អន្តរជាតិ
បក្សកាន់អំណាចជប៉ុន ឈ្នះកៅអីភាគច្រើនក្នងការបោះឆ្នោតសភាជាន់ខ្ពស់ បន្ទាប់ពីមរណភាពលោក អាបេ
11, Jul 2022 , 3:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ។ រូបភាព៖ AFP
បក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចនៅជប៉ុន បានទទួលសំឡេងគាំទ្រភាគច្រើននៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នាថ្ងៃទី១០ ខែកក្កដា ពោលគឺពីរថ្ងៃក្រោយករណីបាញ់សម្លាប់លោកអាបេ នៅតំបន់ណារ៉ា។ ការទទួលបានសំឡេងដ៏ច្រើននេះ នឹងបើកផ្លូវឱ្យបក្សកាន់អំណាចជប៉ុន អាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពដែលមិនធ្លាប់កែប្រែ ចាប់តាំងពីបញ្ចប់សង្រ្គាមលោកលើកទីពីរ។

 
ជប៉ុន នៅថ្ងៃទី១០ ខែកក្កដា បានរៀបចំការបោះឆ្នោតសភាជាន់ខ្ពស់ ក្រោយរយៈពេលពីរថ្ងៃ ដែលលោកអាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន និងអតីតប្រធានបក្សប្រជាធិបតេយ្យសេរី ត្រូវបាញ់សម្លាប់។ 
 
សមាជិកសភាជាន់ខ្ពស់មានអាណត្តិ ៦ឆ្នាំ។ ការបោះឆ្នោតជ្រើសសមាជិកសភាជាន់ខ្ពស់ ធ្វើឡើងរយៈពេល ៣ឆ្នាំម្តង សម្រាប់សមាជិកសភាជាន់ខ្ពស់ពាក់កណ្តាល ហើយសមាជិកពាក់កណ្តាលទៀត នឹងបោះឆ្នោតនៅ ៣ឆ្នាំក្រោយ។ កៅអីសរុបនៅក្នុងសភាជាន់ខ្ពស់មានចំនួន ២៤៨កៅអី។ ក្នុងការបោះឆ្នោតលើកនេះ កៅអី១២៥ ត្រូវដាក់ឱ្យប្រជែង ដោយកៅអីមួយ ជាកៅអីទំនេរ។
 
តាមលទ្ធផលបឋម បក្សប្រជាធិបតេយ្យសេរី ដែលមាននាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ជាប្រធាន ទទួលបានកៅអីចំនួន៦៣ នៃចំនួន១២៥កៅអី ។ បូករួមជាមួយបក្សKomeito សម្ព័ន្ធកាន់អំណាចជប៉ុន ទទួលបានចំនួន៧៦កៅអី ខណៈបក្សប្រឆាំងទទួលបាន ៤៩សំឡេង នៃ១២៥ កៅអីសម្រាប់ការបោះឆ្នោតលើកនេះ។ 
 
ការទទួលបានសំឡេងភាគច្រើននៃសម្ព័ន្ធកាន់អំណាចនៅក្នុងសភាជាន់ខ្ពស់ នឹងបើកផ្លូវឱ្យជប៉ុនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ខ្លួន ស្របពេលប្រទេសមួយនេះ កំពុងប្រឈមបញ្ហាជាច្រើនដូចជាសង្រ្គាមនៅអ៊ុយក្រែន និងការបង្កើនឥទ្ធិពលចិននៅក្នុងតំបន់។ 
 
ពីទីស្នាក់ការកណ្តាលទីក្រុងតូក្យូបន្ទាប់ពីលទ្ធផលឆ្នោតត្រូវបានប្រកាសនៅយប់ថ្ងៃទី១០ ខែកក្កដា លោក គីស៊ីដា បានសន្យាជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ បើតាមប្រមុខរដ្ឋាភិបាលរូបនេះ ជប៉ុននឹងពង្រឹងការជជែកដេញដោលលើរដ្ឋធម្មនុញ្ញបន្ថែមទៀត ដើម្បីឱ្យសំណើកែប្រែរដ្ឋធម្មនុញ្ញច្បាស់លាស់មួយអាចសម្រេចបាន។ មិនតែប៉ុណ្ណោះ លោក គីស៊ីដា បានសន្យាការពារប្រជាធិបតេយ្យពីអំពើហិង្សាផង។ ការលើកឡើងរបស់មេដឹកនាំជប៉ុនរូបនេះ ទំនងសំដៅដល់ករណីបាញ់សម្លាប់លោកអាបេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
សមាជិកសភាជាន់ខ្ពស់ជប៉ុន ត្រូវចែកជា២ក្រុមដោយសមាជិកសភាមួយក្រុមគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញ និងមួយក្រុមទៀតប្រឆាំង។ ក្រុមគាំទ្រធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មានដូចជាសម្ព័ន្ធកាន់អំណាចបក្ស LDP-Komeito រួមជាមួយបក្សប្រឆាំងពីរទៀត។ កៅអីសរុបនៃក្រុមគាំទ្ររដ្ឋធម្មនុញ្ញមានចំនួន១៧៩កៅអី ដែលបានពីការបូកនៃកៅអីចំនួន ៨០ ទៀតរបស់បក្សទាំង៤ ដែលមាននៅក្នុងសភាជាន់ខ្ពស់ស្រាប់។ 
 
សំឡេង១៧៩នេះ គឺលើសពីសំឡេង ២ភាគ៣ ឬ១៦៦កៅអី នៃសភាជាន់ខ្ពស់ ដែលទាមទារសម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ បក្សប្រជាធិបតេយ្យសេរីមានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបស្រាប់។ ដូច្នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសល់ពីសង្រ្គាមលោកលើកទីពីរ និងហាមឃាត់ជប៉ុនមិនឱ្យមានកម្លាំងទ័ព អាចនឹងទៅរួច៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com