដោយអ្នករៀនសៀកមួយក្រុម។ មានយុវជន និងកុមារប្រមាណជាង២០នាក់ កំពុងហ្វឹកហ្វឺនសៀក។  ហង្សសុផល លីនទ្រី ជាកុមារមួយរូប ក្នុងចំណោមកុមារប្រុសស្រីជាច្រើនរូបផ្សេងទៀត កំពុងហាត់សៀក។ លីនទ្រី បានមកហ្វឹកហាត់សៀកនៅទីនេះជាង៣ខែ ក្រោយប្ដូរទីលំនៅពីខេត្តបន្ទាយមានជ័យ។ និយាយសម្ដីលះៗច្បាស់ៗ លីនទ្រី ប្រាប់អ្នកសារព័ត៌មានថ្មីៗ ពីមូលហេតុខ្លួនមករៀនសៀកដូច្នេះ៖ «ពីព្រោះខ្ញុំចូលចិត្តតាំងពីយូរហើយ តែកាលមុនខ្ញុំចង់រៀនដែរ តែមិនដឹងរៀននៅណា។ និយាយទៅវាជាចំណូលចិត្តខ្ញុំតែម្ដង។ ហើយមួយឆ្នាំៗ មានកម្មវិធីច្រើន មានអាហារសម្រន់ និងប្រាក់ឧបត្ថម្ភផ្សេងៗ»។

កុមារា ហង្សសុផល លីនទ្រី។
 
មានអាយុ១៣ឆ្នាំ និងកំពុងសិក្សានៅថ្នាក់ទី៦ កុមារា លីនទ្រី តែងចំណាយពេល៤ម៉ោង ក្នុងមួយថ្ងៃ ក្នុងការហ្វឹកហាត់ បន្ទាប់ពីបញ្ចប់ម៉ោងសិក្សានៅសាលារៀន។ កុមារារូបនេះ ពេញចិត្ត ជាមួយការហ្វឹកហាត់របស់គេណាស់ និងមិនដែលចង់បោះបង់ចោលឡើយ បើទោះបីការហ្វឹកហាត់ ត្រូវជួបគ្រោះថ្នាក់ក៏ដោយ។
 
លីនទ្រីបន្តទៀតថា ការមកហ្វឹកហាត់នេះ ដំបូងឪពុកម្ដាយខ្លួន មានការស្ទាក់ស្ទើរ ដោយមានការព្រួយបារម្ភ ពីសុវត្ថិភាពខ្លួន ប៉ុន្តែដោយចិត្តស្រឡាញ់ និងយល់ឃើញថាការសម្ដែងសៀក អាចជួយផ្គត់ផ្គង់ការរស់នៅរបស់ខ្លួននាពេលអនាគត។
 
លីនទ្រី សុំការអនុញ្ញាតពីអាណាព្យាបាលខ្លួន រហូតពួកគាត់យល់ព្រម។  លីនទ្រី រៀបរាប់ដូច្នេះ៖ «(រៀនសៀក)មានប្រយោជន៍ មានអី សម្រាប់ថ្ងៃខាងមុខ អាចរៀនចប់មកសម្ដែង។ យើងកុំទុកវេលាចោល យើងរៀន ឱ្យមានចំណេះដឹង ពេលមានការសម្ដែងអ៊ីចឹង យកមកសម្ដែង យកថវិកា»។
 
សំ ណារ៉ុង ជាកុមារាមួយរូបទៀត ដែលកំពុងហ្វឹកហាត់សៀក ក្នុងអង្គការហ្វារពន្លឺសិល្បៈ។ ប្រមាណពីរឆ្នាំហើយ ដែលកុមារា ណារ៉ុង បានហាត់រៀនសៀក បន្ទាប់ពីការសិក្សាចំណេះដឹងទូទៅនៅសាលារៀន។ ជាសិស្សកំពុងសិក្សាថ្នាក់ទី៦ ណារ៉ុង ប្រាប់ថា មូលហេតុដែលខ្លួនមករៀនសៀក ដោយសារខ្លួនចូលចិត្តផ្នែកសៀកនេះ។

កុមារា សំ ណារ៉ុង ។
 
បើតាមណារ៉ុង ការរៀនសៀកនេះ មិនមានជារឿងងាយ ស្រួលប៉ុន្មានឡើយសម្រាប់ខ្លួន ដោយត្រូវជួបឧបសគ្គមួយចំនួន ជៀសមិនផុតឡើយ។ ប៉ុន្តែទោះបីបែបនេះ ក៏ដោយក៏កុមារា រូបនេះមិនបោះបង់ក្ដីស្រមៃខ្លួនឡើយ ដើម្បីក្លាយជាអ្នកសម្ដែងសៀកស្ទាត់ជំនាញមួយរូប។  ក្ដីប្រាថ្នា របស់ ណារ៉ុង គឺចង់សម្ដែងលើឆាកអន្តរជាតិ។ កុមារាវ័យ១៣ឆ្នាំរូបនេះ និយាយដូច្នេះ៖ «ចង់ទៅ(សម្ដែង)នៅក្រៅប្រទេស ដើម្បីសម្ដែងពីស្នាដៃយើង និងពីប្រទេសទៀតយើង»។ 
 
មានជំនក់ចិត្ត ផ្នែកសៀកដែរនោះ សៀង ចាន់ឧត្ដមមុនី បានមកចូលរួមសៀក នៅអង្គការហ្វារពន្លឺសិល្បៈ ប្រហែល២ឆ្នាំហើយ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមគ្រួសារ។  សម្រាប់ ចាន់ឧត្ដមមុនី ការរៀនសៀក មិនសូវជួបផលវិបាកខ្លាំងឡើយ។ កុមារាវ័យ១៣ឆ្នាំ និង កំពុងសិក្សាថ្នាក់ទី៦រូបនេះ រៀបរាប់ដូច្នេះ៖ «អត់សូវពិបាកទេ! ព្រោះអីខ្ញុំមើលគេ ហាត់យកចិត្តទុកដាក់ និងមើលគេ ហើយពេលគេពន្យល់ទៅស្ដាប់»។  សម្រាប់ថ្ងៃអនាគត កុមារាសម្បុរស្រអែមរូបនេះ ចង់បង្ហាញសមត្ថភាពរបស់ខ្លួននៅលើឆាកជាតិ ក៏ដូចជាឆាកអន្តរជាតិ និងគោលបំណងធំរបស់ខ្លួន ចង់ក្លាយជាគ្រូបង្វឹកសៀក។

កុមារា សៀង ចាន់ឧត្ដមមុនី ។
 
ដោយឡែក លោក ធូ សុវណ្ណ វិញ ជាគ្រូបង្ហាត់សៀក និង បង្ហាត់រាំ Hip Hop មួយរូប នៅអង្គការហ្វារពន្លឺសិល្បៈ បានប្រាប់ថា បច្ចុប្បន្ននៅទីនេះ មានកុមារប្រមាណជា ៤០នាក់ប៉ុណ្ណោះ ដែលកំពុងហ្វឹកហាត់សៀក ខណៈមុនការរីករាលដាលនៃជំងឺកូវីដ-១៩ មានសិស្សហ្វឹកហាត់រាប់រយនាក់ឯណោះ។

លោក ធូ សុវណ្ណ គ្រូបង្ហាត់សៀក និង បង្ហាត់រាំ Hip Hop នៅអង្គការហ្វារពន្លឺសិល្បៈ។ 
 
បើតាមសម្ដីរបស់ លោក សុវណ្ណ កុមារ ដែលមកហាត់រៀនសៀក នៅអង្គការហ្វារពន្លឺសិល្បៈ មានអាយុចាប់បី១៥ឆ្នាំចុះ ហើយពួកគាត់ភាគច្រើន គ្រួសារមានជីវភាពខ្សត់ខ្សោយ។ លោកពន្យល់ទៀតថា៖ «ពួកគាត់មកតាមគ្រួសារ ហើយពួកគាត់រៀនសៀក នៅនេះហើយ គាត់រៀននៅសាលារដ្ឋទៀត។ បច្ចុប្បន្ននេះ យើងមាន២ថ្នាក់ គឺមានថ្នាក់ព្រឹក និងថ្នាក់ថ្ងៃ សម្រាប់ពួកគាត់រវល់រៀនរដ្ឋព្រឹក អាចមកហាត់ថ្ងៃ។ សម្រាប់ពួកគាត់រវល់រៀនថ្ងៃ ពួកគាត់អាចមកហាត់រៀនព្រឹកបាន»៕
 

Tag:
 ហ្វារពន្លឺសិល្បៈ
  សិស្សសៀក
© រក្សាសិទ្ធិដោយ thmeythmey.com