អន្តរជាតិ
ជប៉ុន៖ លោកអាបេស្លាប់ដោយបាត់បង់ឈាម ក្រោយសរសៃឈាមត្រូវបានបំផ្លាញដោយគ្រាប់កាំភ្លើង
09, Jul 2022 , 12:29 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ។ រូបភាព៖ AFP
អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ។ រូបភាព៖ AFP
ប៉ូលិសជប៉ុន បានអះអាងថា អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ បានបាត់បង់ជីវិត ដោយសារការបាត់បង់ឈាម ក្រោយសរសៃឈាម នៅផ្នែកខាងក្រោមឆ្អឹងដងកាំបិត ត្រូវបានបំផ្លាញ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK នៅថ្ងៃទី៩ ខែកក្កដា។

 
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ប៉ូលិសជប៉ុន បានដឹកនាំការវះកាត់សាកសពរបស់លោក លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងការពិនិត្យមើលនោះ ប៉ូលិសជប៉ុន បានអះអាងថា គ្រាប់កាំភ្លើងមួយគ្រាប់ ត្រូវបានបាញ់ត្រូវដៃឆ្វេងផ្នែកខាងលើ និងបានបំផ្លាញសរសៃឈាម ក្រោមឆ្អឹងដងកាំបិត។ បើតាមប៉ូលិសជប៉ុន បានបាញ់កាំភ្លើង  ក្នុងចម្ងាយជិត ក្នុងចេតនាចង់សម្លាប់លោកអាបេ។ 
 
តាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុនNHK ជនសង្ស័យ លោក Yamagami Tetsuya បានសារភាពថា ខ្លួនមានគំនុំជាមួយអង្គការមួយ ដែលជឿថា លោកអាបេមានពាក់ព័ន្ធនឹងអង្គការនោះ។ ជនសង្ស័យ Yamagami បានប្រាប់ប៉ូលិសជប៉ុនថា ម្តាយរបស់លោក បានបរិច្ចាគលុយជាច្រើនទៅអង្គការនោះ ដែលបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរនៅក្នុងគ្រួសារ។
 
ទន្ទឹមនេះ ខ្មាន់កាំភ្លើងបានបន្តថា លោកបានដឹងពីវត្តមានរបស់លោកអាបេនៅតំបន់ណារ៉ា តាមរយៈអ៊ីនធឺណិត ហើយលោកបានជិះរថភ្លើងមក។ បន្ទាប់ពីស៊ើបដឹងពីកន្លែងស្នាក់នៅរបស់ខ្មាន់កាំភ្លើង ប៉ូលិសជប៉ុនរឹបអូសកាំភ្លើងកែច្នៃជាដែក និងឈើ ដែលមានសណ្ឋានដូចកាំភ្លើងយកទៅវាយប្រហារលើលោកអាបេ៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com