អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសអាស៊ាន៖ អាបេ ជាមិត្តជាទីស្រលាញ់រាប់អានដ៏ប្រពៃរបស់អាស៊ាន
09, Jul 2022 , 2:29 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ។ រូបភាព៖ AFP
អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៊ិនហ្សូ។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៩ ខែកក្កដា បានសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដោយសារការបាញ់ប្រហារនៅតំបន់ណារ៉ា ក្នុងថ្ងៃទី៨ ខែកក្កដា។

 
មរណភាពរបស់លោក លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានធ្វើឱ្យមេដឹកនាំ មន្រ្តីជាន់ខ្ពស់ និងប្រជាជននៃបណ្តាប្រទេសជាច្រើន ចូលរួមរំលែកទុក្ខចំពោះរដ្ឋាភិបាលជប៉ុន និងគ្រួសារ។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងថ្ងៃទី៩ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបង្ហាញពីក្តីរន្ធត់ និងសោកសៅ ចំពោះការបាញ់សម្លាប់លើលោកអាបេ។ 
 
«យើងទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសាររបស់ឯកឧត្តមអតីតនាយករដ្ឋមន្រ្តី អាបេ ស៊ិនហ្សូ ដែលជាមិត្តជាទីស្រលាញរាប់អានដ៏ប្រពៃរបស់អាស៊ាន»។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបញ្ជាក់បែបនេះ ដោយចាត់ទុកការបាញ់ប្រហារនោះ ជាទង្វើដែលមិនអាចដោះសារបាន។ 
 
លោកអាបេ ត្រូវបានខ្មាន់កាំភ្លើង បាញ់នៅថ្ងៃទី៨ ខែកក្កដា នាតំបន់ណារ៉ា។ ប៉ូលិសជប៉ុន បានអះអាងថា គ្រាប់កាំភ្លើងមួយគ្រាប់ ត្រូវបានបាញ់ត្រូវដៃឆ្វេងផ្នែកខាងលើ និងបានបំផ្លាញសរសៃឈាម ក្រោមឆ្អឹងដងកាំបិត ដែលធ្វើឱ្យអតីតនាយករដ្ឋមន្រ្តីរូបនេះ បាត់បង់ឈាមខ្លាំង។ 
 
តាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុនNHK ជនសង្ស័យ លោក Yamagami Tetsuya បានសារភាពថា ខ្លួនមានគំនុំជាមួយអង្គការមួយ ដែលជឿថា លោកអាបេមានពាក់ព័ន្ធនឹងអង្គការនោះ។ ជនសង្ស័យ Yamagami បានប្រាប់ប៉ូលិសជប៉ុនថា ម្តាយរបស់លោក បានបរិច្ចាគលុយជាច្រើនទៅអង្គការនោះ ដែលបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរនៅក្នុងគ្រួសារ។ 
 
ពេលនេះ សាកសពរបស់លោកអាបេ ត្រូវបានបញ្ជូនទៅដល់ផ្ទះ នៅក្នុងក្រុងតូក្យូហើយ៕ 
 

Tag:
 អាស៊ាន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com