អន្តរជាតិ
មេដឹកនាំពិភពលោក បង្ហាញការសោកស្ដាយចំពោះមរណភាពលោក អាបេ
08, Jul 2022 , 4:59 pm        
រូបភាព
បណ្ដាមេដឹកនាំពិភពលោក នាំគ្នាបង្ហោះសារសោកស្ដាយចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ិនហ្សូ ដែលត្រូវបានធ្វើឃាតនៅថ្ងៃទី៨ ខែកក្កដា។ លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់អំឡុងសុន្ទរកថានៅខេត្តណារ៉ា។

 
ភា្លមៗបន្ទាប់ពីទទួលដំណឹងមរណភាពរបស់លោក អាបេ ស៊ិនហ្សូ នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី បានសរសេរសារសោកស្ដាយលើបណ្ដាញសង្គម Twitter របស់លោក ជាមួយនឹងការប្រកាសកាន់ទោសមួយថ្ងៃនៅថ្ងៃទី៩ ខែកក្កដា។
 
ចំណែកនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន លើកឡើងថា លោក អាបេ ស្ថិតក្នុងចំណោមមេដឹកនាំបរទេសមុនគេ ដែលលោកស្រីបានជួបពេលក្លាយជានាយករដ្ឋមន្រ្តីនូវែលសេឡង់។ លោកស្រីចាត់ទុកការធ្វើឃាតលោក អាបេ ជាហេតុការណ៍ដែលធ្វើឱ្យរញ្ជួយពិភពលោក។
 
ឯវិមានក្រេមឡាំងវិញ ក៏មិននៅស្ងៀមដែរ ទោះរុស្ស៊ីមិនត្រូវគ្នាជាមួយជប៉ុនរឿងអ៊ុយក្រែនក្ដី។ វិមានក្រេមឡាំងចាត់ទុកលោក អាបេ ជាអ្នកស្នេហាជាតិមួយរូបរបស់ជប៉ុន។
 
លោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន ប្រធានគណៈកម្មការអឺរ៉ុប ហៅការបាញ់ប្រហារនេះជាទង្វើកំសាក។
 
បន្ថែមពីលើនេះ នាយករដ្ឋមន្រ្តីចាំផ្ទះអង់គ្លេស បូរីស ចនសុន សរសើរលោក អាបេ ជាមេដឹកនាំពិភពលោក៕
 
 
 

Tag:
 ជប៉ុន
  អាបេ ស៊ិនហ្សូ
© រក្សាសិទ្ធិដោយ thmeythmey.com