កីឡាជាតិ
ជាតិ
AFF សុំទោសកម្ពុជា ករណីអាជ្ញាកណ្ដាលមិនទទួលស្គាល់គ្រាប់បាល់ នាជំនួបជាមួយឡាវ
09, Jul 2022 , 5:29 pm        
រូបភាព
រូបបាល់ដែលលោតធ្លាក់ពីចុះ បន្ទាប់ពីត្រូវរបាទី រូបពីVDO សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបបាល់ដែលលោតធ្លាក់ពីចុះ បន្ទាប់ពីត្រូវរបាទី រូបពីVDO សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
កាលពីរសៀលថ្ងៃទី៨ ខែកក្កដា សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (Asean Football Federation ឬហៅកាត់ AFF) ចេញលិខិតឆ្លើយតបទាំងសោកស្ដាយ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (Football Federation of Cambodia ឬហៅកាត់ FFC) ដោយសារកំហុសអាជ្ញាកណ្ដាល ក្នុងការមិនទទួលស្គាល់គ្រាប់បាល់របស់កម្ពុជា នៅនាទី៧៦ ក្នុងការប្រកួតជាមួយជម្រើសជាតិឡាវ កាលពីថ្ងៃទី៧ ខែកក្កដា នៃពានរង្វាន់ AFF U-19 Championship ក្នុងកីឡដ្ឋាន Madya Senayan នៅប្រទេសឥណ្ឌូណេស៊ី។


 
នៅនាទី៧៦ កីឡាករ ហាវ សុខនេត្រ បានស៊ុតបញ្ចូលទី ឡាវ តែគ្រាប់បាល់នោះមិនត្រូវបានទទួលស្គាល់ទេ ដោយត្រូវរបាទី រួចធ្លាក់មកក្រោម ដោយសម្លឹងមើលពីចម្ងាយមិនអាចដឹងថាចូលទីនោះទេ។ ក្រោយពេលមើលVDO សារឡើងវិញទើបឃើញថាគ្រាប់បាល់នោះចូលទៅក្នុងទីហើយ ដោយផុតខ្សែគំនូសឈរខាងក្នុងរបស់អ្នកចាំទី តែបន្ដិច។
 
យោងតាមច្បាប់ទី៥ (អាជ្ញាកណ្តាល) ចំណុចទី២ (ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល) នៅក្នុងច្បាប់នៃការប្រកួតកីឡាបាល់ទាត់ (Laws of the Game) ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលគឺជាការសម្រេចចុងក្រោយដោយមិនអាចផ្លាស់ប្តូរបន្ទាប់ពីចប់ការប្រកួតបានទេ។

លិខិតចូលរួមសោកស្ដាយ ដោយ Asean Football Federation រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
 
ក្រោយបញ្ចប់ការប្រកួត FFC បានរៀបចំលិខិតតវ៉ាចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល លោក Aprisman Aranda។ បន្ទាប់ពីទទួលបានបណ្ដឹងតវ៉ា AFF បានចេញលិខិតឆ្លើយតបទាំងមានការសោកស្ដាយ ចំពោះកំហុសបច្ចេកទេសនេះ។ មន្ដ្រីសហព័ន្ធបាល់ទាត់កម្ពុជាមួយរូប មិនបញ្ចេញឈ្មោះបានប្រាប់ថា៖« នឹងមានការពិន័យដល់អាជ្ញាកណ្ដាលរូបនោះ ចំពោះកំហុសនេះ ប៉ុន្ដែចំពោះការអនុវត្ដបែបណានោះ យើងមិនអាចដឹងបានទេ ព្រោះជាបញ្ហាផ្ទៃក្នុងរបស់ស្ថាប័ន។»។
 
កាលប្រកួតនៅថ្ងៃទី៧ ខែកក្កដា កម្ពុជា ចាញ់ឡាវ ២-១។ ឡាវ មាន៦ពិន្ទុ ឈរលេខ១ បណ្ដោះអាសន្ននៅក្នុងពូល B ខណៈកម្ពុជា ក្រោយចាញ់ឡាវ ឈរលេខ៣ និងប្រឈមមុខក្នុងការធ្លាក់ចេញត្រឹមវគ្គចែកពូលនេះ។ ប្រសិន គ្រាប់បាល់នៅនាទី៧៦ បានរាប់បញ្ចូល កម្ពុជា អាចតាមស្មើ ឡាវ នឹងអាចឈលេខ២ នៅក្នុងពូល។ ការប្រកួតចុងក្រោយ របស់ U-19 កម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ជាមួយ ទីម័រខាងកើត៕
 
 

Tag:
 បាល់ទាត់
  AFF
  AFF U-19 Championship
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com